ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ៖ ដោយសារតែសព្វថ្ងៃនេះ ផ្លូវជាតិលេខ៤ ដែលផ្លូវជាតិតភ្ជាប់រាជធានីភ្នំពេញ ដោយផ្ទាល់ទៅកំពង់ផៃសមុទ្រទឹកជ្រៅ របស់កម្ពុជាតែមួយគត់ នៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងរងសម្ពាធចរាចរណ៍ យ៉ាងមមាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្ម នឹងត្រូវស្តារឡើងវិញ។
ប្រទេសកម្ពុជា នឹងបន្តកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់ នឹងអាកាសធាតុ នៃផ្លូវជាតិដ៏សំខាន់មួយ ជាមួយនឹងហិរញ្ញវត្ថុបន្ថែមចំនួន ១១០លានដុល្លារសហរដ្ឋអាមេរិកដែលក្រុមប្រឹក្សានាយកប្រតិបត្តិ របស់ធនាគារពិភពលោកបានអនុម័ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងវ៉ាស៊ីនតោន។
ការគាំទ្រហិរញ្ញវត្ថុបន្ថែមសម្រាប់គម្រោងគ្រប់គ្រងសម្បតិ្តផ្លូវថ្នល់ ជំហានទី២ (Road Asset Management Project ll/RAMP ll) នេះក៏នឹងត្រូវបានគេរំពឹងថា នឹងជួយផ្តល់ដល់ការឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានស្ថានភាពបន្ទាន់។
ផ្លូវជាតិលេខ៤ ដែលផ្លូវជាតិតភ្ជាប់រាជធានីភ្នំពេញ ដោយផ្ទាល់ទៅកំពង់ផៃសមុទ្រទឹកជ្រៅ របស់កម្ពុជាតែមួយគត់នៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ច មួយចំនួន និងតំបន់កសិកម្មជាច្រើនក្នុងនោះរួមមានកសិដ្ឋានខ្នាតធំផងដែរ ។ នៅក្រោមជំនួយហិរញ្ញប្បទានបន្ថែមនេះ បណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រនឹងទទួលបានការបង្កើនគុណភាព ឲ្យល្អជាងមុន តាមរយៈការអ៊ុតកៅស៊ូថ្មីពីលើ និងការរៀបចំឡើងវិញនូវចិញ្ចើមសងខាងផ្លូវការដាក់លូបង្ហូរទឹក និងការធ្វើស្ពាន នៅក្នុងតំបន់ងាយលិចទឹក នៅតាមដងផ្លូវនេះ។
លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគម្រោង មានប្រសាសន៍ថា “ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកលើផ្លូវជាតិលេខ៤នេះ ដោយសារថា វាជាផ្លូវតែមួយគត់សម្រាប់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាមួយកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។
ការកែលម្អស្ថានភាពផ្លូវដ៏សំខាន់មួយនេះ នឹងជួយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយលើការដឹកជញ្ជូនដែលអាចជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងថែមទៀតនៅក្នុងតំបន់”។
ក្រៅពីការរៀបចំគម្រោងបែបច្នៃប្រឌិតដែលធន់នឹងអាកាសធាតុជាងមុន ហិរញ្ញប្បទានបន្ថែមនេះ នឹងត្រូវបានយកទៅប្រើប្រាស់ផង ដែរ ដើម្បីបង្កើនសមត្ថភាពរបស់ស្ថានីយថ្លឹងរថយន្តបច្ចុប្បន្ន និងជួយកាត់បន្ថយហានិភ័យ ដែលអាចបណ្តាលមកពីការដឹកទំនិញលើសទម្ងន់អនុញ្ញាត។ សុវត្ថិភាពផ្លូវនឹងត្រូវបានចាត់ទុកជាអាទិភាពចម្បង តាម រយៈការកំណត់សញ្ញាតំបន់ល្បឿនមានកម្រិត ផ្លូវមានសុវត្ថិភាព និងកែលម្អផ្លូវខ្នាតតូចភ្ជាប់ផ្លូវឡើងមកផ្លូវជាតិ ដែលរួមមានទាំងការដំឡើងស្លាកសញ្ញាបង្ហាញផ្លូវ បង្គោលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនរបស់អ្នកបើកបរទៀតផង។ កិច្ចសន្យាម៉ៅការផ្អែកលើគុណផលការងារនឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ហិរញ្ញប្បទាននេះឱ្យបានដល់កម្រិតអតិបរមា។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ការខ្វះ ចន្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាការប្រឈមដ៏ធំមួយ ដល់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជន។ គម្រោងដែលនឹងកែលម្អ ស្ថានភាពផ្លូវជាតិលេខ៤នេះ នឹងជួយដោះស្រាយភាពប្រឈមទាំងនោះ ហើយវានឹងពង្រីកកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋកម្ពុជា”។
ហិញ្ញប្បទានបន្ថែមនេះ បានពង្រីកវិសាលភាពរបស់គម្រោង RAMP II ដែលបានអនុម័ត កាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងគោលដៅកែលម្អផ្លូវជាតិ នៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និង ខេត្តក្រចេះ។ កញ្ចប់ហិរញ្ញប្បទាននេះ នឹងជួយសម្រួលដល់ការឆ្លើយតបភ្លាមៗផងដែរ ក្នុងករណីស្ថានភាព មានវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយដែលចាំបាច់។
មូលនិធិបន្ថែម សម្រាប់គាំទ្រគម្រោងដែលពង្រីក រហូតដល់រយៈពេលប្រាំបីឆ្នាំកន្លះនេះ បានផ្តល់ហិរញ្ញវត្ថុ ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាផ្នែកមួយរបស់ ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រ។ មូលនិធិនេះ ជាឥណទានដែលគ្មានការប្រាក់ ហើយនឹងត្រូវសងទូទាត់ ក្នុងរយៈពេល៣៨ឆ្នាំ រាប់ទាំងដំណាក់កាលអនុគ្រោះរយៈពេល ៦ ឆ្នាំផងដែរ។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្នើសុំកម្ចីពីធនាគារពិភពលោក ប្រមាណ ១០០លានដុល្លារ ដើម្បីស្តារ និងថែទាំផ្លូវជាតិលេខ៤ឡើងវិញ។ លោកបានលើកឡើងថា ផ្លូវជាតិលេខ៤ គឺជាផ្លូវដ៏សំខាន់ក្នុងការដឹកទំនិញទៅលក់នៅបរទេស ដោយឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ និងការនាំចូលទំនិញពីបរទេសផងដែរ។ លោកបន្តថា ផ្លូវនេះមានការខូចខាតមួយចំនួន ដែលត្រូវសុំកម្ចីពីធនាគារពិភពលោក ក្នុងការអ៊ុតឡើងវិញ ដោយមិនរង់ចាំនោះទេ។ ចំពោះសំណើលើប្រាក់កម្ចីនេះ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក នឹងបើកកិច្ចប្រជុំពិភាក្សានៅក្នុងខែមិថុនាខាងមុខនេះ។
ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត ដែលស្ថាបនាឡើងដោយសហរដ្ឋអាមរិក ក្នុងសម័យសង្គមរាស្ត្រនិយម ៕ ដោយ៖បញ្ញាស័ក្តិ