រស់នៅនិងធ្វើការកណ្តាលទីក្រុងពេញមួយឆ្នាំៗ ពោរពេញដោយភាពអ៊ូអរ ផ្សែងធូលី មនុស្សយើងតែ “ស្រេកឃ្លាន” បានត្រឡប់ទៅទីជនបទ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងរុក្ខជាតិពណ៌បៃតង ទឹកជ្រោះដ៏ថ្លាឈ្វេងនិងបរិភោគអាហារធម្មជាតិពុំមានប្រឡាក់សារជាតិគីមី ។
ហើយប្រហែលយល់ច្បាស់ពីចិត្តសាស្ត្រនេះរបស់បុគ្គលិក សម្ព័ន្ធក្រុមហ៊ុន Pasona -ដែលជាក្រុមហ៊ុនផ្នែកធនធានមនុស្សដ៏ធំបំផុតមួយនៅជប៉ុន បានប្រែក្លាយអគារក្រុមហ៊ុនកម្ពស់ ៩ជាន់ និងទំហំជិត 4.000m² របស់ខ្លួនទៅជាកន្លែងគួបផ្សំរវាងការិយាល័យ និងកសិដ្ឋានដាំដុះ ។
នេះអាចចាត់ទុកជាទម្រង់ដាំដុះគួបផ្សំជាមួយការិយាល័យធំបំផុតប្រទេសជប៉ុន ។
ពីដំបូងមានតែប្រមាណ ២០០ប្រភេទរុក្ខជាតិ បន្លែ ផ្លែឈើ ស្រូវ ។ ប៉ុន្តែបច្ចុប្បន្ន បរិមាណដើមឈើបានឡើងដល់ជាង ២៨០ប្រភេទ ។ ដំណាំនៅទីនេះសុទ្ធតែដាំដោយផ្ទាល់ដៃបុគ្គលិកនៅ Pasona ក្រោមការណែនាំពីអ្នកជំនាញការដាំដុះកសិកម្មនៅជប៉ុន ។
ចំពោះដំណាំក្នុងផ្ទះ Pasona បានវិនិយោគដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ រួមនឹងប្រដាប់បញ្ជាអាកាសធាតុឈ្លាសវៃ ត្រួតពិនិត្យកម្រិតសំណើម សីតុណ្ហភាព ខ្យល់ ដើម្បីតុល្យភាពតម្រូវការរបស់បុរគ្គលិក និងដើមឈើក្នុងម៉ោងធ្វើការក្រៅម៉ោងនេះ ប្រព័ន្ធនេះនឹងសម្រួលឲ្យដើមឈើមានទិន្នផលល្អដោយមិនឥទ្ធិពលដល់មនុស្សគ្រប់គ្នា ។
រីឯចំពោះដំណាំនៅខាងក្រៅអគារ តាមបង្អួចសុទ្ធតែជាប្រភេទផ្កា ផ្លែឈើតាមរដូវពិសេស របស់ធាតុអាកាសជប៉ុន ។
ដំណាំទាំងនេះរួមទាំងស្រូវដល់រដូវប្រមូលផលបុគ្គលិកអាចនាំកូនចៅខ្លួនមកចូលរួមទទួលផលធ្វើដូចជាកសិករនៅកណ្តាលទីក្រុង រឿងដែលក្មេងៗនៅទីក្រុងពុំទាន់ដែលធ្លាប់ធ្វើ ។
សាកគិតទៅមើល រាល់ថ្ងៃពេលទៅធ្វើការបានត្រួតពិនិត្យមើលគ្រាប់ពន្លកក្រៅកៅអីអង្គុយ រួចរួមគ្នាប្រមូលផលសូម្បីតែការអង្គុយពិភាក្សាការងារក៏មានដើមឈើខៀវស្រងាត់ទម្លាក់ផ្លែរយីងរយោង ទៅប្រជុំមានផ្លែប៉េងប៉ោះទុំក្រហម ឬផ្លែល្ពៅ មូលរលោងព្យួរតែលតោល ពីលើក្បាល ដល់ម៉ោងបាយបានទទួលទានស្នាដៃដែលខ្លួនធ្វើបានដូចជាសាឡាត់ ត្រសក់… តើអ្នកនឹងមានអារម្មណ៍សប្បាយរីករាយប៉ុណ្ណា? ៕ លីសា