-ជាប្រក្រតី មនុស្សយើងគួរគេងលក់ក្នុង១ថ្ងៃ ឱ្យបានជាមធ្យមពី ៦-៧ម៉ោង។ បើសិនយើងគេងលក់មិនគ្រប់គ្រាន់ នឹងបង្កឱ្យមានភាពប្រឈមដល់បញ្ហាសុខភាព ច្រើនជាង ឬស្មើនឹងអ្នកដែលជក់បារី អ្នកដែលកើតជំងឺលើសឈាម និងអ្នកដែលកើតជំងឺបេះដូង។
-ការគេងមិនលក់ អាចបណ្ដាលមកពីភាពតានតឹងធុញថប់ដែលមានច្រើន អ័រម៉ូនក្នុងរាងកាយខុសប្រក្រតី គេងស្រមុក កន្ត្រាក់ជើង មមើ យល់សប្តអាក្រក់ញឹកញាប់ ធ្វើឱ្យពេលភ្ញាក់ឡើងមានអាការនឿយល្វើយ មិនស្រស់ស្រាយ ដូច្នេះគួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ មុននឹងចាប់ផ្ដើមការព្យាបាលឱ្យចំចំណុច។
តែបើសិនលោកអ្នកកំពុងមានអាការ ៣យ៉ាងគឺ គេងមិនលក់ រសាប់រសល់ គេងស្រមុក ឬមានសភាវពិបាកដកដង្ហើមខណៈលង់លក់ និងមានអាការនឿយល្វើយដោយមិនដឹងមូលហេតុនោះ អាការទាំងនោះ កំពុងតែចង់ប្រាប់អំពីគុណភាពនៃការគេងលក់ដែលមិនល្អហើយ។
គេងលក់មិនគ្រប់គ្រាន់ បង្កផលអាក្រក់ដល់សុខភាព
ចំពោះមនុស្សធំ…អ្នកដែលចូលគេងយប់ជ្រៅ ហើយគេងមិនលក់ ច្រើនមានភាពប្រឈមនឹងការកើតជំងឺលើសឈាម ជំងឺបេះដូង សភាវបេះដូងលែងធ្វើការ រោគសរសៃឈាមខួរក្បាល រោគធាត់ និងថែមទាំងធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារថយចុះ គិត ឬសម្រេចចិត្តរឿងអ្វីមួយយឺតយ៉ាវ និងអាចមានបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ភាពខុសប្រក្រតីខាងអារម្មណ៍ រោគសោកសៅផ្សេងៗ រួមទាំងរឿងជួបគ្រោះថ្នាក់ឧបត្តិហេតុ ដែលជាមូលហេតុនៃការស្លាប់ ដែលយើងជួបប្រទះញឹកញាប់នាពេលបច្ចុប្បន្នទៀតផង។
ចំពោះកុមារ…ក្មេងដែលគេង ឬសម្រាកមិនបានគ្រប់គ្រាន់ នឹងមានផលប៉ះពាល់ដល់ការចម្រើនធំធាត់ អាចមានអាការសមាធិខ្លី អារម្មណ៍មិននឹងនរ ធ្វើឱ្យជំនាញក្នុងការរៀនយល់ដឹងមិនសូវល្អ។
តើការគេងមិនលក់ បណ្ដាលមកពីមូលហេតុអ្វីខ្លះ?
១- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាទឹកតែ កាហ្វេ និងទឹកភេសជ្ជៈកំប៉ុង។
២- ការញ៉ាំបង្អែមច្រើនមុនពេលគេង ព្រោះជាតិស្ករ នឹងជំរុញឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ ឬការទទួលទានអាហារដែលមានជាតិអំបិលសូដ្យូមខ្ពស់ ធ្វើឱ្យសម្ពាធឈាមកើនឡើង រាងកាយរសាប់រសល់ ធ្វើឱ្យពិបាកគេងលក់។
៣- ការបរិភោគអាហាររសជាតិខ្លាំង និងអាហារខ្លាញ់ៗច្រើនជ្រុលពេកនៅពេលល្ងាច ឬមុនពេលគេង អាចហុចផលធ្វើឱ្យគេងមិនលង់លក់ល្អ។
៤- ការញ៉ាំអាហារប៊ុហ្វហ្វេឆ្អែតខ្លាំង នឹងជំរុញធ្វើឱ្យយើងគេងមិនលក់
៥- ភាពតានតឹងធុញថប់ក្នុងចិត្តមានច្រើន និងបញ្ហាសុខភាពផ្លូវចិត្ត
៦- ការគេងស្រមុក ឬសភាវពិបាកដកដង្ហើមខណៈពេលគេងលក់
៧- អតុល្យភាព ឬភាពមិនស្មើគ្នារបស់អ័រម៉ូនក្នុងរាងកាយ ដូចជា ក័រ-ទី-ហ្សូល និង មេ-ឡា-ថូនីន រួមទាំងការឈានចូលវ័យអស់វដ្តរដូវរបស់នារី និងវ័យអស់មេបន្តពូជរបស់បុរស
៨- អាការ Restless legs syndrome ជាអាការដែលអ្នកជំងឺមានអារម្មណ៍ថា ដូចមានអ្វីមកតោងឡើងនៅលើជើង មានអារម្មណ៍រសើបៗ ឬមានអាការញាក់ទ្រើតៗរបស់ជើង ដែលច្រើនតែកើតឡើងនៅពេលយប់ បើសិនមានអាការធ្ងន់ធ្ងរខ្លាំង អាចនឹងធ្វើឱ្យគេងមិនលក់ ព្រោះត្រូវតែកម្រើកជើងជានិច្ច។
វិធីកែបញ្ហាគេងមិនលក់ ដោយការសាកល្បងកែសម្រួលទង្វើ
១- ការកំណត់ពេលវេលាចូលគេងឱ្យទៀងពេលជាប្រចាំរៀងរាល់ថ្ងៃ និងគួរក្រោកពីគ្រែភ្លាម ពេលភ្ញាក់នៅពេលព្រឹក
២- មិនគួរធ្វើការងារ មើលទូរទស្សន៍ អានសៀវភៅ ឬលេងទូរស័ព្ទនៅលើគ្រែគេង ឬពេលគេង
៣- រៀបចំបន្ទប់គេងឱ្យងងឹត ស្ងាត់ មានខ្យល់អាកាសចេញ-ចូលល្អ សម្រួលសីតុណ្ហភាពម៉ាស៊ីនត្រជាក់ ឱ្យស័ក្តិសមនឹងតម្រូវការ
៤- មិនគួរគេងពេលថ្ងៃទេ ព្រោះវានឹងនាំឱ្យពិបាកគេងលក់នៅពេលយប់
៥- មិនគួរទទួលទានអាហារពេលល្ងាច ម្ដងៗច្រើនៗ ឬអាហាររសជាតិខ្លាំងៗឡើយ ព្រោះនឹងធ្វើឱ្យមិនស្រួលពោះ និងកាន់តែពិបាកគេងលក់ខ្លាំងជាងមុន
៦- តមការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច
៧-ចៀសវាងការញ៉ាំទឹកច្រើនៗ ក្នុងអំឡុងពេលជិតចូលគេង ព្រោះនឹងធ្វើឱ្យត្រូវក្រោក ទៅចូលបន្ទប់ទឹកច្រើនដងនៅពេលយប់
៨-ងូតទឹកក្ដៅឧណ្ហៗមិនចូលគេង នឹងធ្វើឱ្យសាច់ដុំបានធូរស្រាល ងាយស្រួលគេងលក់៕