Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មោទនភាព​ចំពោះ​វឌ្ឍនភាព​នៃ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ខេត្ត​ស្ទឹងត្រែង​

ស្ទឹងត្រែង​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​មោទនភាព​ចំពោះ ស្ថានភាព​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​​និង​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ជាពិសេស​សមិទ្ធផល​ការងារ ដែល​ប្រសូត​ចេញពី​កិច្ចសហការ​ល្អ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​​របស់​មន្ត្រី​ទាំងអស់ នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្ទឹងត្រែង នៅក្រោម​ការដឹកនាំ​របស់​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជក​ម្ម​។​ លោក​រដ្ឋមន្ត្រី បាន​សម្តែង​មោទនភាព​ដូច្នោះ នា​ឱកាស​អញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​ភាពជា​មួយ លោក ម៉ុម សារឿ​ន​ ​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ស្ទឹងត្រែង នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ ​ដែល​រៀបចំឡើង​នៅ​សាលា​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាល​សាលាខេត្ត តំណាង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​កន្លងមក​បាន​លះបង់​កម្លាំងកាយ​ចិត្ត​​ក្នុង​ការបំពេញ​ការងា​រ​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ ដើម្បី​ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម ឲ្យក្លាយ​ទៅ​ជា​អង្គភាព​មួយ​ ​ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​​ដល់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដែល​កន្លងមក​បាន​ផ្ដល់​នូវ​កិច្ច​សហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ ​ដូចជា​ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ ចុះ​ផ្សព្វផ្សាយ​ច្បាប់​ ​និង​បទ​បញ្ញត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹត្ដិការណ៍​ពាណិជ្ជ​កម្ម​ផ្សេងៗ​ជាដើម​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី អំពី​សមិទ្ធផល​សំខាន់ៗ និង​ទិសដៅ​ការងារ​ចំពោះ​មុខ​ ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបំពេញ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ ​ព្រមទាំង​បាន​ផ្តែផ្តាំ​ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ខិតខំ​យកចិត្ត ទុកដាក់​បំពេញ​ការងារ និង​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​រវាង​មន្ត្រី​នៅ​ក្នុង​ ​និង​ក្រៅ​អង្គភាព ក៏ដូចជា​ធ្វើការ​សម្របសម្រួល និង​ដោះ ស្រាយ​រាល់​បញ្ហា​ផ្សេងៗ ដោយ​គោរព​ច្បាប់​ជា​គោល​ ​ដើម្បី​នាំមក​នូវ​លទ្ធផល​ថ្មីៗ​បន្ថែម​ជូន​ដល់​អង្គភាព ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រសួង​ពាណិជ្ជកម្ម​។​

“​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ ដូច​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ដោយ​មិន​ត្រូវ​ប្រើ​ឥទ្ធិពល​ ​និង​អំណាច​របស់​ខ្លួន ដើម្បី​ទាញយក​ផលប្រយោជន៍​ខុស​នឹង​ច្បាប់​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​សូមបញ្ជាក់​ថា ស្ទឹងត្រែង​គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ចុង​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ ​ដែល​មាន​ភាព​អំណោយផល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ដោយសារ​មាន​ផលិតផល និង​ដំណាំ​សក្តានុពល​ជាច្រើន​ដូចជា​៖ ​ត្រី​ទឹកសាប​ធំៗ (​ប៉ា​សេ​អ៊ី និង​ប៉ា​វ៉ា​) ម្នាស់​ទឹកឃ្មុំ កាហ្វេ ណែម​សាច់​ត្រី ក្រ​ឡាន កាពិ​ផាវ ត្រី​ជូរ និង​ផ្អក​ត្រី​ប្រា​ ​ដើម្បី​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុង​ប្រទេស និង​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​។ លើសពីនេះ​ ​ខេត្តស្ទឹងត្រែង​ក៏មាន​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ស្រស់ស្អាត ដូចជា ទឹកធ្លាក់​ល្បាក់ខោន ទឹកធ្លាក់​អូរ​ចាប អាង​ត្រី​ផ្សោត​អន្លង់​ស្វាយ​ធំ​ ​បូរី​អូរ​ស្វាយ អូរ​ឬ​ស្សី​កណ្តាល កោះ​ព្នៅ និង​ប្រាសាទព្រះធាតុ​ជាដើម​៕ ដោយ ​៖​ កូឡាប​

   

×