ប្រមុខការទូត Mike Pompeo កាលពីថ្ងៃទី ១៣ ខែមិថុនានេះនិយាយថា អាមេរិកសង្ឃឹមថា កូរ៉េខាងជើងអាចរំសាយនុយក្លេអ៊ែរ”មួយផ្នែកធំ” ក្នុងអំឡុងពេល ២ឆ្នាំ កន្លះខាងមុខ។
កូរ៉េខាងជើង បំផ្លាញទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri កាលពីថ្ងៃទី ២៤ ខែឧសភា ។
សេចក្តីប្រកាសនេះ ត្រូវបានលើកឡើងបន្ទាប់ពីជំនួបកំពូលរវាងអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរីបានបញ្ចប់មួយថ្ងៃប៉ុណ្ណោះ ។
ប្រមុខការទូតអាមេរិក ក៏បានបង្ហើបអំពីសេចក្តីថ្លែងការណ៍រួមរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង មិនរួមបញ្ចូលនូវអ្វីៗទាំងអស់ ដែលត្រូវបានភាគីទាំងសងខាងឯកភាពគ្នាឡើយ ។ ប្រការនេះក៏មានន័យថា នៅមានកិច្ចការជាច្រើនទៀត និងត្រូវធ្វើមុនពេលភាគីទាំងសងខាងវិលត្រឡប់មកតុចរចាជាបន្ទាប់ ។
ទន្ទឹមនោះលោក Pompeo ក៏បានសម្តែងជំនឿទុកចិត្តថា អាមេរិកនឹងចាប់ផ្តើមជំនួបបន្តទៀតជាមួយកូរ៉េខាងជើង ។ នៅអំឡុង “សប្តាហ៍ក្រោយ” ។
យ៉ាងនេះក្តី លោកក៏បានព្រមានជាមុនថា ប្រធានាធិបតីត្រាំអាចនឹងតភ្ជាប់សមយុទ្ធជាមួយនឹងកូរ៉េខាងត្បូងឡើងវិញ ប្រសិនបើកូរ៉េខាងជើងមិនបង្ហាញសុឆន្ទៈក្នុងការចរចាទេនោះ ។
នៅថ្ងៃដដែលនេះ តាមរយៈបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសថា ៖ “បច្ចុប្បន្នលែងមានគ្រោះគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតហើយ ហើយមនុស្សគ្រប់រូបអាចទទួលអារម្មណ៍ថា មានសុវត្ថិភាពជាងមុន ៕ សូយន