កែប៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្តខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប ដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ស្រី ៥នាក់ នៅក្នុងផ្ទះសំណាក់ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈចាប់យករួមមាន៖
១, រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ២Q ០១៣៨ ចំនួន ០១គ្រឿង
២, ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ១JP ០៤១៤ ចំនួន ០១គ្រឿង
៣, ទូរស័ព្ទដៃ ចំនួន ១៣គ្រឿង
៤, ស្រាបៀចំនួន ៥៧កេស
៥, បាកាសចំនួន ២យួរ
៦, ឧបករណ៍ចាក់ភ្លេងសម្រាប់ដេញសត្វចំនួន ០១កេស
៧, ប្រាក់ដុល្លារចំនួន ៣០១ ដុល្លារ និងប្រាក់រៀលចំនួន ៥០១ ,៥០០រៀល
៨, លោហៈធាតុពណ៌ក្រហមរួមមានខ្សែដៃ១ខ្សែ ,ក្រវឹល១គូរ ,ចិញ្ចៀនដាំត្បូង១វង់ ,បន្តោងខ្សែកស្រោបព្រះចំនួន១ ។
ពាក់ព័ន្ធករណីឆបោកប្រាក់តាមរយៈការលក់ដូរទំនិញទៅឱ្យជនរងគ្រោះឈ្មោះ ឃុន សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអាជីវកររស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អស់ទឹកប្រាក់សរុបចំនួន ៧,២០០,០០០រៀល (ប្រាំពីរលានម្ភៃម៉ឺនរៀល) និងក្រវិលកំប៉ុងសម្រាប់ប្តូរយករង្វាន់ចំនួន ២៦កេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ។
តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងអស់ បានសារភាពថាក្រុមរបស់ខ្លួនពិតជាបានដើរឆបោកតាមរយៈការលក់ទំនិញនៅតាមបណ្ដារាជធានីខេត្តមួយចំនួនពិតប្រាកដមែន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី