កាលពីថ្ងៃម្សិលមិញនេះ (២៥ មិថុនា) រឿងរ៉ាវមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង ទាក់ទិននឹងករណីចោទប្រកាន់ថាមានជនជាតិចិនមួយក្រុម បានដើរចែកចាហួច «ក្លែងក្លាយ» ទៅឲ្យក្មេងៗញ៉ាំ នៅឯផ្សារធំថ្មី ។
ជាក់ស្តែង អ្នកនាង ឈួង វណ្ណឆៃ តារាចម្រៀងស្រីល្បីឈ្មោះមួយរូប បានជួបហេតុការណ៍នេះផ្ទាល់ ខណៈអ្នកនាងបានឡើងផ្សារធំថ្មី ។ ដោយអ្នកនាងបានធ្វើវីដេអូភ្លាមៗបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងរៀងរាប់យ៉ាងដូច្នេះថា៖ «សូមជំរាបសួរពុកម៉ែប្អូននៅលើបណ្តាញសង្គម នាងខ្ញុំ ឈួន សុវណ្ណឆៃ នាងខ្ញុំបានមកផ្សារធំថ្មី នាងខ្ញុំបានជួបប្រទះនឹងពួកជនជាតិចិន បានយកចាហួយជាច្រើន ដើរចែកកូនក្មេង ប៉ុន្តែ វាពុំមានជាចាហួយពិតនោះទេ វាមានគ្រប់ពណ៌… » ។ អ្នកនាងបន្តថា៖ «ពួកចិននោះបានប្រាប់ទៅកូនក្មេងថា ‘ចាំឲ្យអស់ទៅ កុំលេង’ ហើយបន្ទាប់ចែករួច ពួកចិននោះក៏បានគេចខ្លួនបាត់តែម្តង ។ ប៉ុន្តែ សំណាងហើយ ដែលកូនក្មេងទាំងនោះ មិនទាន់បានញ៉ាំ ដោយពួកគេបានយកចាហួយក្លែងក្លាយទាំងនោះ ទៅឲ្យឪពុកម្តាយរបស់ពួកគេពិនិត្យ ។ ជាក់ស្តែង នៅពេលពួកគាត់បើកមើល ស្រាប់តែឃើញថា វាពុំមែនជាចាហួយពិតទេ គឺវាជាជ័រកៅស៊ូសុទ្ធអន្ធិលៗប៉ុណ្ណោះ» ។
ឃើញបែបនេះ អ្នកនាងក៏អំពាវនាវដល់ពុកម៉ែបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ចូរប្រុងប្រយ័ត្ន បន្ទាប់ពីបានឃើញករណីនេះ ។ អ្នកនាងក៏សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយពុំដឹងថាករណីនេះនឹងរីករាលដាល់ដល់ណានោះទេ ហើយប្រសិនករណីនេះ ប៉ះចំមនុស្សចាស់ៗ នោះពួកគាត់នឹងពិចារណាថារបស់នោះជាអ្វី ប៉ុន្តែ សម្រាប់ក្មេងៗវិញ គឺគ្នាពុំដឹងថារបស់នោះអាចបង្កផលប៉ះពាល់ដល់សុខភាព ឬ ឈានដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេទេ បន្ទាប់ពីត្រូវបានគេជំរុញឲ្យញ៉ាំហ្វ្រីបែបនេះ ។
ជាចុងក្រោយ អ្នកនាំក៏បានសម្តែងការងឿងឆ្ងល់ថា ជនជាតិនោះដើរចែករបស់អីចឹងៗបែបនេះ ពុំដឹងថា ពួកគេនឹងមានបំណងអ្វីនោះទេ មកប្រជាជនខ្មែរយើង ។ ហេតុនេះ អ្នកនាងសូមអំពាវនាងម្តងហើយម្តងទៀត ដល់ពុកម៉ែបងប្អូន ជាពិសេសកូនៗទាំងអស់ មានការប្រុងប្រយ័ត្នទាំងអស់គ្នា ៕ ចន្ទី