មានសត្វ និងរុក្ខជាតិរាប់លានរស់នៅ និងដុះនៅលើផែនដីយើងនេះ ហើយបើតាមអ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ប្រមាណថា មានពូជសត្វ និងរុក្ខជាតិជាង ៨,៧លានដែលរស់នៅលើដី និងក្នុងសមុទ្រ។
ទោះយ៉ាងណា ប្រភេទពូជសត្វ និងរុក្ខជាតិទាំងនោះ មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ខណៈដែលអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ទើបតែរកឃើញបានតែ ១៥ភាគរយប៉ុណ្ណោះនៃចំនួន ៨,៧លានពូជ។
ដូច្នេះហើយ ពូជសត្វ និងរុក្ខជាតិរាប់លានពូជកំពុងស្ថិតក្នុងភាពអាថ៌កំបាំង ដូច្នេះផ្សិតចម្លែកនេះជាដើម។ វាមានលក្ខណៈខុសគ្នាទាំងស្រុងពីផ្សិតផ្សេងៗ ដោយសារតែវាញាស់ចេញពីពង ដូចបក្សីអញ្ជឹង។
ផ្សិតបិសាចនេះ មានដើមកំណើតនៅក្នុងប្រទេសញ៉ូវហ្សឺឡែន និងអូស្ត្រាលី។ វាត្រូវបានគេដាក់ឈ្មោះថាម្រាមដៃបិសាច (Devil’s Finger) ហើយវាគឺជាប្រភេទផ្សិតចម្លែកបំផុតក្នុងពិភពលោក។
ភាពខុសប្លែករបស់វាពីផ្សិតដទៃគឺថា វាមិនដុះចេញពីដីនោះទេ តែវាចាប់ផ្តើមលូតលាស់ចេញពីក្នុងពង។ នៅពេលវាចាប់ផ្តើមញាស់ចេញពីពង ជាទូទៅវាមានចេញដៃ ពី ៤ទៅ ៨ ដែលមើលទៅដូចជាដៃមឹកអញ្ជឹងដែរ។
បើតាមឯកសារ ផ្សិតបិសាចនេះ អាចហូបបាននៅពេលវាកំពុងស្ថិតនៅក្នុងពងរបស់វា ប៉ុន្តែយើងមិនអាចហូបវាបាននោះទេ នៅពេលវាញាស់ចេញ៕ សុភ័ក្ត្រ