Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ ឆក់កាបូបបុរសជនបរទេស មិនបានសម្រេច ត្រូវពលរដ្ឋឃាត់បានម្នាក់ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួន

ភ្នំពេញ ៖ បុរសជាជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីបុរសជនបរទេសម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋឃាត់បានម្នាក់ វាយទ្រោមខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនរួច។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥ កែងផ្លូវ១២៨ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់បានមានឈ្មោះ មាស រះទិត្យ អាយុ ១៧ឆ្នាំ រស់នៅម្តុំផ្សារឈូកវ៉ា ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនរួច។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះជាជនជាតិបរទេសម្នាក់ បានស្ពាយកាបូបខ្មៅមួយដើរកាត់តាមបណ្តោយផ្លូវ១២៨ ទិសដៅពីលិចមកកើត ខណៈពេលដើរមកដល់ចំណុចកើតហេតុនៅនឹងផ្សារញ៉ែ ជាប់នឹងផ្លូវ២១៥ ភ្លាមនោះដែរ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ស្វាយរៀង 1Q-3022 ជិះឌុបគ្នាចេញពីស្តុបដេអិនតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបង្អង់ម៉ូតូរួចជិះមកកៀក និងបុរសជនបទេស ឃើញឱកាសល្អស្រាប់តែជនសង្ស័យ បានឈោងដៃទៅទាញយកកាបូបពីបុរសរងគ្រោះជាជនបរទេសរូបនោះ ដែលកៀបនៅនឹងក្រោមក្លៀកខាងឆ្វេង តែត្រូវបានជនរងគ្រោះដឹងខ្លួន ក៏ទាញមកវិញ បណ្តាលឲ្យដាច់ខ្សែកាបូប ពេលនោះដែរ ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាជួយស្វារគមន៍ម្នាក់មួយដៃមួយជើង រួចឃាត់បានម្នាក់ និងម៉ូតូមួយគ្រឿងប្រគល់ជូនទៅសមត្ថកិច្ច ចំណែកឯបក្ខពួម្នាក់ទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមកក៏ពលរដ្ឋបាននាំគ្នា រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី ២ ឲ្យចុះមកយកជនសង្ស័យ និងម៉ូតូទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត និងតាមរកបក្ខពួកយកមកចាត់ការទៅតាមច្បាប់ ចំណែកឯបុរសជនបទេសជាអ្នករងគ្រោះ ត្រូវសមត្ថកិច្ចយកទៅដាក់ពាក្យបណ្តឹង និងសួរនាំរឿងហេតុបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត

×