ភ្នំពេញ៖ ជំនួបផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន ប៉ះជាមួយបារាំង ក្លាយជាការប្រកួតលើកទី១១ ប្រចាំប្រវត្តិសាស្ត្រ World Cup ដែលជាការប្រជែងរវាងក្រុមមកពីទ្វីបអាម៉េរិកខាងត្បូង ទល់និងក្រុមមកពីទ្វីបអឺរ៉ុប។
ទ្វីបអាម៉េរិកខាងត្បូងដណ្តើមបានពានរង្វាន់ពិភពលោក ៧លើក ក្នុងចំណោមការប្រកួតផ្តាច់ព្រ័ត្រ ១០លើកចុងក្រោយ។ នេះបើតាមកំណត់ត្រា Opta។
ការរប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមានក្រុមអាហ្សង់ទីន ប៉ះបារាំង ដណ្តើមជើងឯកនាម៉ោង ១០យប់នេះ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
កន្លងមកអាហ្សង់ទីន និងបារាំងបានជួបគ្នា ១២ដង ឃើញថាអាហ្សង់ទីន ឈ្នះបារាំង ៦ដង ស្មើ ៣ដង និងចាញ់ ៣ដង ដោយជួបគ្នាក្នុងព្រឹត្តិការណ៍ World Cup ៣លើកនៅឆ្នាំ១៩៣០ និងឆ្នាំ១៩៧៨ អាហ្សង់ទីនឈ្នះ ១ទល់០ និង ២ទល់១ តែលុះដល់ឆ្នាំ២០១៨ បារាំងបានយកឈ្នះវិញក្នុងលទ្ធផល ៤ទល់៣។
អាហ្សង់ទីន ធ្លាប់បានឈ្នះពានជើងឯកពិភពលោក World Cup ២លើកមកហើយនៅឆ្នាំ១៩៧៨ និងចុងក្រោយក្នុងឆ្នាំ១៩៨៦ និងរងជើងឯក ៣លើកនៅឆ្នាំ១៩៣០, ១៩៩០ និងឆ្នាំ២០១៤។
ចំណែកមាន់គកបារាំងវិញ ក៏ដូចគ្នាដែរធ្លាប់ឈ្នះជើងឯក ២លើកនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ដោយបានរងជើងឯក ១លើកនៅឆ្នាំ២០០៦ និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ ចំនួន ២លើកផងដែរនៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៨៦ និងលេខ៤ ១លើកនៅឆ្នាំ១៩៨២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី