Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ អ្នកម្ដាយសម័យថ្មីត្រូវតែដឹង! តើត្រូវទប់ទល់យ៉ាងណា ពេលកូនញៀនហ្គេម?

យុគសម័យដែលតិចណូឡូជីកំពុងអភិវឌ្ឍយ៉ាងលឿន គួបផ្សំនឹងទូរស័ព្ទស្មាតហ្វូន ក៏មានតម្លៃមិនថ្លៃ រួមទាំងការធ្វើការងារដ៏មមាញឹករបស់អ្នកម្ដាយ ក៏អំណោយផលឱ្យកូនបានប្រើតិចណូឡូជីទំនើបមុនដល់វ័យសមល្មមផងនោះ ពេលងាកទៅមើលម្ដងទៀត ក៏ស្រាប់តែកូនរបស់យើង ក្លាយជាក្មេងដែលមានទីតាំងផ្ទាល់ខ្លួនត្រឹមតែលើអេក្រង់ទូរស័ព្ទ និងញៀនហ្គេមបាត់ទៅហើយ។ ដូច្នេះតើនឹងត្រូវទប់ទល់ចំពោះរឿងនេះយ៉ាងណាទៅ? ថ្ងៃនេះ ប៉ាម៉ាក់ឆ្លាតវៃ មានដំបូន្មានល្អៗមកជម្រាបជូន...

១- ប្រើ App ផ្សេងៗជួយ

បើកូនញៀនហ្គេមខ្លាំង រហូតពិបាកក្នុងការធ្វើឱ្យគេឈប់លេងបានភ្លាមៗនោះ ការប្រើ អ៊ែបជួយ ក៏ជាវិធីដែលល្អមួយដូចគ្នាដែរ ដោយអ្នកម្ដាយអាចស្វែងរក អ៊ែបណាដែលល្អៗគួរឱ្យចាប់អារម្មណ៍ មកឱ្យកូនលេងជំនួសវិញ ដើម្បីទាញកូនចេញពីហ្គេមឱ្យបានសិន រួចហើយសឹមឱ្យគេបញ្ឈប់ការលេងហ្គេមទូរស័ព្ទជាបណ្ដើរៗឱ្យកាន់តែតិចទៅ។

២- អធិប្បាយពន្យល់ឱ្យកូនយល់ថា ជីវិតពិត និងហ្គេម មិនដូចគ្នាទេ
ក្មេងដែលនៅតូចពេក មិនទាន់យល់ដឹងថា ហ្គេម និងជីវិតពិត មានចំណុចខុសគ្នា មិនមែនដូចគ្នាគ្រប់យ៉ាងទេ។ អ្នកម្ដាយត្រូវអធិប្បាយប្រាប់គេយ៉ាងចិត្តត្រជាក់ៗ និងមិនប្រើកំហឹង ព្រោះការដែលក្មេងនៅជាមួយហ្គេមជាប់រហូត អាចមានផលប៉ះពាល់ដល់ជីវិតរបស់កូនបាន។ ក្មេងខ្លះឃើញនៅក្នុងហ្គេម អាចយកទំនិញរបស់របរផ្សេងៗពីហាងលក់ទំនិញបានដោយមិនចាំបាច់បង់លុយ ទើបសាកល្បងធ្វើនៅក្នុងជីវិតពិត និងបើសិនមើលឃើញថា អាចធ្វើបានដូចនៅក្នុងហ្គេមមែននោះ វានឹងក្លាយជាការយល់ថា ខុសទៅជាត្រូវបាន។

៣- កំណត់ពេលវេលា ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរបៀបវិន័យ
ការកំណត់ពេលវេលាថា អាចលេងបានក្នុង១ថ្ងៃប៉ុន្មានម៉ោង ក៏ជាកត្តាមួយដែលអាចជួយបានយ៉ាងល្អដែរ គ្រាន់តែអ្នកម្ដាយ ត្រូវនិយាយជាមួយកូនយ៉ាងច្បាស់លាស់ថា កូនអាចលេងហ្គេមបានក្នុង ១ថ្ងៃប៉ុន្មានម៉ោង? ពីម៉ោងប៉ុន្មាន ដល់ម៉ោងប៉ុន្មាន? និងរកនាឡិកាមកដាក់ម៉ោងរោទ៍ទុកឱ្យ ដើម្បីឱ្យកូនបានដឹង ហើយអ្នកម្ដាយខ្លួនឯង ក៏ហាមចិត្តទន់ជាមួយកូនជាដាច់ខាតដែរ ព្រោះអាចនឹងធ្វើឱ្យក្មេងគិតថា ពេលគេអង្វរ ច្បាស់ជាអាចលេងបន្តទៀតជារឿយៗមិនខាន។

៤-កុំព្យូទ័រ មិនគួរដាក់នៅក្នុងបន្ទប់គេងរបស់កូនឡើយ
បើអាណាព្យាបាលគេងបន្ទប់ផ្សេងគ្នាពីកូន រឿងដែលគួរធ្វើ គឺការយកកុំព្យូទ័រចេញពីបន្ទប់គេងរបស់កូន ដើម្បីការពារកុំឱ្យកូនលួចលេងក្រោយពីឪពុកម្ដាយចូលគេងហើយ និងជាការរក្សាវិន័យចំពោះគ្នាក្នុងគ្រួសារទៀតផង។ ចំណែកទូរស័ព្ទវិញ ពេលកូនចូលគេងហើយ លោកអ្នកក៏គួរតែដាក់ផាសស្វ៊ើត ដើម្បីទុកជាការការពារ មិនឱ្យកូនលួចលេងក្នុងពេលដែលលោកអ្នកគេងលក់។

៥- ឱ្យរង្វាន់កូន ពេលកូនរក្សាវិន័យបាន
ពេលកូនហាមចិត្តខ្លួនឯង មិនលេងហ្គេមបាន ឪពុកម្ដាយអាចឱ្យរង្វាន់ដែលមិនចាំបាច់ទិញទៅគេបាន ដូចជា ធ្វើម្ហូបឆ្ងាញ់ៗដែលកូនចូលចិត្ត ឱ្យញ៉ាំ ឬនាំទៅដើរលេងនៅកន្លែងដែលកូនចាប់អារម្មណ៍ ឬអានសៀវភៅដែលកូនចូលចិត្ត ឱ្យស្ដាប់មុនពេលគេង ក៏ជាការផ្ដល់រង្វាន់ដែលរីកចម្រើនល្អដូចគ្នាដែរ។

ការបង្ខំកូនឱ្យឈប់លេងហ្គេម ដោយមិនមានកិច្ចការងារណាផ្សេងមកជំនួស អាចរាប់បានថា ជាទង្វើដែលមិនសមគួរធ្វើទាល់តែសោះ ព្រោះក្រៅពីមិនបានទទួលលទ្ធផលល្អហើយ វាថែមទាំងជាការធ្វើឱ្យកូនមានគំនិតអគតិជាមួយមនុស្សជាឪពុកម្ដាយបានទៀតផង ដូច្នេះ ចូរនាំគ្នាមកទប់ទល់នឹងការញៀនហ្គេមរបស់កូនដោយវិធីល្អៗដូចបានរៀបរាប់មកនេះវិញប្រសើរជាង៕

Portrait of an amused cute little kid playing games on smartphone isolated over gray background
Young children addicted to technology gadget. Asian boys playing with smartphone at home.
×