ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ត្រី០២រូប ដែលបានថតវីដេអូ កាន់ដាវបង្ហោះនៅលើបណ្ដាញសង្គម តិចតុក មកអប់រំណែនាំ ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
ស្ដ្រីពីរនាក់ដែលថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TikTok កាន់ដាវសាម៉ូរ៉ៃ ត្រូវបានសមត្ថកិច្ចខណ្ឌកំបូល បាននាំខ្លួនយកទៅសួរនាំហើយពួកគេទាំងពីរនាក់ បានដឹងខ្លួនខុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន។
តាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ ជឿន ស្រីណាក់ បានអំពាវនាវដល់យុវជនដទៃទៀត កុំយកគំរូតាមខ្លួន ព្រោះនេះជាកំហុសឆ្គងដែលសង្គមស្អប់ខ្ពើម។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គមដោយមិនខ្លាចញញើតច្បាប់។
ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅនាំខ្លួនស្ដ្រីពីរនាក់ដល់ផ្ទះ ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។
ក្រោយឃាត់ខ្លួនស្ដ្រីទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី