Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​ព្រះសីហនុ ត្រូវបាន CDC អនុម័ត ក្រោម​ទុនវិនិយោគ​១,៨៧​ពាន់​លាន​ដុល្លារ ដែល​សាងសង់​ដោយ​​ក្រុមហ៊ុន​ចិន​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC ) បានអនុម័ត ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD. ដើម្បី​អនុវត្តន៍​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ តាម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (BOT) មាន​ទុន​វិនិយោគ​ប្រមាណ ១,៨៧​ប៊ី​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៩.៥១៥​កន្លែង​។​

​នេះ​បើ​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សប៊ុក ផ្លូវការ​របស់ CDC កាលពី​ថ្ងៃ​ទី​១៤​មិថុនា ៖”​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖ ១-“CAPITAL MINERAL RESOURCES INVESTMENT CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង មាន​ទុន​វិនិយោគ​ប្រមាណ ១១,៩៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៧៣​កន្លែង​។ ២-“CAMBODIAN PPSHV EXPRESSWAY CO.,LTD.”: គម្រោង​សាងសង់ ប្រតិបត្តិ​ការ និង​ធ្វើ​អាជីវកម្ម ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ តាម​រូបភាព សាងសង់​-​អាជីវកម្ម​-​ផ្ទេរ “BOT” មាន​ទុន​វិនិយោគ​ប្រមាណ ១,៨៧​ប៊ី​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៩.៥១៥​កន្លែង​។ ៣-“ROYAL CERA CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្បឿង ចាន​បង្គន់​អនាម័យ និង​ការ៉ូ ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ទុន​វិនិយោគ​ប្រមាណ ១៥,៣៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ១.២២៤​កន្លែង​។ ៤-“TROPICAL FRUIT ASIA (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​២៧ ឃុំ​ពើក ស្រុង​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៦,៤៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៣៨០​កន្លែង​”​។​

​របាយការណ៍​របស់​ក្រសួង​ស​ធា​រណការ​និង​ដឹកជញ្ជូន បានបញ្ជាក់​ថា ពាក់ព័ន្ធ​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហនុ ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ នៅ​កម្ពុជា អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​។ ការសិក្សា​គម្រោង​ត្រូវបាន​បិទ​បញ្ចប់​ហើយ បច្ចុប្បន្ន​កំពុង​ចរចា​ទិញ​ដី​របស់​ប្រជាពលរដ្ឋ និង​ទូទាត់​សំណង​ផលប៉ះពាល់​ផ្សេងៗ​។ លោក​បាន​បញ្ជាក់ថា «​ថវិកា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ការចរចា​ទិញ​ដី និង​ដោះស្រាយ​សំណង​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​»​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ពីរ​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ជាពិសេស​ការដឹក​ទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅ​កាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស ក៏​ដូច​ជា​ការ​ដឹក​ទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ទៅ​តំបន់​ទៅ​តំបន់​ដទៃ​ទៀត​។​

​គួររំលឹកថា នា​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លី ខឺ​ឈាង កាល​ពីដើមឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​លោក លា​វ ឈី​ថាវ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​មាន​ប្រវែង ១៩០,៦៣​គីឡូម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតី​ភាព​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

×