ភ្នំពេញ ៖ ព្រះរាជាណាក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រួមគ្នាធ្វើជាសហប្រធាន បើកកិច្ចប្រជុំពិភាក្សា លើកទី២ស្តីពីការអនុវត្តគម្រោង សហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរយៈពេល៣ឆ្នាំបន្តទៀត ក្នុងការពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល សម្រាប់ការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ។
បើតាមប្រភពព័ត៌មានទទួលបាន ពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនអគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញធ្វើជាសហប្រធាន ជាមួយ លោកវេជ្ជបណ្ឌិត Supakit Sirilak, Chief of Inspector, General Inspection Division នៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល នៃប្រទេសទាំងពីរ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ នាប្រទេសថៃ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈ នៃព្រះរាជាណាចក្រថៃ បានពិភាក្សាលម្អិតលើការអនុវត្តន៍កិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពគ្នា ជំរុញការអនុវត្តផែនការ សកម្មភាពរយៈពេល៣ឆ្នាំ(២០១៧-២០១៩) និងបន្តការពិភាក្សាគ្នា នៅឆ្នាំក្រោយទៀត នូវចំណុចសហប្រតិបត្តិការថ្មី ដូចជា ការចែករំលែកព័ត៌មាន លើជំងឺឆ្លងការពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល សម្រាប់ការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ជាដើម។
កិច្ចសហប្រតិបត្តិការនេះផ្តោតលើគម្រោងសំខាន់ៗមួយចំនួនដូចជា៖ ១.កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ តាមបណ្តោយព្រំដែន។ ២.កម្មវិធីឆ្លើយតបសង្រ្គោះបន្ទាន់សុខភាពសាធារណៈ ។ ៣. គម្រោងគ្រប់គ្រងសុខភាពតាមបណ្តាច្រកព្រំដែន ។ ៤.លើកកំពស់ យុទ្ធសាស្រ្ត One Health Approach ។ ៥. ពង្រឹងសមត្ថភាពក្នុងការផ្តល់ សេវាថែទាំ និងការគ្រប់គ្រងការឆ្លងរោគ។ ៦.បណ្តុះបណ្តាលគ្រូបង្គោលស្តីពីអេពីដេមីសាស្រ្ត ។ ៧. ការពង្រឹងប្រព័ន្ធបញ្ជូនជំងឺ ។ ៨. ការបង្កើតមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ខែមិថុនា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនានេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើជាសហប្រធាន ជាមួយលោក សាស្រ្តាចារ្យ Piyasakol Sakolsatayadorn រដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈនៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ។
ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ បានចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍវិស័យសុខាភិបាល នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងបាងកក។
ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ ឲ្យមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាព ការបង្កើនផែនការសកម្មភាព រយៈពេល៣ឆ្នាំ (2017-2019)។ កិច្ចប្រជុំលើកទី២នេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការកត្តាប្រឈម ក៏ដូចជាការពិនិត្យមើលលទ្ធភាព នៃការពង្រឹងកិច្ចសហការបន្ថែមទៀត។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងការអរគុណចំពោះភាគីថៃ ដែលតែងតែផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាលកម្ពុជានិងបានស្នើសុំឲ្យភាគីថៃ បន្តគាំទ្រដល់គម្រោង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយស្មារតីសាមគ្គីភាព និងមិត្តភាព៕ ដោយ៖កូឡាប