ភ្នំពេញ៖ ធនាគារស្ថាបនា សូមប្រកាសពីការចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្មផ្ទេរប្រាក់ទូទាំងពិភពលោក របស់Western Union មកកាន់បណ្តាសាខារបស់ខ្លួនទូទាំងប្រទេស។ តាមរយៈសេវាកម្មនេះ អតិថិជនអាចធ្វើការផ្ញើ និងទទួល ប្រាក់បានយ៉ាងឆាប់រហ័សទូទាំងប្រទេសកម្ពុជា។ ការចុះកិច្ចព្រមព្រៀង បានធ្វើកាលពីរសៀលថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា លោក KATO Norihiko បានមានប្រសាសន៍ថា ” យើងមានសេចក្តីរីករាយ ដែលបានសហការជាមួយWestern Union ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើងអាចភ្ជាប់ទំនាក់ទំនងគ្នាទៅវិញ ទៅមក ស្ទើរគ្រប់ប្រទេសនៅលើពិភពលោក រួមទាំងក្នុងស្រុកផងដែរៗ។
លោក KATO បានបន្ថែមថា ” ការផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងភាពជឿជាក់ របស់Western Union មានសារសំខាន់ ចំពោះយើង ហើយយើងមានមោទនភាពក្នុងការពង្រឹងវិសាលភាពសេវាកម្មរបស់យើង”។ បច្ចុប្បន្ន មានប្រជាជនកម្ពុជា ជាងមួយលាននាក់កំពុងបម្រើការងារនៅបរទេស ដែលភាគច្រើននៅក្នុងប្រទេសថៃ។ ពលករកម្ពុជា ក៏មាននៅក្នុងប្រទេសផ្សេងៗទៀត ផងដែរ មានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។
បើយោងតាមសៀវភៅកំណត់ត្រានៃការធ្វើចំណាកស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភលោក ឆ្នាំ២០១៦ ប្រទេសកម្ពុជា គឺជាប្រទេសទទួលប្រាក់ពីបរទេសធំជាងគេលំដាប់ទី៨ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមានចំនួន០,៩ពាន់លានដុល្លារអាមេរិក។
លោក Atish Shrestha នាយតំបន់ Western Union ប្រចាំំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា “ប្រាក់ដែលបានផ្ញើដោយពលរដ្ឋកម្ពុជារស់នៅឯក្រៅប្រទេស ដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ខណៈដែលមានប្រជាជនកម្ពុជា កាន់តែច្រើនស្វែងរកការងារនៅឯក្រៅប្រទេស ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេ នៅស្រុកកំណើតវិញ។ ការប្តេជ្ញាចិត្ត របស់យើងគឺធ្វើយ៉ាងណាបន្ត និងពង្រីកវិសាលភាពនៃដំណើរការសេវាកម្មផ្ញើប្រាក់ពីក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេសឲ្យកាន់តែមានភាពងាយស្រួល”។
លោក Atish Shrestha បានបន្ថែមថា “យើងសូមស្វាគមន៍ ធនាគារស្ថាបនា មកកាន់គ្រួសារ Western Union និងជឿជាក់ថា វិសាលភាពនៃបណ្តាញសាខារបស់ពួកគេនឹង ផ្តល់ភាពងាយស្រួលសម្រាប់សេវាផ្ទេរប្រាក់ទាំងក្នុងស្រុកនិងក្រៅស្រុក “។
ភាពជាដៃគូជាមួយនឹងធនាគារ ស្ថាបនានេះ មិនត្រឹមតែអាចបំពេញតម្រូវការ ហិរញ្ញវត្ថុរបស់អតិថិជនបានប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសផងដែរ ៕ ដោយ៖កូឡាប