Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងសុភមង្គល៖ ៤សញ្ញាបង្ហាញថា ដល់ពេល “ចែកផ្លូវ” ទោះខំទ្រាំ…ក៏ទៅលែងរួចដែរ

ជីវិតគូ ពេលខ្លះការខំប្រឹងទ្រាំទប់ ព្រោះមិនចង់បាក់បែក អាចមិនបានជួយឱ្យសម្ព័ន្ធភាពជីវិតគូ ល្អប្រសើរឡើង ដូចដែលមនុស្សជាច្រើនខំព្យាយាមនោះទេ បើទោះជាមានការតាំងចិត្តយ៉ាងខ្លាំងក្លា ក្នុងការទប់ប្រគងគ្នាទៅវិញទៅមក ដើម្បីឱ្យបានត្រឡប់ទៅដូចដើមវិញក៏ដោយ តែទីបំផុត នៅតែត្រូវជួបនឹងបញ្ហាច្រំដែលៗគួរឱ្យធុញទ្រាន់ដដែល ហើយការខំប្រឹងបន្តរស់នៅជាមួយគ្នានេះ នឹងរឹតតែក្លាយជាការបំផ្លាញផ្លូវចិត្តខ្លួនឯងកាន់តែធ្ងន់ធ្ងរឡើងៗទៀតផង។ អ្នកណាដែលកំពុងប្រឈមនឹងបញ្ហាជីវិតក្រោយអាពាហ៍ពិពាហ៍ដែលមិនល្អរលូនបែបនេះ ចូរសាកល្បងនាំគ្នាពិនិត្យមើលបន្តិចមើល៍ថា…ការពិតទៅ ស្នេហាបានដើរមកដល់ផ្លូវទ័លហើយ តើយើងគួរតែលែងដៃពីគ្នា ប្រសើរជាង ឬយ៉ាងណា?

១-ចូលគេងរៀងៗខ្លួន
បើសិនអ្នកជាគូស្វាមីភរិយា ដែលធ្លាប់តែចូលគេងជាមួយគ្នាទៀងពេលវេលា និងត្រូវរង់ចាំគ្នា មុននឹងចូលបន្ទប់គេង ប៉ុន្តែពេលនេះ អ្នកទាំង២ បែរជាប្រែប្រួលមិនដូចមុន ម្នាក់ចូលបន្ទប់គេងមុន ចំណែកម្នាក់ទៀតបែរជានៅចាំចូល ពេលដែលគិតថា ម្នាក់ទៀតនោះ គេងលក់ហើយ ដើម្បីកុំឱ្យបានជួបមុខគ្នានោះ។ បែបហ្នឹង គឺជាសញ្ញាដែលកំពុងបង្ហាញថា ជីវិតគូរបស់អ្នក ចាប់ផ្ដើមមានអ្វីប្លែកហើយ។

២-ធ្វើការងារពេលទំនេរ រៀងៗខ្លួន
បើនារីៗយើងចាប់ផ្ដើមមើលឃើញថា កិច្ចការងារមួយចំនួន ដែលធ្លាប់ធ្វើជាមួយគ្នា អីឡូវបែរជាបាត់ ខកខានលែងឃើញមាន ហើយអ្វីដែលកំពុងប្រឈមនៅពេលនេះ គឺការងារពេលទំនេរផ្សេងៗទាំងនោះ ត្រូវបានអ្នក ឬគេបំបែកគ្នាធ្វើ ក្លាយជាការងារផ្ទាល់ខ្លួនម្នាក់ៗរៀងៗខ្លួន ដូចជា អ្នកអាចនឹងទៅអង្គុយអានសៀវភៅ ក្រេបកាហ្វេនៅក្នុងបន្ទប់ ស្ងាត់ៗតែម្នាក់ឯង ចំណែកស្វាមីរបស់អ្នកវិញ បែរជាទៅចំណាយពេលវេលាជាមួយនឹងការអង្គុយលេងតែឯងនៅក្នុងសួនច្បារក្រោយផ្ទះ ឬដាំផ្កា ធ្វើដូចម្នាក់ៗកំពុងរស់នៅម្នាក់ឯងនោះ ហ្នឹងគឺមានន័យថា គេ ឬរូបអ្នកផ្ទាល់ កំពុងចាប់ផ្ដើមចង់រស់នៅម្នាក់ឯងកាន់តែខ្លាំងឡើងហើយ។

៣-ទើសទ័ល និងចាប់ផ្ដើមលែងជឿជាក់លើខ្លួនឯង
ពេលនៅជាមួយគ្នា ខំប្រឹងព្យាយាមធ្វើកិច្ចការងារ ដែលធ្លាប់មានសេចក្ដីសុខជាមួយគ្នា តែវាបែរជាផ្ដល់នូវអារម្មណ៍មិនដូចមុន វាក្លាយទៅជាភាពធុញថប់ទើសទ័ល លែងមានទំនុកចិត្តលើខ្លួនឯង និងធ្វើអ្វីក៏មិនរលូនល្អ ហើយថែមទាំងគ្មានសេចក្ដីសុខដូចពេលមុនៗទៀតផង បើទោះជាខំព្យាយាមធ្វើម្ដងហើយម្ដងទៀតក៏ដោយ ក៏មើលទៅហាក់ដូចជាវាមិនជួយឱ្យល្អប្រសើរឡើងសោះនោះ ហ្នឹងក៏ជាសញ្ញា ១ទៀត ដែលប្រាប់ថា អ្នកទាំង២ កំពុងលែងទៅជាមួយគ្នាបានទៀតហើយ។

៤-លែងមានអារម្មណ៍សិចរវាងគ្នា
អ្នកត្រូវបែងចែកឱ្យដាច់ជាមុនសិន រវាងការលែងមានអារម្មណ៍សិចចំពោះគ្នា និងការទុករយៈពេលគម្លាតនៃការមានសិច ព្រោះរឿងក្រោយនេះ វាមិនមែនជាមូលហេតុដែលធ្វើឱ្យកើតការលែងលះគ្នាទេ តែបើក្នុងករណីដែលរូបអ្នក ឬស្វាមី ម្នាក់ៗនាំគ្នាគេចចេញពីការមានសិចជាមួយគ្នា ព្រោះមិនមានអារម្មណ៍ចំពោះគ្នា ដូចជា គេសុំហើយ តែអ្នកបដិសេធ ឬអ្នកព្យាយាមកេះគេហើយ តែគេបែរជាឆ្លើយមកវិញថា ថ្ងៃនេះធ្វើការហត់ណាស់ ចង់សម្រាក នោះប្រហែលជាត្រូវបែរមុខមកជជែកគ្នាតាមត្រង់ហើយថា តើដោយសារអី បានជាកើតស្ថានការណ៍បែបហ្នឹងឡើង?

ពេលថ្លឹងថ្លែងមើលហើយ វាឃើញហាក់ដូចជាថា បើជីវិតគូក្រោយពេលរៀបការរបស់អ្នកទាំង២ មិនរលូនល្អ គ្មានសេចក្ដីសុខ បើទោះជាខំប្រឹងព្យាយាមយ៉ាងពេញទំហឹងទាំង ២ភាគីហើយក៏ដោយនោះ ចូរសាកល្បងបែរមុខរកគ្នា និយាយប្រឹក្សាគ្នាថា តើនឹងត្រូវធ្វើដំណើរបន្តទៅមុខទៀតយ៉ាងណា? ឬក៏ត្រូវចែកផ្លូវគ្នា ដើម្បីស្វែងរកចម្លើយឱ្យបានសិនយ៉ាងម៉េចដែរ? ឬក៏អ្នកទាំង២ អាចក្លាយជាមិត្តនឹងគ្នា វាសប្បាយចិត្ត ជាជាងបណ្ដោយឱ្យវាក្លាយទៅជាការឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ រហូតទីបំផុតក្លាយជាការលែងលះ ដែលបញ្ចប់ដោយភាពជាសត្រូវនឹងគ្នា?៕

×