Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត បែរ​ជា​ទៅ​ជ្រលក់​ដៃ ថ្នាំ​ពណ៌​ផ្សេង បន្លំ​ថ្នាំ​បោះឆ្នោត នឹង​មាន​ទោស​

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី បាន​ណែនាំ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឲ្យបាន​គ្រប់​គ្នា ហើយ​ជាពិសេស​ប្រជាពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ក៏​គ្មាន​ទោស​នោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន មិន​ត្រូវ​ធ្វើ​ការហាម ឬ​ឃាត់ រារាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត មិន​ទៅ​បោះឆ្នោត​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​មិន​ទៅ​បោះឆ្នោត តែ​បែរជា​ទៅ​ជ្រលក់​ដៃ​ថ្នាំ​ពណ៌​ផ្សេង បន្លំ​ថ្នាំ​បោះឆ្នោត នឹង​មាន​ទោសទណ្ឌ​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង អភិបាលរង​ខណ្ឌ​ដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​មិថុនា​នេះ នៅ​សាលាខណ្ឌ​ដូនពេញ​។ លោក បានបញ្ជាក់​ថា​” ប្រជាជន​មិន​ទៅ​បោះឆ្នោត​មិន​មាន​ទោស​ទេ ប៉ុន្តែ​រារាំង​គេ​មិនឲ្យ​ទៅ​បោះឆ្នោត គឺ​មាន​ទោស ហើយ​មិន​ទៅ​បោះឆ្នោត​និង​បាន​ទៅ​ជ្រលក់​ថ្នាំ​ពណ៌​ផ្សេង​យក​មក​បន្លំ​ថា​ទៅ​បោះឆ្នោត នឹង​ទទួល​ទោស​ព្រហ្មទណ្ឌ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​យល់​ឲ្យបាន​ច្បាស់​។ លោក​បន្តថា ករណី​នេះ​ប្រជាពលរដ្ឋ​ត្រូវ​យល់​ឲ្យបាន​ច្បាស់លាស់ ព្រោះ​អាជ្ញាធរ​បាន​ធ្វើ​ការផ្សព្វផ្សាយ​រួចរាល់​អស់ហើយ​”​។​

​លោក​អភិបាល​បន​ថ្លែងថា នៅសល់​តែ​ជាង​៤០​ថ្ងៃ​ទៀត នឹង​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ ហើយ​លោក​បាន​ណែនាំ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

​លោក​បាន​បន្តថា “​ប្រជាជន​ចង់​សាក​អា​ថ្មី ស្មានថា​អា​ថ្មី​មិន​ចេះ​ស៊ី កំពុងតែ​ហេវ ដូច​ទើប​ចេញ​ពី​អាពត ។ យើង​ត្រូវតែ​ដឹង កាល​ពី​ទើប​ចេញ​ពី​អាពត ថា​ជួបប្រទះ​អ្វី​ក៏​ហូប​ដែរ ។ អីចឹង អា​នេះ​ដូច​គ្នា ក្រៅ​ពី​ជើង​តុ ជើង​កៅអី ជើង​ទូ ស៊ី​តែ​ទាំងអស់ ស៊ី​អត់​រើសមុខ កុំនឹក​ស្មាន ហើយ​សម្តី​ល្អ​ណាស់ ស្អាតស្អំ យុត្តិធម៌ ស្នើ​ភាព ហើយ​បើ​ស្នើ​ភាព ចង់​ចូល​អាពត​ទៀតហើយ “​។

លោក​បាន​បញ្ជាក់ថា “​ក្រុម​ជ្រុលនិយម​មួយចំនួន មិនទាន់​បាន​កាន់​អំណាច​ផង មក​ប្រមាថ​លើ​ជីវិត​ទៅ​ហើយ ចុះ​ទម្រាំ​បាន​កាន់​អំណាច​ទៀត វា​ប៉ុណ្ណា​ទៅ ជា​ពិសេស​ប្រជាជន​ត្រូវ​យល់​ឲ្យបាន​ច្បាស់​ថា ពេល​បោះឆ្នោត​ហើយ កុំ​នាំគ្នា​ទៅ​ទិញ សាំង ទិញ​អង្ករ​ទុក​ឲ្យសោះ ។ លោក​បន្តថា កាលពី​បោះឆ្នោត ឆ្នាំ​២០១៣ ប្រជាជន​បោះឆ្នោត​ហើយ នាំគ្នា​ទៅ​ផ្សារ​ទិញ​អង្ករ ម្ហូបអាហារ​ទុក ។ ម៉េច​ប្រជាជន​ធ្វើ​បែប​នេះ​កើត ចំណែក​នៅ​តាម​ដងផ្លូវ​ស្ទើរតែ​ជន​ពាល​។ ជន​ពាល គឺ​អ្នក​ដែល​មិន​គោរព​ច្បាប់ អ្នក​មិន​គោរព​ច្បាប់​គេ​ហៅ​ថា​ជនពាល​ហើយ​។

មានច្បាប់ ឯ​ណា​ដែល​អនុញ្ញាត​ឲ្យមាន​ការត​វ៉ា​តាម​ដងផ្លូវ​នោះ ព្រោះ​គេ​មាន​ទីលាន​ប្រជាធិបតេយ្យ​ទុក​សម្រាប់​ឲ្យ​អ្នក​តវ៉ា ហើយ​គេ​មិន​ហែ​ក្បូន​ទេ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ហើយ​មាន​សិទ្ធិ ប៉ុន្តែ​កុំឲ្យ​សិទ្ធិ​របស់​យើង​បំពានដ​ល់​អ្នកដទៃ ។ ចំណុច​អស់ទាំង​នេះ​យើង​បាន​ជួបប្រទះ​អស់ហើយ តាំងពី​ឆ្នាំ​២០១៣ ឆ្នាំ​១៩៩៨ ឆ្នាំ​១៩៩៣ ជាពិសេស​នៅក្នុង​សង្កាត់​ចតុមុខ បាន​ជួបប្រទះ​ញឹកញាប់​ជាង​គេ ហើយ​បន្ទាប់មក សង្កាត់​វត្តភ្នំ ចុងក្រោយ​គេ​។ ដែល​កន្លងមក​ពួកគេ​បាន​ជួបជុំគ្នា មុខ​រដ្ឋសភា​ចាស់ ហើយ​ក្រោយពេល​បោះឆ្នោត​រួចហើយ ចេះ​តែ​មាន​រឿង​អីចេះ​អីចុះ​មិនចេះចប់ ដើម្បី​តថ្លៃ​ខ្លួន និង​ដំឡើងថ្លៃ​ខ្លួន​។ រឿង​នេះ​សុទ្ធ​រឿង​ចាញ់​សម្បថ គេ​នាំគ្នា​ទៅ​ស្បថ​នៅ​ព្រះបរមរាជវាំង ឯ​ឯង​ទៅ​ស្បថ​នៅមុខ​អង្គរវត្ត ហើយ​ស្បថ​ថា​បើ​ចូល​សភា​នឹង​ឲ្យ​រលាយ ចាញ់​សម្បថ​ខ្លួនឯង ដល់​ពេល​ចូល​សភា​រលាយ​មែន​”​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បន្ថែមថា “​ដូច្នេះ​ក្នុង​នាម​យើង​ជា​អ្នកបម្រើ​រាស្ត្រ ដើម្បី​ឧត្តមភាព​ប្រជាជន​យើង ដើម្បី​ការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង ទៅ​តាម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ជា​ពិសេស​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ “៕ ​ដោយ ​៖ ​កូឡាប​

spot_img
×