ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី ១៤ ខែមិថុនា ម្សិលម៉ិញនេះ បានដកសម្តីឧបនាយករដ្ឋមន្ត្រីថៃ ទទួលបន្ទុកសន្តិសុខ ការពារជាតិ ឧត្តមសេនីយ៍ឯក Prawit Wongsuwon ឲ្យដឹងថា លោកនឹងធ្វើជាអធិបតីនៃជំនួបជាមួយតំណាងបណ្តាគណបក្សនយោបាយ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីការលុបចោលបទបញ្ជាហាមឃាត់មួយផ្នែកលើសម្មភាពនយោបាយ ដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តតាំងពីរដ្ឋប្រហារនៅឆ្នាំ ២០១៤ មកម្លេះ ។
ឧត្តមសេនីយ៍ឯក Prawit Wongsuwon
ឧបនាយករដ្ឋមន្ត្រី Prawit អះអាងថា លោកត្រូវបាននាយករដ្ឋមន្ត្រីប្រាយុទ្ធបញ្ជាឲ្យធ្វើជាអធិបតីនៃអង្គប្រជុំដើម្បីពិនិត្យប្រការខ្លះ នៃបទបញ្ជាហាមឃាត់ខាងលើ ។ ប៉ុន្តែលោកបង្ហើបថា បទបញ្ជាដែលអាចលុបចោលមួយផ្នែកនោះគឺការអនុញ្ញាតឲ្យបណ្តាគណបក្សនយោបាយរៀបចំជំនួបប្រជុំ នឹងបញ្ចូលបក្សជនថ្មីរបស់ខ្លួន ។ រីឯសកម្មភាពបំផុសបំផុលចលនាស្វែងរកសន្លឹកឆ្នោតនៅពុំទាន់ត្រូវបានអនុញ្ញាតទេ រហូតទាល់តែច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រ មានប្រសិទ្ធភាព ៕ សូយន