Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ អាណាព្យាបាលសម័យថ្មី គួរចេះត្រៀមខ្លួនជាស្រេច ដើម្បីជួយកូនទប់ទល់នឹងហេតុការណ៍ថ្មីៗដែលនឹងកើតឡើងក្នុងជីវិត

ពេលដែលក្មេងអាយុទើបតែបានប៉ុន្មានឆ្នាំ ស្រាប់តែត្រូវជួបនឹងហេតុការណ៍ផ្សេងៗ ដែលគេមិននឹកស្មានដល់ ឬមានការផ្លាស់ប្តូរជីវិតឆ្ពោះទៅរកអ្វីដែលថ្មីៗ តើគេនឹងទៅជាយ៉ាងណាខ្លះទៅ? និងតើយើង ដែលជាឪពុកម្តាយ គួរបង្រៀនកូនឱ្យចេះទប់ទល់នឹងរឿងទាំងនោះយ៉ាងណា ឱ្យប៉ះពាល់ដល់បេះដូងដ៏តូចមួយនេះឱ្យតិចបំផុត។ សម្រាប់រឿងសំខាន់បែបនេះ ត្រូវតែមានការត្រៀមការបន្តិចហើយ។

ចូលសាលារៀនដំបូងៗ
គ្រួសារខ្លះ កូនៗចាប់ផ្តើមចូលដល់វ័យ ដែលនឹងត្រូវចាកចេញពីផ្ទះ ទៅចូលសាលារៀន ឬសាលាមត្តេយ្យហើយ តែក្មេងតូចៗខ្លះ ក៏នៅតែជាប់នឹងឪពុកម្តាយ ឬមនុស្សក្នុងផ្ទះ បេះមិនដាច់ និងមិនសូវស៊ាំធ្លាប់ជាមួយមនុស្សប្លែកមុខ ឬទីកន្លែងដែលគេមិនធ្លាប់ស្គាល់។ ដូច្នេះនៅថ្ងៃចូលកង ឬថ្ងៃចូលរៀន កូនតូចអាចនឹងមានការទួញយំ ហៀរទឹកភ្នែក ទឹកសំបោរកក្លេកកក្លាក់បាន។ ដូច្នេះប៉ាម៉ាក់ ត្រូវតែមានការត្រៀមការជាមុនខ្លះហើយ ដូចជាអាចនឹងចាប់ផ្តើមដោយការនាំកូនតូចទៅមើលសាលាឱ្យបាន២ ឬ ៣ដង ដើម្បីឱ្យគេស្គាល់តាំងពីដំបូង។ នាំទៅជួបអ្នកគ្រូប្រចាំថ្នាក់ និងសាកល្បងឱ្យអ្នកគ្រូជជែកនិយាយលេងជាមួយ ដើម្បីឱ្យគេស្គាល់ចិត្តគ្នា ជាដើម។ ក្នុងករណីកូនស្ថិតក្នុងវ័យចូលរៀនបឋមហើយ បើសាលាមានការបង្រៀនគួរក្រៅម៉ោង ក៏សាកល្បងនាំកូនទៅរៀនបណ្តើរៗជាមុនសិនក៏បាន លុះដល់ថ្ងៃចូលកងមែនទែន កូននឹងមិនមានបញ្ហា មិនព្រមទៅសាលារៀន។

បើឪពុក ឬម្តាយឃ្លាតទៅ
គឺជារឿងដែលគ្មាននរណាចង់ឱ្យកើតឡើងឡើយ មិនថាតែការឃ្លាតទៅដោយគ្មានថ្ងៃវិលត្រឡប់ ឬក៏ប៉ាក់ម៉ាក់លែងលះគ្នាក្ដី។ បើសិនជាឃ្លាតទៅដោយប្រការដំបូង ឪពុក ឬម្តាយខ្លួនឯង ទោះជាសោកសង្រេងប៉ុនណាក៏ដោយ ក៏ត្រូវតែមិនភ្លេចក្នុងការប្រតិបត្តិចំពោះកូនដូចទម្លាប់សព្វដងដែរ ព្រោះទោះជាកូនតូចមើលទៅ ដូចជាមិនយល់ពីសភាវដែលកើតឡើងប៉ុន្មានមែន តែអ្វីដែលប្រាកដបំផុតគឺ គេបានដឹងពីអារម្មណ៍ទុក្ខព្រួយសោកសៅរបស់អ្នក និងអ្វីដែលសំខាន់គឺ កុំភ្លេចខ្លួន ច្រឡំទម្លាយភាពតានតឹងធុញថប់ ឬមួម៉ៅទៅលើកូនឱ្យសោះ។
តែបើការឃ្លាតចេញពីគ្នាដោយសារតែការលែងលះវិញ រឿងដែលសំខាន់ គឺកុំសម្លុត ឬប្រាប់កូនថា “ប៉ា ឬម៉ាក់កូនឯង មិនស្រឡាញ់កូនឯងទេ” ឱ្យសោះ។ កូនគួរតែមានស្ថានភាពជីវិតដែលល្អ ក្នុងឋានៈដែលអ្នកជាឪពុកម្តាយរបស់គេ ដោយត្រូវរក្សាសម្ព័ន្ធភាពរបស់ឪពុក ឬម្តាយ ដែលមានចំពោះកូនឱ្យបានជាប់លាប់បំផុត។ កុំឱ្យកូនមានអារម្មណ៍ថា បាត់បង់នរណាម្នាក់ឱ្យសោះ ជាពិសេសក្នុងវ័យនេះ រូបគេកំពុងរៀបចំបុគ្គលិកភាព និងត្រូវការគំរូទាំងពីឪពុក និងពីម្តាយ ហើយក្នុងអំឡុងពេលនេះ ការបើកឱកាសឱ្យមនុស្សផ្សេងណាម្នាក់ ដែលមិនបាននៅជាមួយកូន មានពេលចូលមករួមធ្វើកិច្ចការងារជាមួយកូនយ៉ាងជាប់ជាប្រចាំ ជាវិធីមួយដែលល្អបំផុតចំពោះសភាវផ្លូវចិត្តរបស់កូនក្នុងវ័យនេះ។

នៅពេលកូនឈឺថ្កាត់
ផលប៉ះពាល់ដែលកើតឡើងចំពោះកូននៅពេលឈឺថ្កាត់ គឺវិវឌ្ឍនាការខាងការសម្របសម្រួលខ្លួន ឱ្យចូលជាមួយសង្គមខាងក្រៅរបស់កូន នឹងឈប់ង៉ក់ភ្លាមតែម្តង។ គេនឹងវិលមកពឹងលើប៉ា-ម៉ាក់ ដូចកាលពីនៅវ័យយំង៉ាៗ មានអារម្មណ៍មិននឹងនរ ខ្លាចត្រូវបោះបង់ចោល នឹងងង៉ក់ ទន់ជ្រាយជាងប្រក្រតី។ ការមើលថែទាំយកចិត្តទុកដាក់កូនជាពិសេសក្នុងអំឡុងពេលនោះ នឹងជួយសាងភាពជឿទុកចិត្ត និងដាស់ភាពមាំមួនខាងផ្លូវចិត្តរបស់កូនឡើងវិញបានជាថ្មី។

ទោះជាក្នុង១ថ្ងៃៗ នឹងមានស្ថានការណ៍អ្វីមួយកើតឡើងក៏ដោយ សុំត្រឹមតែលោកឪពុកអ្នកម្តាយ បែរមកមើលកូនសម្លាញ់ បីបមថ្នាក់ថ្នម មើលថែទាំសភាវផ្លូវចិត្តរបស់គេ ព្រមជាមួយនឹងការកែបញ្ហា រឿងរ៉ាវផ្សេងៗទាំងនោះ មិនបណ្តែតបណ្តោយ ឬព្រងើយកន្តើយចំពោះអារម្មណ៍របស់កូន និងកុំមើលឃើញថា កូនគ្រាន់តែជាមនុស្សតូចមួយ ដែលគិតតែពីលេងសប្បាយពី ១ថ្ងៃ ទៅ ១ថ្ងៃឱ្យសោះ នោះកូននឹងធំធាត់ឡើងប្រកបដោយភាពជឿជាក់ មានសុទិដ្ឋិនិយម មានចិត្តគំនិតវិជ្ជមាន និងអនាគតដ៏ល្អភ្លឺស្វាងមិនខាន៕

Young black mother taking care of her depressed little daughter at home.
Large group of elementary students entering into the classroom while passing by their teacher.
×