ភ្នំពេញ ៖ ផ្ទះ៣ខ្នងជាប់គ្នាត្រូវបាន អគ្គីភ័យលេបត្របាក់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៨នៅចំណុចផ្លូវលេខ១៣៦ក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ ដោយបានធ្វើអោយកម្លាំងមានសមត្ថកិច្ចដែលចុះជួយអន្តរាគមន៍រងរបួសផងដែរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុនោះបានឲ្យដឹងនៅវេលាកើតហេតុគេឃើញភ្លើងនិងផ្សែងបានហុយឆេះចេញពីផ្ទះលក់អង្ករពីផ្នែកខាងក្រោយត្រង់ជាន់ទី១ខណៈដែលមានហេតុការណ៍ដូច្នេះហើយអ្នករស់នៅជិតខាងក៏ដូចជាម្ចាស់ផ្ទះបាននាំគ្នារត់ចេញប្រសាចដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យនិងយកទឹកទៅជះដើម្បីជួយអន្តរាគមន៍តែភ្លើងកាន់តែឆេះរឹតតែខ្លាំងៗឡើងមិនអាចធ្វើអ្វីកើត។
ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៍នោះដែរគេបានឃើញ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងការជួយអន្តរាគមន៍ ពោលគឺកម្លាំងប្រជាការខណ្ឌបានប្រើរ៉ឺម៉ក់ម៉ូតូបាញ់ទឹកលៀងផ្លូវជួយឡើងបាញ់ទឹកបណ្តាលឲ្យប្រជាការពារខ្លះត្រូវឈ្លក់ផ្សែងនិងរបួសមុតរបួសម្នាក់ផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថាក្នុងខណៈដែលក្រុមរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់នោះគឺបានការពិបាកក្នុងការបាញ់ទឹកពន្លត់ភ្លើងគឺត្រូវវាយបំបែកកញ្ចកទ្វារផ្ទះនិងនាំគ្នាឡើងគាស់ដំបូលដើម្បីបាញ់ទឹកពន្លត់ភ្លើងដោយប្រើពេលជាច្រើនម៉ោងព្រោះការឆាបឆេះនោះបានរាលដាលដល់ផ្ទះជាប់គ្នាសងខាងទំរាំតែពន្លត់ជាស្ថាពរនោះបណ្តាលឲ្យឆេះផ្ទះសរុបអស់ចំនួន៣ខ្នងដែលខាងក្រោមថ្មលើឈើប្រក់ស័ង្កសី។
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថាផ្ទះទី១ដែលឆេះមុនគេនោះគឺនៅផ្ទះលេខ៥០Eoផ្លូវលេខ១៣៦ក្រុម១៧ភូមិ១២សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញដែលមានម្ចាស់ផ្ទះឈ្មោះដួង ម៉េង ភេទប្រុសកើតឆ្នាំ១៩៤១មុខរបរលក់ដូរទីផ្ទះលេខ៤៨Eoម្ចាស់ឈ្មោះព្រំ សៀត ភេទកើតឆ្នាំ១៩៥០ផ្ទះទី៣លេខ៤៦Eoបើកបារបារាំងយីហោ(វើលអរខីតបារ)។ការឆេះផ្ទះ៣ខ្នងជាប់គ្នានោះដែរបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះស្រុងតែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ចំណែករថយន្តពន្លត់អគ្គីភ័យវិញបានមកជួយអត្តរាគមន៍ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់២០ឡានទើបរលត់ជាស្ថាពរវិញ។ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យឆេះផ្តើមចេញមុនគេនោះអាជ្ញាធរនៅមិនទាន់បញ្ជាក់ថាមកពីមូលហេតុអ្វីឡើយ៕ ដោយ៖បញ្ញាស័ក្តិ