នារីវ័យ ២៣ឆ្នាំ រូបនេះ ពិតជាពេញចិត្តពេញថ្លើមនឹងរូបភាពថ្មីរបស់ខ្លួន ក្រោយពីសាក់កែវភ្នែកឲ្យមានពណ៌បៃតង និងពុះអណ្តាតឲ្យទៅជាអណ្តាតព្រែក ។
Amber Luke អាយុ ២៣ឆ្នាំ បានចំណាយប្រាក់ជាង ៦.០០០ផោនអង់គ្លេស ដើម្បីសាក់រូបភាពចម្លែកៗលើរាងកាយ ។ ៧ឆ្នាំមកនេះនាងមានរូបភាពសាក់ជាង ៥០ ហើយក្នុងនោះលេចធ្លោជាងគេគឺសាក់ប្តូរកែវភ្នែកឲ្យទៅជាពណ៌បៃតងតែម្តង ។
ទោះបីដើម្បីទទួលបានកែវភ្នែកខុសគេលើលោក នាងត្រូវទ្រាំទ្រនឹងការឈឺចាប់ ព្រមទាំងប្រឈមហានិភ័យត្រូវខ្វាក់អស់មួយជីវិតក្តី តែនាងពិតជាពេញចិត្តនឹងរង្វង់ភ្នែកថ្មីរបស់ខ្លួនណាស់ ។
កោតតែនឹកឃើញច្រៀកអណ្តាត និងទាញត្រចៀកឲ្យវែងថែមទៀត ។
នាងចែករំលែកថា ការសាក់ភ្នែករបស់ខ្ញុំប្រព្រឹត្តទៅរយៈពេល ៤០នាទី អារម្មណ៍ពិតជាខ្លាំងក្លា និងឈឺចាប់ ព្រោះខ្ញុំត្រូវបើកភ្នែកដើម្បីឲ្យគេចាក់សាក់សម្រាប់ភ្នែកនីមួយៗដល់ទៅ ៤ដងឯងណោះ ។ ទន្ទឹមនោះខ្ញុំមិនអាចសម្លឹងឃើញអ្វីក្នុងរយៈពេល៣សប្តាហ៍ ។
មិត្តភក្តិរបស់ខ្ញុំស្ងើចសរសើរថាខ្ញុំជាមនុស្សមានកែវភ្នែកបៃតងដូចសត្វនាគស ។ ពួកគេហៅខ្ញុំបែបនេះ ព្រោះតែភ្នែករបស់ខ្ញុំដូចនាគ ហើយអណ្តាតរបស់ខ្ញុំក៏ពុះច្រៀកជាពីរដូចនាគដែរ ។
បច្ចុប្បន្ននាងមានមិត្តភក្តិក្នុងបណ្តាញសង្គម Instagram 21.000 នាក់ ។
នាងមានបំណងសំលៀងធ្មេញមុខពីរឲ្យមុតដូចជាខ្មោចឆៅ ។ ចន្ទ្រា