ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងប្រទេសម៉ាឡេស៊ី គេសង្កេតឃើញករណីសត្វព្រៃជាច្រើន បានចូលមកកាន់ទីសាធារណៈដ៏ចម្លែក ដែលទំនងជាដោយសារតែការបាត់បង់ទីជម្រករបស់ពួកវា ពីការកាប់បំផ្លាញព្រៃឈើ។
ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសត្វខ្លាឃ្មុំខ្មៅមួយក្បាលទៀត បានរត់ចេញពីហ្វូងមនុស្ស ដែលកំពុងព្យាយាមចាប់វា ជាមួយខ្សែពួរក្នុងដៃ ស្ថិតនៅក្នុងវាលស្រែ នៃតំបន់ Kampung Selengkoh Tengah, រដ្ឋ Kedah។
តែអ្វីដែលគួរឲ្យរន្ធត់នោះ គឺក្នុងអំឡុងពេលដេញចាប់ សមាជិកម្នាក់ នៃកងពលតូចពន្លត់អគ្គីភ័យជំនួយ (PBB) មកពីស្ថានីយ៍ពន្លត់អគ្គីភ័យ Yan Fire and Rescue (BBP) ត្រូវបានខ្លាឃ្មុំខាំបណ្តាលឲ្យរងរបួសកដៃខាងឆ្វេង បន្ទាប់ពីគាត់បានដួលនៅក្នុងវាលស្រែ។
ប្រធានជំនួយការអគ្គនាយកពន្លត់អគ្គីភ័យ លោក Norhamidi Ali បាននិយាយថា អ្នកពន្លត់អគ្គីភ័យរងគ្រោះដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Mohd Nizam Hamid អាយុ ២៧ ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរ។
លោក Norhamidi បាននិយាយថា «ខ្លាឃ្មុំនេះត្រូវបានគេជឿថា បានមកពីព្រៃក្បែរភូមិ។ ហើយប្រតិបត្តិការ ក៏ត្រូវបានជួយដោយសមាជិកនៃកងកម្លាំងការពារស៊ីវិល Yan (APM) និងអ្នកភូមិ ដើម្បីដេញខ្លាឃ្មុំនោះ ហើយព្យាយាមចាប់វា»។
គាត់បានពន្យល់ថា ខណៈពេលដែលកំពុងចាប់សត្វនេះ លោក Mohd Nizam ត្រូវបានគេជឿថាបានដួល ហើយនៅពេលនោះ ខ្លាឃ្មុំខ្មៅ ក៏បានខាំគាត់តែម្តង មុនពេលរត់ចេញ។
លោក Norhamidi បានបន្ថែមថា៖ «បច្ចុប្បន្នប្រតិបត្តិការនៅតែបន្ត ដើម្បីរកទីតាំងរបស់ខ្លាឃ្មុំ ដែលគេជឿថានៅមិនឆ្ងាយពីទីនោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


