ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានចាប់ខ្លួនឧកញ៉ា ជួប ចាន់ ម្ដងទៀតតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនិងករណីជំពាក់លុយដល់ទៅជាង៣លានដុល្លារ កាលពីល្ងាចថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០១៧។
ហេតុអ្វីព្រះរាជអាជ្ញាសម្រេចឱ្យចាប់ខ្លួនរួចក្រោយមកសម្រេចឱ្យដោះលែងលោកឧកញ៉ាជួប ច័ន្ទ ឱ្យមានសេរីភាពវិញម្តងហើយម្តងទៀត។ ឥឡូវចេញដីកាឱ្យចាប់វិញច្បាប់ដូចជាលេងសើចពេកហើយ។អ្នករិះគន់ខ្លះចោទថាបញ្ជាឱ្យចាប់ក៏យកលុយបញ្ជាឱ្យដោះលែងក៏យកលុយ ។
គួររំលឹកថា កន្លងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ១៤កញ្ញា ឆ្នាំ២០១៧កន្លងទៅបានសម្រេចដោះលែងឱ្យឧកញ៉ាជួប ច័ន្ទ មានសេរីភាព ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីលោកព្រះរាជអាជ្ញាយល់ឃើញថា សែកមួយសន្លឹកតម្លៃ១លានដុល្លារដែលភាគីដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលប់ជាស្វ័យប្រវត្តិដោយដីការក្សាការពារមួយរួចទៅហើយ ។
រឿងក្ដីនេះលោក ស៊ីន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោកឧកញ៉ា ជួប ច័ន្ទ តាំងពីល្ងាចថ្ងៃទី ១៣កញ្ញា មកម្ល៉េះ ក្រោយពីនគបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនពាក់ពន្ធការចេញមូលប្បទានប័ត្រអត់សាច់ប្រាក១លានដុល្លារអាមេរិក ឱ្យទៅដៃគូររកស៊ីជាមួយខ្លួន ។
តាមប្រភពព័ត៌មានដំបូងបានឲ្យដឹងថា លោកឧកញ៉ា ជួប ច័ន្ទ ត្រូវបានរងនូវពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញលូប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន១លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។
ប្រភពបន្តថា ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ពន្ធលុយកាក់រកស៊ីជាមួយគ្នា នឹងក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអមេរិក ប៉ុន្តែក្រោយមកនេះ លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ។ ប៉ុន្តែភាគីទាំង២បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខមេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកស៊ីជាមួយគ្នា ទើបលោកឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់១លានដុល្លារ លើកទី១ ដោយបានកំណត់ឲ្យម្ចាស់បំណុលទៅបើកពីធនាគារនៅថ្ងៃទី៣០ ខែកក្កដា ២១០៧។ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមានលុយទេ លុះពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់ដូចគ្នាថាមូលប្បទានប័ត្រននេះគ្មានសាច់ប្រាក់ទេ ទើបភាគីលោក លីវ វុទ្ធី តំណាងឲ្យលោកឧកញ៉ា គឹម កៅ ប្ដឹងលោកឧកញ៉ា ជួប ច័ន្ទ តែម្ដង ។
រឿងក្ដីនេះក្រោយពីលោកព្រះរាជអាជ្ញាសាកសួរជនសង្ស័យ ជួប ច័ន្ទ និងពិនិត្យលើពាក្យបណ្ដឹងរួមទាំងឯកសារពាក់ព័ន្ធនានាទើបរកឃើញថាសែកនោះគ្មានសុពលភាពទេដោយសារវាត្រូវបានលប់ដោយដីការក្សាការពារមួយដែលគូរភាគីបានឯកភាពគ្នារួចទៅហើយ។ ដូច្នេះទើបលោកព្រះរាជអាជ្ញាសម្រេចដោះលែងលោកឧកញ៉ាជួប ច័ន្ទ ឱ្យមានសេរីភាពវិញ។ ការដោះលែងពេលនោះត្រូវបានគេនិយាយចេញពីតុលាការថាឧកញ៉ាជួប ចាន់ បានចំណាយប្រាក់ឱ្យឧកញ៉ាម្នាក់រត់ការមកអយ្យការដើម្បីឱ្យមានការដោះលែងនិងបញ្ចប់រឿងក្ដីនេះ តែសំណុំរឿងនេះមានចប់ឯណា ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ដដែលហើយបញ្ជូនទៅចៅក្រមឈ្មោះគឹម រ័ត្ននរិន្ទ រហូតដល់ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឧកញ៉ាជួបចាន់ម្ដងទៀតបញ្ជូនមកសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ