វាជារឿងធម្មតាមួយសម្រាប់គ្រប់គ្នា ត្រូវសម្តែងឥរិយាបថគោរព ចំពោះទីកន្លែងសាសនា ឬ ទីកន្លែងដ៏បរិសុទ្ធនានា ។ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ ដែលប៉ុន្មានថ្ងៃមកនេះ អ្នកលេងអ៊ិនធើរណេតជាច្រើន បានផ្ទុះកំហឹងនឹងភ្ញៀវទេសចរ១ក្រុម ដែលបានធ្វើរឿងមិនសមរម្យនៅវិហារឥស្លាមដ៏សំខាន់ទី២មួយ ទីក្រុង Kota Kinabalu ប្រទេសម៉ាឡេស៊ី ។
វិហារឥស្លាមក្រុង Kota Kinabalu ថ្មីៗនេះបានហាមឃាត់អ្នកទេសចរមិនឲ្យមកទស្សនាតំបន់នោះទៀតទេ បន្ទាប់ពីវីដេអូបង្កការរិះគន់ខ្លាំងក្លាមួយ បានបង្ហាញឲ្យឃើញស្ត្រី២នាក់ ស្ថិតក្នុងសម្លៀកបំពាក់សិចស៊ី នាំគ្នាសម្តែងរាំនៅលើរបងវិហារនេះ ដោយគ្មានការគោរពបែបនេះ ។
យោងតាមប្រធានវិហារនេះ លោក Datuk Jamal Sakaran បាននិយាយថា៖ នារីភ្ញៀវទេសចរទាំងនេះ ត្រូវបានពន្យល់ណែនាំខ្លះ អំពីសកម្មភាពមិនសមរម្យរបស់ពួកគេ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក បាននិយាយថា៖ «សកម្មភាពភ្លាមៗរបស់យើងខ្ញុំ គឺបិទវិហារមិនឲ្យអ្នកទេសចរមកទស្សនា ។ ហើយរាល់រថយន្តក្រុង ឬ តាក់ស៊ីផ្សេងៗ មិនអនុញ្ញាតឲ្យដឹកភ្ញៀវទេសចរមកកាន់ក្នុងបរិវេនព្រះវិហារទៀតឡើយ» ។
លោកបានបន្ថែមថា៖ «ប៉ុន្តែ មានតែតាក់ស៊ីណាដែលបានចុះឈ្មោះជាមួយអ្នកគ្រប់គ្រងវិហារប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដឹកភ្ញៀវចូល» ៕ ឧត្តម