គ្រោះថ្នាក់ចរាចរណ៍មិនធម្មតាមួយកាលពីយប់មិញនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែស្រីស្អាតស្លៀកដ៏សិចស៊ីម្នាក់ បានបើករថយន្តរបស់ខ្លួនម៉ាកហាយប្រឺត ព្រលះជាមួយនឹងរថយន្ត១គ្រឿងទៀតម៉ាក CRV បណ្តាលឲ្យខូចខាតផ្នែកខាងមុខធ្ងន់ស្រាលរៀងៗខ្លួន ។ ដែលហេតុការណ៍នេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ៥១ ខាងក្រោយរបងវិទ្យាល័យព្រះស៊ីសុវត្ថិ នាវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
នារីរូបស្អាត និងស្លៀកដ៏សិចស៊ីរូបនេះ បានរៀបរាប់ពីដំណើរដើមទងនៃហេតុការណ៍គ្រោះថ្នាក់នេះឲ្យដឹងថា «ខ្ញុំបានបើករថយន្តហាយប្រ៊ឺតរបស់ខ្ញុំ ដោយរួមដំណើរជាមួយមិត្តភក្តិប្រុសស្រី២នាក់ តាមបណ្តោយផ្លូវលេខ១៧៥ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ប៉ុន្តែ ពេលមកដល់ចំណុចកើតហេតុ ក៏បានវាក់នឹងរថយន្ត CRV ១គ្រឿង ដែលក៏បើកលឿនផងដែរ និងក៏បានប៉ះបែបហ្នឹងតែម្តង» ។
ទោះយ៉ាងណា ស្រីស្អាតរូបនេះ ក៏បាននិយាយស្តីយ៉ាងស្រទន់ថា ចំពោះហេតុការណ៍នេះ នាងពុំទាន់អាលកាត់ថានាងជាអ្នកបង្ក ឬ ខាងរថយន្ត CRV បង្កទេ ដោយទុកឲ្យសមត្ថកិច្ចធ្វើការវាស់វែងតាមនីតិវិធីថាតើខាងណាខុសខាងណាត្រូវ ។ ហើយនាងក៏និយាយថា នាងពុំរត់ទៅណាទេ ប្រសិនបើនាងជាអ្នកខុស គឺជានាងនឹងចេញសងរាល់ការខូចខាតរថយន្ត CRV ទាំងស្រុង ប៉ុន្តែ បើនាងអត់ខុសទេ នាងនឹងមើលតាមហ្នឹង ។
តាមរយៈរូបភាពជាក់ស្តែង ឃើញថារថយន្តហាយប្រីតរបស់នាង គឺរងការខូចខាតផ្នែកមុខខាងស្តាំ ខណៈរថយន្ត CRV រងការខូចខាតច្រើនកន្លែងទាំងក្រោយទាំងមុខ ។
ទោះយ៉ាងណា ក្រោយពីប្រកែកគ្នាយកត្រូវរៀងៗខ្លួន អស់រយៈពេលយ៉ាងយូរ និងស្ថិតក្រោមការជួយសម្របសម្រួលវាស់វែងរបស់សមត្ថកិច្ច នៅទីបំផុត ស្រីស្រស់នោះ រួមទាំងមិត្តភក្តិរបស់នាង ត្រូវបានដឹងថាយល់ព្រមចេញថ្លៃជួសជុលដល់រថយន្ត CRV ដើម្បីបញ្ចប់រឿង ៕ ឧត្តម
ប្រភព៖ ហ្វេសប៊ុក