Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ បើស្រឡាញ់កូន ត្រូវតែប្រដៅ

វ័យកុមារ គឺជាអំឡុងវ័យនៃការរៀនយល់ដឹង ដូច្នេះហើយទើបឪពុកម្តាយ មានតួនាទីនៅចាំមើលថែទាំ យកចិត្តទុកដាក់ និងផ្តល់ការប្រដែប្រដៅដល់កូន។ នៅពេលកូនធ្វើខុស ឪពុកម្តាយជាច្រើនតែងតែមានក្តីកង្វល់ថា តើគួរតែអប់រំប្រដែប្រដៅបែបណា ដើម្បីកុំឱ្យមើលទៅឃើញធ្ងន់ធ្ងរ ឬធូររលុងជ្រុលពេក។ ថ្ងៃនេះ “ប៉ាម៉ាក់ឆ្លាតវៃ” មានដំបូន្មានល្អៗក្នុងការអប់រំកូនតូច នៅពេលគេធ្វើខុស មកជម្រាបជូនដូចតទៅ…

១. សម្រាកបន្តិចសិន
នៅពេលកូនធ្វើខុស ចូរនាំទៅកន្លែងណាស្ងាត់ៗ គ្មានរឿងអ្វីផ្សេងមកទាក់ទាញចំណាប់អារម្មណ៍ ដើម្បីឱ្យកូនបាននឹកឃើញឡើងវិញពីទង្វើរបស់ខ្លួនឯង ដោយមានរយៈពេលគិតទៅតាមអាយុរបស់កូន ដូចជា ១នាទី សម្រាប់អាយុ ១ឆ្នាំ ឬរហូតទាល់តែកូនស្ងប់សតិអារម្មណ៍បានឡើងវិញ។ វិធីនេះ នឹងធ្វើឱ្យកូនចេះគ្រប់គ្រងខ្លួនឯងបានល្អ និងទទួលស្តាប់គំនិតយោបល់របស់អ្នកដទៃ។

២.បង្រៀន និងដាស់តឿនដោយវាចា
មិនមែនជាការរអ៊ូរទាំ ឬស្តីបន្ទោសនោះទេ តែជាការប្រាប់ឱ្យកូនបានដឹងពីហេតុ និងផលថា អ្វីដែលគេបានធ្វើនោះ វាមិនត្រឹមត្រូវយ៉ាងណាខ្លះ? និងណែនាំនូវអ្វីដែលត្រឹមត្រូវ ដែលកូនគួរធ្វើ ថាតើគួរធ្វើយ៉ាងណា?។ អាចប្រើសំឡេងរាបស្មើធម្មតា តែហ្មត់ចត់ម៉ឺងម៉ាត់ ដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេធ្វើនោះ មិនត្រឹមត្រូវទេ គួរតែបានទទួលការកែប្រែ ហើយដែលប៉ាម៉ាក់ដាស់តឿននេះ គឺព្រោះតែមិនចង់ឃើញកូនធ្វើខុស មិនមែនព្រោះតែខឹង ឬមិនស្រឡាញ់នោះទេ។

៣. បញ្ចេញសញ្ញាដាស់តឿនជាមុន
បើកូនមានទង្វើមិនស័ក្តិសមណាមួយ ឪពុក និងម្តាយត្រូវបញ្ចេញសញ្ញាដាស់តឿន ឱ្យកូនបញ្ឈប់ទង្វើនោះភ្លាម មិនដូច្នោះទេ អាចនឹងត្រូវមានចំណាត់ការណាមួយចំពោះទង្វើរបស់គេដោយការដាស់តឿន អាចនឹងប្រើសំឡេងរាងមាំខ្លាំងៗ។ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងពីសញ្ញាគ្រោះថ្នាក់ដែលបង្កប់នៅក្នុងនោះ ធ្វើឱ្យកូនមានឱកាសបានកែខ្លួន ឬត្រៀមកាយ ត្រៀមចិត្តរួចជាស្រេច បើសិនជាត្រូវទទួលទោស។

៤. ដាក់ទោសដោយការវាយ
វិធីនេះ គឺជាវិធីចុងក្រោយ តែបើចៀសបាន គួរតែចៀស។ ដោយសារតែវិធីនេះ បើមានហេតុផលមិនគ្រប់គ្រាន់ ឬធ្វើឡើង ដោយសារតែអារម្មណ៍ខឹងសម្បា លទ្ធផលដែលទទួលបាន ច្រើនតែជាផលអាក្រក់ ខ្លាំងជាងផលល្អ។ ដូច្នេះការវាយកូន ត្រូវនឹកដល់គោលការណ៍ដូចតទៅនេះ…

.កុំចេះតែស្អីតិចវាយ ស្អីតិចវាយ៖ ការវាយកូន មិនចាំបាច់ធ្វើញឹកញាប់ទេ ព្រោះក្មេងដែលត្រូវវាយញឹកញាប់ អាចមានសញ្ញាថា នឹងរឹង ឌឺ និងកាន់តែតតាំងខ្លាំងឡើង។ ដូច្នេះ កំហុសខ្លះ ឬទង្វើខ្លះ ដែលអាចដោះស្រាយបានដោយមិនចាំបាច់វាយ ដូចជា ការស្រែកយំឡូឡា ការគេងនោមដាក់ពូកជាដើម គួរប្រើត្រឹមតែការដាស់តឿនបានហើយ។

.ការវាយខ្លាំងៗ ឬការវាយដោយប្រើអារម្មណ៍ខឹងជាគោល៖ នឹងធ្វើឱ្យកូនមានអារម្មណ៍ភ័យខ្លាច និងលែងហ៊ានចូលជិតឪពុកម្តាយ។ ដូច្នេះឪពុកម្តាយត្រូវប្រយ័ត្នប្រយែង កុំប្រើកម្លាំងបាយដាក់កូនខ្លាំងជ្រុលពេក និងគួរវាយក៏នៅពេលណាដែលកូនធ្វើខុសរឿងដដែលជាលើកទី២ ទាំងដែលប៉ាម៉ាក់ធ្លាប់បានដាស់តឿនរួចមកហើយ ទើបជាការវាយដែលសមហេតុសមផលល្អ។

.ការប្រើរំពាត់ ខ្សែក្រវាត់ ឬប្រដាប់ព្យួរខោអាវទៅវាយកូន៖ វានឹងក្លាយជាការធ្វើឱ្យកូនឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត។ កូននឹងមានអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើល ហើយអ្វីដែលតាមមកនោះ គឺកូននឹងមិនយល់ថា អ្វីដែលគេបានធ្វើនោះ វាជាកំហុសឬយ៉ាងណាទេ តែគិតថា ប៉ាម៉ាក់ប្រើកម្លាំងបាយដាក់គេ។

.កុំវាយកូននៅមុខអ្នកដទៃ៖ ការវាយកូននៅចំពោះមុខអ្នកដទៃ នឹងធ្វើឱ្យកូនខ្មាស និងបាក់មុខ។ វិធីចាត់ការនៅពេលកូនប្រព្រឹត្តខ្លួនមិនគួរឱ្យស្រឡាញ់ខណៈមានភ្ញៀវមកលេងផ្ទះ ឪពុកម្តាយគួរប្រើវិធីដាស់តឿនដោយសម្លេងមាំៗជាមុនសិន។ បើគេមិនឈប់ ចូរនាំគេបំបែកចេញពីទីនោះមួយសន្ទុះ រួចសឹមដាក់ទោស។

ការដែលឪពុកម្តាយចង់អប់រំប្រដែប្រដៅកូន អ្វីដែលសំខាន់ម្យ៉ាងនោះគឺ ការរម្ងាប់សតិអារម្មណ៍ កុំខឹងក្រេវក្រោធ និងប្រើហេតុផលឱ្យច្រើន ហើយឪពុកម្តាយក៏ត្រូវធ្វើជាគំរូដ៏ល្អឱ្យកូនៗបានឃើញជាប់ជានិច្ចដែរ ព្រោះក្មេងៗនឹងឆាប់ជ្រួតជ្រាបយកទង្វើរបស់អ្នកនៅជុំវិញខ្លួនគេធ្វើជាគំំរូណាស់ និងនៅពេលកូនបានធ្វើអំពើល្អអ្វីមួយ ឪពុកម្តាយក៏ត្រូវមិនភ្លេចក្នុងការសរសើរ ឱ្យរង្វាន់ និងលើកទឹកចិត្តឱ្យកូនធ្វើអំពើល្អៗបែបនេះតទៅទៀត៕

Shot depicting child abuse or punishment
×