Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ “ទឹកឃ្មុំ” តើត្រូវទទួលទានប៉ុនណា ទើបគ្រប់គ្រាន់ និងមានប្រយោជន៍ដល់រាងកាយ?

អ្នកណាៗក៏ដឹងច្បាស់ដែរថា “ទឹកឃ្មុំ” ល្អ និងមានប្រយោជន៍ចំពោះរាងកាយ តែ ដោយសាររសជាតិ ដែលផ្អែមខ្លាំងរបស់វា ធ្វើឱ្យមនុស្សជាច្រើនមានកង្វល់ថា បើសិនជាទទួលទានច្រើនជ្រុលពេក តើអាចនឹងកើតជំងឺ “ទឹកនោមផ្អែម” ឬអាចនឹងមានរោគចង្រៃអ្វីផ្សេងទៀតតាមមកដែរឬទេ? ថ្ងៃនេះ អត្ថបទសុខភាពយើង មានចម្លើយមកជម្រាបជូន…

តើទឹកឃ្មុំ និងស្ករស ខុសគ្នាឬទេ?
ការពិតទៅ មនុស្សជាច្រើនគិតថា ទឹកឃ្មុំជាអាហារ ដែលផ្តល់ភាពផ្អែមពីធម្មជាតិ ដូច្នេះ វាគួរតែល្អជាងស្ករស ដែលគេផលិតលក់នៅតាមទីផ្សារ តែការពិតទៅ ទឹកឃ្មុំក៏អាចរាប់ថា ជាស្ករបានដូចគ្នា។ ខាងផ្នែកគីមី ទឹកឃ្មុំមានសារធាតុផ្សំចម្បងៗដូចគ្នានឹងស្ករសដែរ គឺ “គ្លុយខូស” និង “ហ្វ្រ៊ុកថូស” គ្រាន់តែខុសគ្នា ត្រង់ដែលស្ករស ជាស្ករម៉ូលេគុល២ ខណៈដែលទឹកឃ្មុំ ជាស្ករម៉ូលេគុលតែ១ ដែលមានន័យថា រាងកាយអាចនាំយកទៅប្រើប្រយោជន៍បានភ្លាមៗ។
ក្រៅពីនេះ ទឹកឃ្មុំនៅផ្តល់កាឡូរីខ្ពស់ជាងទៀតផង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ផ្តល់ថាមពលប្រមាណជា ២២កាឡូរី ចំណែកស្ករសក្នុងបរិមាណស្មើគ្នាវិញ នឹងផ្តល់ថាមពលប្រមាណ ១៦កាឡូរី តែទឹកឃ្មុំផ្តល់ភាពផ្អែមច្រើនជាង ទើបយើងប្រើបរិមាណទឹកឃ្មុំ ក្នុងការលាយផ្សំក្នុងចំណីអាហារផ្សេងៗ តិចជាង។

ទឹកឃ្មុំ គួរទទួលទានក្នុងបរិមាណច្រើន ឬតិចប៉ុនណាក្នុង ១ថ្ងៃ?
ការពិតទៅ នៅមិនទាន់មានចំនួនបញ្ជាក់ពិតប្រាកដថា តើប៉ុនណាទើបស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នានៅឡើយទេ ព្រោះអាស្រ័យលើបែបបទជីវិត ការញ៉ាំអាហារ និងទង្វើក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗផងដែរ តែបើឱ្យណែនាំថា តើគួរទទួលទានប៉ុន្មាន ទើបមានសុវត្ថិភាព យើងសូមប្រាប់ថា ប្រមាណជា ៦ស្លាបព្រាកាហ្វេ ឬ ២ស្លាបព្រាបាយ ឬបើសិនជាច្រើនជាងនេះ ក៏មិនគួរឱ្យលើស ១០ស្លាបព្រាកាហ្វេដែរ ព្រោះថា ក្នុង ១ថ្ងៃៗ រាងកាយយើង ក៏បានទទួលជាតិស្ករពីអាហារ ផ្លែឈើ ភេសជ្ជៈ និងនំនែកផ្សេងៗផងដែរ។

វិធីទទួលទានទឹកឃ្មុំឱ្យឆ្ងាញ់ និងទទួលបានប្រយោជន៍
១.លាយជាមួយទឹកក្តៅ ហើយញ៉ាំ ៣ពេល មុនពេលបាយ ១ម៉ោង និងមុនចូលគេង។
២.ទទួលទានដូចជា សារធាតុដែលផ្តល់នូវភាពផ្អែម ជំនួសស្ករ ដូចជា ដាក់ចូលទៅក្នុងភេសជ្ជៈ ទឹកតែ ទឹកផ្លែឈើ ឬទទួលទានជាមួយនំប៉័ង ជំនួសជែម ឬដំណាប់ផ្លែឈើ ជាដើម។

Mature man eating honey for breakfast at home.

តើទទួលទានទឹកឃ្មុំច្រើនជ្រុលពេក មានគុណវិបត្តិយ៉ាងណា?
គុណវិបត្តិរបស់ការទទួលទានទឹកឃ្មុំច្រើនជ្រុលពេក គឺ…
១.អាចធ្វើឱ្យកើតអាការឆ្អល់ពោះ និងរាករូស ដោយសារតែមានស្ករ ហ្វ្រ៊ុកថូស ច្រើន ដែលអាចធ្វើឱ្យកើតបញ្ហាក្នុងការបឺតជ្រាបក្នុងពោះវៀនបាន។
២.ទឹកឃ្មុំ នៅតែមិនស័ក្តិសមជាមួយអ្នកជំងឺទឹកនោមផ្អែមឡើយ។
៣.មិនគួរឱ្យក្មេង ដែលមានអាយុតិចជាង ១ខួប និងស្ត្រីដែលកំពុងមានគភ៌ ឬកំពុងបំបៅដោះកូន ទទួលទានទឹកឃ្មុំឡើយ ព្រោះនៅក្នុងទឹកឃ្មុំអាចមាន “ស្ព័រ” របស់មេរោគ ដែលអាចធ្វើឱ្យកើតជំងឺ បូធូលីហ្ស៊ឹម ជាជំងឺខុសប្រក្រតីខាងប្រព័ន្ធប្រសាទ ដែលកើតឡើងភ្លាមៗដោយការទទួលជាតិពុល Botulinum toxin។

បានដឹងដូច្នេះហើយ អ្នកដែលចូលចិត្តពិសាទឹកឃ្មុំ នៅអាចទទួលទានបាន និងនៅតែទទួលបានអត្ថប្រយោជន៍ ពីទឹកឃ្មុំបានពេញលេញដដែល មិនបាច់ខ្លាចកើតជំងឺអ្វីធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែត្រូវប្រយ័ត្នលើបរិមាណក្នុងការទទួលទាន កុំឱ្យវាច្រើនជ្រុលពេក និងបើសិនចាប់ផ្តើមកើតមានអាការឆ្អល់ពោះ រាក គួរផ្អាកទទួលទានមួយរយៈ រាងកាយនឹងល្អប្រសើរឡើងវិញមិនខាន៕

Variety of sweeteners – Stevia, sugar, pollen and honey
Close-up of mature man eating toasted bread with butter and honey for breakfast.
Breakfast in Room
Preparing toast with butter and delicious honey for breakfast
Honey dripping off a spoon.More like this:
×