កាលពីថ្ងៃទី ១៥ ខែមិថុនា ស្ថានីយ៍វិទ្យុព្យុងយ៉ាង បានផ្សាយព័ត៌មានថា បញ្ហាពលរដ្ឋជប៉ុន ត្រូវចាប់ជំរិតនៅកូរ៉េខាងជើង នាអតីតកាល “ធ្លាប់បានដោះស្រាយរួចហើយ”។
សាច់ញាតិរបស់ជនរងគ្រោះជប៉ុនដែលបាត់ខ្លួន ។
តាមទីភ្នាក់ងារព័ត៌មាន Radio Press ដែលមានស្នាក់ការនៅតូក្យូ បានផ្សាយថា នេះជាលើកដំបូងហើយ ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរំលឹកដល់ទស្សនៈផ្លូវការរបស់រដ្ឋាភិបាល គិតចាប់ពីក្រោយជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ។
សេចក្តីប្រកាសនេះបានត្រូវលើកឡើងក្នុងបរិបទដែលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសម្តែងសុឆន្ទៈបានសម្តែងការចរចាជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីបញ្ហាចាប់ជំរិត ។ Abe បានទៅកាន់អាមេរិកពីរលើក ដើម្បីស្នើសុំឲ្យប្រធានាធិបតីត្រាំ ពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាដែលពលរដ្ឋជប៉ុនត្រូវបានកូរ៉េខាងជើងចាប់ជំរិតក្នុងអំឡុងទសវត្សរ៍ទី ៧០-៨០ នៃសតវត្សរ៍មុន។ ក្នុងជំនួបកំពូលកន្លងមកប្រធានាធិបតីត្រាំ បានលើកបញ្ហាចាប់ជំរិតពលរដ្ឋជប៉ុនជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន រួចហើយដែរ ។
គួររំលឹកថា ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ក្រុងព្យុងយ៉ាងតែងបដិសេធចំពោះកិច្ចប្រឹងប្រែងរបស់ក្រុងតូក្យូ ដែលសំណូមពរដោះស្រាយបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ជំរិត ប៉ុន្តែកូរ៉េខាងជើង បានចាត់ទុកថា បញ្ហានេះត្រូវបានដោះស្រាយរួចហើយ ។ ក៏ប៉ុន្តែភាគីជប៉ុន បានរៀបចំបញ្ជីរាយនាមផ្លូវការរួមមានពលរដ្ឋជប៉ុន ១៧នាក់ ដែលត្រូវចាប់ជំរិត ក៏ដូចជាករណីមន្ទិលសង្ស័យផ្សេងទៀតជុំវិញបញ្ហាពលរដ្ឋជប៉ុនត្រូវបាត់ខ្លួននោះ ៕ សូយន