Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ “ឈឺក្បាល” តើអាការឈឺក្បាលបែបណា ទើបហៅថា “ខុសប្រក្រតី”?

មិនថាអ្នកណា អាយុប៉ុន្មាន ប្រុស ឬក៏ស្រីក៏ដោយ សុទ្ធអាចឈឺក្បាលបានទាំងអស់ ហើយបច្ច័យដែលនឹងធ្វើឱ្យយើងកើតអាការឈឺក្បាល ក៏មានច្រើនប្រការ រហូតដល់យើងមិនអាចដឹងច្បាស់ប្រាកដថា តើវាបណ្ដាលមកពីមូលហេតុអ្វីឡើយ។
ក្រៅពីភាពធុញថប់តានតឹង សម្រាកមិនគ្រប់គ្រាន់ ឬក៏ឈឺក្បាលដោយសារអាការមិនស្រួលខ្លួន និងគ្រុនក្ដៅខ្លួនហើយនោះ នៅមានមូលហេតុជាច្រើនទៀត ដែលធ្វើឱ្យកើតអាការឈឺក្បាល ហើយអាការឈឺក្បាលនេះ ក៏មានច្រើនបែបទៀតផង…ដូច្នេះតើអាការឈឺក្បាលបែបណា មានគ្រោះថ្នាក់ ដល់ថ្នាក់ថ្នាំប៉ារ៉ាសេតាម៉ុល ក៏មិនអាចជួយបានដែរនោះ យើងនាំគ្នាតាមដានដូចតទៅ…

មូលហេតុរបស់អាការឈឺក្បាល ដែលអាចព្យាបាល ឱ្យបាត់ទៅវិញបានដោយឯកឯង…

១- ធុញថប់តានតឹងអារម្មណ៍ វិតក្កកង្វល់ ធ្វើការងារច្រើនជ្រុលពេក
២- ប្រើខ្សែភ្នែកសម្លឹងវត្ថុអ្វីមួយយូរ និងច្រើនជ្រុលពេក ដូចជាអេក្រង់កុំព្យូទ័រ ទូរស័ព្ទដៃ ធែប្លិត ឬសូម្បីតែទូរទស្សន៍ក្ដី
៣- អានសៀវភៅ ប្រើការកុំព្យូទ័រ មើលទូរស័ព្ទដៃ ឬធែប្លិតនៅក្នុងទីកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់
៤- ទទួលជាតិកាហ្វេអ៊ីនច្រើនជ្រុលពេក អាចបណ្ដាលមកពីការញ៉ាំកាហ្វេច្រើនជ្រុលពេក (ច្រើនជាង ២កែវក្នុង ១ថ្ងៃ)
៥- គេងសម្រាកមិនគ្រប់គ្រាន់ ចូលគេងយប់ជ្រៅ និងភ្ញាក់យឺតពេល
៦- ឈឹក្បាលបណ្ដាលមកពីគ្រុនក្ដៅ មិនស្រួលខ្លួន។
ដោយអាការឈឺក្បាល ដែលបណ្ដាលពីមូលហេតុដូចបានរៀបរាប់នេះ គឺជាអាការដែលស្ងៀមៗឈឺតែម្ដង ដែលអាចរំខានដល់ជីវិតប្រចាំថ្ងៃតិចតួច ដូចជាធ្វើការតមិនកើត គិតអ្វីមិនចេញ តែអាចទ្រាំនឹងអាការនេះបាន។ ញ៉ាំថ្នាំបំបាត់ការឈឺចាប់ ដូចជាប៉ារ៉ាសេតាម៉ុល ឬអាស្ពីរីន និងគេងសម្រាកមួយស្របក់ ក៏ធូរស្រាលឡើងវិញដូចប្រក្រតី។

តែបើសិនមានអាការឈឺក្បាលតាមលក្ខណៈដូចតទៅនេះ អាចមានភាពខុសប្រក្រតី ចាំបាច់ត្រូវតែទៅជួបលោកគ្រូពេទ្យ…

១- ឈឺក្បាលខ្លាំង អាចនឹងឈឺតែម្ខាង រាលដាលទៅដល់ត្របកភ្នែក និងងងឹតមុខ
-មូលហេតុ៖ អាចមកពីការឈឺក្បាលម៉ៃក្រេន ឬកើតអាការ Glucoma ភ្លាមៗ
២- ឈឺក្បាលញឹកញាប់ ច្រើនដងជ្រុលពេក ច្រើនជាង ១ដង ក្នុង ១អាទិត្យ និងឈឺជាបន្តបន្ទាប់រាប់ខែ
-មូលហេតុ៖ អាចមានបញ្ហាពាក់ព័ន្ធប្រព័ន្ធសរសៃប្រសាទ
៣- ឈឺក្បាលខ្លាំងធ្ងន់ធ្ងរ បែបមិនអាចទ្រាំបាន ព្រមជាមួយអាការក្អួតចង្អោរ ស្រវាំងភ្នែក
-មូលហេតុ៖ អាចមានមូលហេតុច្រើនយ៉ាង អាចមានឈាមចេញនៅក្នុងខួរក្បាល រលាកសាច់ភ្នាសស្រោបខួរក្បាល ឬមានភាពខុសប្រក្រតីអ្វីម្យ៉ាងនៅក្នុងខួរក្បាល
៤- ឈឺក្បាលក្រោយភ្ញាក់ពីគេងនៅពេលព្រឹក ឈឺក្បាលខ្លាំង រហូតដល់ត្រូវភ្ញាក់ដឹងខ្លួន
-មូលហេតុ៖ ក្រៅពីមានអាការធុញថប់តានតឹងហើយ នៅអាចមានសភាវដុះសាច់នៅក្នុងខួរក្បាលផងដែរ
៥- ឈឺក្បាលខ្លាំងក្លា ព្រមជាមួយអាការរឹង-ក
-មូលហេតុ៖ មានអាការឆ្លងមេរោគក្នុងប្រព័ន្ធសរសៃប្រសាទ ដូចជាឆ្លងមេរោគនៅលើសាច់ភ្នាសស្រោបខួរក្បាល
៦- ឈឺក្បាល និងមានអាការងឿងក្នុងក្បាល វិលវល់ និយាយស្ដីស្ដាប់មិនបាន មើលទៅដូចគ្មានសតិស្មារតី ឬមិនមានអារម្មណ៍ដឹងអ្វីទាំងអស់
មូលហេតុ៖ អាចជាជំងឺរលាកសរសៃឈាមខួរក្បាល
៧- ឈឺក្បាល ក្រោយពេលក្បាលរងការប៉ះទង្គិច
មូលហេតុ៖ អាចមានអាការឈាមកកនៅក្នុងខួរក្បាលដោយសារឧប្បត្តិហេតុ
៨-មិនសូវដែលឈឺក្បាល តែសុខៗស្រាប់តែឈឺក្បាល នឹងឈឺខ្លាំងទៀតផង
-មូលហេតុ៖ អាចមានបញ្ហាក្នុងប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលទាន់ហន់ភ្លាមៗ

យ៉ាងណាក៏ដោយ បើសិនមានអារម្មណ៍ថា អាការឈឺក្បាលរាលដាល ឬរុកកួនរំខានដល់ជីវិតការរស់នៅប្រចាំថ្ងៃខ្លាំងជ្រុលហួសហេតុពេក គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់ កុំរង់ចាំដល់កើតអាការធ្ងន់ធ្ងរប្រសើរជាង ព្រោះអាការឈឺក្បាល ជាអាការចាប់ផ្ដើមរបស់ជំងឺតម្កាត់ផ្សេងៗជាច្រើន ជាសញ្ញាដាស់តឿនអំពីរាងកាយលំដាប់ដំបូងៗគេ។ ដូច្នេះកុំរង់ចាំដល់ហួសពេលឱ្យសោះ៕

Young Man with His Hand on His Forehead — Image by © Royalty-Free/Corbis
Asian woman have a headaches may be migraines in the morning on the bed
Child sitting on bed with headache. Negative emotions
×