ភ្នំពេញ៖ គម្រោងដាក់ កប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ ចូលរាជធានីភ្នំពេញ ក្រុងតាខ្មៅ មកដល់ពេលនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះបានអោយដឹងថា គម្រោងនៃការបង្កើតអោយមានសេវា កប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ ចូលរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រសួងសារធារណការនិងដឹកជញ្ជូន មន្ទីរសារធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនL Y P (លី យ៉ុងផាត់ )បាននឹងកំពុងសិក្សានៅឡើយទេ ហើយគម្រោងនេះនឹងដាក់អោយដំណើរការនៅពេលណានោះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ថា នឹងចេញនៅពេលណាអោយបានច្បាស់លាស់នោះទេ ដោយត្រូវសិក្សាអោយបានលម្អិតជាមុនសិន។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកុម្ភៈឆ្នាំ២០១៧កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ លើគម្រោងនៃការបង្កើតអោយមានកប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ ចូលភ្នំពេញ ក្រុងតាខ្មៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ បើតាមគម្រោងនេះនឹងមានកប៉ាល់ល្បឿនលឿនប្រមាណ ២០គ្រឿង ដើម្បីដាក់អោយដំណើរការតាមផ្លូវទឹកនេះ។
គម្រោងនេះនឹងដឹកអ្នកដំណើរតាមចំណតដែលនឹងមាននៅតាមទន្លេសាប នៅទន្លេចតុមុខ នៅទន្លេបាសាក់ ចាប់ពីស្ពានព្រែកព្នៅខណ្ឌ ព្រែកព្នៅ រហូតមកដល់រាជធានីភ្នំពេញ និងបន្តដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបើតាមគម្រោង នឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ដែលមានចម្ងាយធ្វើដំណើរជាង២៤ គីឡូម៉ែត្រ។ សាលារាជធានី នឹងសាងសង់ផែ និងចំណតអ្នកដំណើរចំនួន៩កន្លែង រវាងពីព្រែកព្នៅនិងក្រុងតាខ្មៅ និងប្រើកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង ដែលកប៉ាល់១គ្រឿងអាចផ្ទុកអ្នកដំណើរ ចំណុះបាន ៩០នាក់។ កប៉ាល់នោះ អាចបើកបរក្នុងល្បឿន ពី៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ការធ្វើដំណើរពីចំណត១ ទៅចំណត១ នឹងប្រើរយៈពេលពី ១២នាទី ទៅ១៥នាទី៕ ដោយ៖កូឡាប