ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨ ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានជាង១ពាន់លានដុល្លារអាមេរិក កើតឡើនឡើងជាង១២ភាគរយ ស្មើនឹង ៥៤,២៣ភាគរយ នៃផែនការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
របាយការណ៍ប្រមូលចំណូលពន្ធនេះ ត្រូវបានប្រកាសក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៣៧,៣៧ ប៊ីលានរៀល (ប្រមាណជា១៣៤,៣៤ លានដុល្លារអាមេរិក) ស្មើនឹង ៦,៩៨ភាគរយ នៃផែនការច្បាប់ឆ្នាំ២០១៨។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែឧសភា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែឧសភា ឆ្នាំ២០១៨ កើនឡើងចំនួន ៦៥,៩២ ប៊ីលានរៀល (ប្រមាណ ១៦,៤៨ លានដុល្លារអាមេរិក) ស្មើនឹង ១៣,៩៨ភាគរយ។
សរុបក្នុង រយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ចំនួន ៤.១៧១,៨២ ប៊ីលានរៀល (ប្រមាណជា ១.០៤២,៩៦លានដុល្លារអាមេរិក) ឬស្មើនឹង ៥៤,២៣ភាគរយ។ ប្រសិនបើប្រៀបធៀបនឹង៥ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុង៥ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន ៤៥២,០៥ ប៊ីលានរៀល (ប្រមាណ១១៣ លានដុល្លារអាមេរិក) ស្មើនឹង១២,១៥ភាគរយ។ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។
លោកអគ្គនាយក ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការមួយចំនួន ត្រូវបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។ គ្រោងនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ ផ្សាយបន្តផ្ទាល់នៃកិច្ចប្រជុំ ដែលផ្តល់លទ្ធភាពដល់ថ្នាក់់ដឹកនាំ និងមន្ត្រីនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌនានា អាចមើលនិងទទួលបានព័ត៌មានផ្ទាល់ អំពីកិច្ចប្រជុំនានា របស់អគ្គនាយកដ្ឋានពន្ធដារ។ បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយក្នុងនោះ ក៏ត្រូវពង្រឹងតាមដាន សហគ្រាសទាំងឡាយ ដែលប្រើប្រាស់រូបភាព មានអ្នកឈរឈ្មោះជំនួស ព្រមទាំងបន្តការងារជំរុញការ ចុះបញ្ជីពន្ធដារចំពោះ សហគ្រាសដែលមិនទាន់បានចុះបញ្ជី នៅតាមបណ្តាខេត្ត-ខណ្ឌទាំងអស់។ បន្តពង្រឹងចាត់វិធានការចំពោះ ការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធ ចំពោះក្រុមហ៊ុន ដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព។ ពង្រឹងតាមដានការចាត់ចែង លិខិតប្រកាស ជាពិសេស នៅតាមបណ្តាខេត្ត-ខណ្ឌនានា។
បន្តពង្រឹង និងធ្វើឱ្យប្រសើរឡើងថែមទៀត លើការបង្វិលសងអាករលើតម្លៃបន្ថែម ជូនស្ថានទូត អង្គការអន្តរជាតិ ក៏ដូចជាសហគ្រាសនានា ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ ក៏បានសម្រួលនីតិវិធី នៃការបង្វិលសង ស្របតាមប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ និងប្រកាសលេខ ៥៧៧ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ សហការជាមួយអគ្គនាយកដ្ឋាន គោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រ កែទម្រង់ពន្ធដារ ដោយផ្តោតការយកចិត្តទុកដាក់ ជាសំខាន់លើកិច្ចការកៀរគរចំណូល និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន។ បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃ ក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងត្រៀមដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធវាយតម្លៃ ធនធានមនុស្សពេញលេញ ដែលនឹងត្រៀមដាក់ឱ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងអភិបាលកិច្ចល្អ កែប្រែផ្តត់គំនិត របស់មន្ត្រីពន្ធដារឱ្យក្លាយ ជាអ្នកបម្រើសេវាជូនអ្នកជាប់ពន្ធបានល្អ ក្លាយជាមន្ត្រីដែលពោរពេញដោយសមត្ថភាព ជំនាញ និងទេពកោសល្យ ស្មោះត្រង់ មានភាពម្ចាស់ការ ព្រមទាំងមានមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញភារកិច្ចការងារ។ បន្តជំរុញអនុវត្តឱ្យកាន់តែស៊ីជម្រៅ ថែមទៀត នូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការផ្ត
ល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ។ បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយពង្រឹងនូវការប្រើប្រាស់ ការធ្វើសវនកម្មសហគ្រាស តាមប្រព័ន្ធ ពង្រីការប្រើប្រាស់ប្រព័ន្ធ តាមដានឯកសារ (Tracking Document System) គ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ។ បន្តធ្វើបច្ចុប្បន្នភាពព័ត៌មាន អចលនទ្រព្យ នៅរាជធានីភ្នំពេញ និងតំបន់ដែលជាកម្មវត្ថុ នៃពន្ធលើអចលនទ្រព្យ។ បន្តខិតខំប្រមូលបំណុលពន្ធ ដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ ក្នុងការធ្វើសវនកម្ម ចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ ក្នុងការបាត់បង់ចំណូលពន្ធ ដោយសារតែប្រកាសបង់ពន្ធ ក្នុងកម្រិតទាប មិនឆ្លើយតបនឹងសកម្មភាព អាជីវកម្មរបស់ខ្លួន ឬប្រកាសខាតជាច្រើនឆ្នាំ៕ ដោយ៖កូឡាប