យោងតាម Sinchew ស្ត្រីម្នាក់ឈ្មោះ Yang អាយុ ៣៩ ឆ្នាំ បានកំពុងបើកបររថយន្ត ដើម្បីយកកូនរបស់នាង ស្ថិតនៅលើផ្លូវហាយវ៉េ NKVE បន្ទាប់ពីចេញដំណើរពី Damansara កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។
ភ្លាមៗបន្ទាប់ពីនាងបើករថយន្តឡើងផ្លូវ NKVE នៅវេលាម៉ោងប្រហែល ៥ ល្ងាច នាងក៏បានជួបប្រទះគ្រោះថ្នាក់ដ៏ពុំនឹកស្មានមួយ នៅពេលដែលដែកមួយបានធ្លាក់បុកទម្លុះកញ្ចក់រថយន្តរបស់នាង ហើយវាស្ទើរតែសម្លាប់នាងនៅក្នុងរថយន្តតែម្តង ។
នៅក្នុងបទសម្ភាសន៍ជាមួយ Sinchew, Yang និយាយថា ដែក១ដើមមានប្រវែងជិត១ម៉ែត្រ ពុំដឹងជាធ្លាក់មកពីទីណា បានចាក់ទម្លុះកញ្ចក់រថយន្តរបស់នាង និងបណ្តាលឲ្យរងរបួសត្រង់ថ្ងាស ។
Yang បន្តថា នាងពុំមានអារម្មណ៍ឈឺចាប់ខ្លាំងនោះទេ ដោយគ្រាន់តែវិលមុខតិចតួច ហើយបានឈប់រថយន្តនៅផ្អែកម្ខាងនៃផ្លូវ ដើម្បីពិនិត្យមើលរបួសរបស់នាង ។ សំណាងណាស់ ដែលថ្ងាសរបស់នាងដាច់ពុំធ្ងន់ធ្ងរ និងមានឈាមបន្តិចបន្តួច ដែលអាចឲ្យនាងបើករថយន្តទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងបាន ។ ទោះយ៉ាងណា បន្ទាប់ពីគ្រូពេទ្យបានវាយតម្លៃពីរបួសរបស់នាង ពួកគេបានរកឃើញថា នាងបាក់ឆ្អឹងថ្ងាស ដែលតម្រូវឲ្យធ្វើការវះកាត់ ដើម្បីយកចេញកម្ទេចកម្ទីនៅសេសសល់ ។
នៅពេលសួរនាំពីហេតុការណ៍ដែលបានកើតឡើង Yang បាននិយាយថា នាងបើកបរពុំបានប្រុងប្រយ័ត្នទេ ហេតុនេះ នាងក៏ពុំកត់សម្គាល់ថាតើមានការដ្ឋានសំណង់កំពុងដំណើរការស្ថិតនៅក្បែរនោះ ដែលអាចបង្កឲ្យមានហេតុការណ៍នេះឡើងទេ ៕ ឧត្តម