ភ្នំពេញ ៖ អបអរសាទរ ទីបំផុត អាហ្សង់ទីន ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រោយទម្លាក់បារាំង ដោយបាល់កាត់សេចក្ដី ប៉េណាល់ទី ៤-២ ក្រោយបញ្ចប់លទ្ធផល ១២០នាទី ៣-៣។ អាហ្សង់ទីនឈ្នះពានលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ និងជាពានទី៣ ក្នុងប្រវត្តិសាស្ត្រ។ Lionel Messi ធ្វើបានហើយសម្រេចក្តីស្រមៃឈ្នះពាន World Cup ក្នុងអាជីពជាកីឡាករក្នុងការបង្ហាញខ្លួនចុងក្រោយរបស់គេនៅ World Cup។
តាមប្រភព FIFA បង្ហាញថា សម្រាប់ម្ចាស់ជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៤២លានដុល្លារ ដែលនេះគឺជាការកើនឡើងនៅចំនួន ៤លានដុល្លារបន្ថែម បើធៀបទៅនឹងជើងឯកនៅឆ្នាំ២០១៨ មានចំនួនត្រឹម ៣៨លានដុល្លារ។
នេះជាការឈ្នះពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រនៃការចូលរួមប្រជែងពាន World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបាននៅឆ្នាំ១៩៧៨ និងនៅឆ្នាំ១៩៨៦ ដ្បិតរងជើងឯក ៣លើកនៅឆ្នាំ១៩៣០, ១៩៩០ និងឆ្នាំ២០១៤។
ក្រុមមាន់គកបារាំង បានត្រឹមរងជើងឯកឆ្នាំ២០២២ នេះ ដ្បិតនាមធ្លាប់ឈ្នះជើងឯក ២លើកនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ធ្វើឲ្យពួកគេជាក្រុមរងជើងឯក ២លើក, និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ ចំនួន ២លើកផងដែរនៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៨៦ និងបានលេខ៤ នៅឆ្នាំ១៩៨២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី