ក្រុមហ៊ុនយក្សនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គេហទំព័រ YouTube ដែលរងការគេរិះគន់ជាញឹកញាប់ថា មិនទូទាត់សងប្រាក់ដល់អ្នកបង្កើតវីដេអូបានគ្រប់គ្រាន់ទេនោះ នឹងអនុញ្ញាតឱ្យពួកគេបង្កើតសមាជិកឆានែលដែលបង់ប្រាក់ ។
លោក Neal Mohan ប្រធានផលិតផលរបស់ YouTube បាននិយាយថា បច្ចុប្បន្ននេះ ប្រាក់ចំណូលភាគច្រើនដ៏ធំធេង នៅសេវាកម្មគ្រប់គ្រងដោយ Google បានមកពីការផ្សព្វផ្សាយ ហើយវានៅតែជាការផ្តោតការអារម្មណ៍ ។
លោកបន្តថា៖ «ប៉ុន្តែយើងខ្ញុំ ក៏ចង់គិតពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ។ ហេតុដូច្នេះ អ្នកបង្កើតវីដេអូ គួរមានមធ្យោបាយ និងឱកាសជាច្រើន ដើម្បីសាងប្រាក់ចំណូលបន្ថែម តាមអ្វីដែលអ្នកអាចធ្វើទៅបាន» ។
អ្នកទស្សនានឹងបង់ប្រាក់ ៤.៩៩ ដុល្លារក្នុងមួយខែ សម្រាប់សមាជិកឆានែលដែលផ្តល់ឱ្យពួកគេ បានចូលទៅកាន់មាតិកាផ្តាច់មុខដែលរួមទាំងការផ្សាយវីដេអូបន្តផ្ទាល់ livestream, វីដេអូបន្ថែម ឬ តន្ត្រីចម្រៀង នៅលើប៉ុស្តិ៍ (ឆាណែល) ដែលមានអតិថិជន (subscriber) ជាង១សែន (១០០,០០០) នាក់ ។
ក្រុមហ៊ុនយក្សមួយនេះនិយាយថា ម្ចាស់វីដេអូ ឬ អ្នកបង្កើតវីដេអូ នឹងក៏អាចលក់ទំនិញដូចជា អាវយឺត ឬ កិសទូរស័ព្ទដោយផ្ទាល់ដៃ នៅលើឆាណែលរបស់ពួកគេផងដែរ ។
YouTube បានបង្វិលផ្នែកតូចមួយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ទៅឲ្យម្ចាស់វីដេអូ ដែលតែងចោទប្រកាន់ក្រុមហ៊ុនផ្តល់ឲ្យពួកត្រឹមតែ១ភាគតូចប៉ុណ្ណោះ ។
បណ្តាញសង្គមនេះកំពុងប្រឈមនឹងការប្រកួតប្រជែងដែលកើនឡើង ពីក្រុមហ៊ុនដទៃៗទៀត ដោយប្រើវីដេអូកាន់តែច្រើនឡើងៗ ។
YouTube និយាយថា ខ្លួនមានអ្នកប្រើប្រាស់ជាង ១.៩ ពាន់លាននាក់ ប៉ុន្តែ តួលេខនេះគ្រាន់តែរាប់បញ្ចូលអ្នកដែលបាន Log ចូលតាមរយៈគណនីរបស់ពួកគេប៉ុណ្ណោះ ។
តាមរយៈការយល់ដឹងកន្លងមក នោះគោលការណ៍របស់ YouTube នឹងមិនតម្រូវឲ្យអ្នកផលិតវីដេអូទាំងអស់ ចេះតែធ្វើផ្តេសផ្តាសស្រេចតែចិត្តនោះទេ ក្នុងនោះដូចជាជាវីដេអូពុំជាប់កម្មសិទ្ធបញ្ញា, សិច, រឿងកាចសាហាវស្លុតរន្ធត់,… និយាយឲ្យខ្លីទៅ គឺជាវីដេអូជារបស់ខ្លួនឯង ហើយមានប្រយោជន៍ទៅដល់អ្នកទស្សនា ៕ ឧត្តម