ជំងឺមហារីកសុដន់ គឺជាការគំរាមកំហែងជីវិតមួយដល់ស្ដ្រីនៅទូទាំងពិភពលោក។ ឥឡូវនេះអ្នកស្រាវជ្រាវ អាមេរិកបានរកឃើញថា ស្ដ្រីស្បែកខ្មៅដែលកើតជំងឺមហារីកសុដន់ ទំនងជាងាយបម្រែបម្រួលហ្សេណាទិក ជាងស្ដ្រីស្បែកស ដោយបណ្ដាលឱ្យជំងឺមហារីកនោះកាន់តែមានលក្ខណៈគ្រោះថ្នាក់ខ្លាំង។
របាយការណ៍ដែលត្រូវចេញផ្សាយនៅទស្សនាវដ្ដីមហារីក អាចពន្យល់ថា ហេតុអ្វីបានជាស្ដ្រីស្បែកខ្មៅងាយនឹងស្លាប់ជាងស្ដ្រីស្បែកស ដោយសារមហារីកសុដន់ បើទោះបីជាពួកគេមិនទំនងជាងាយកើតជំងឺមហារីកនេះដូចស្ដ្រីស្បែកសក្ដី។
គ្រូពេទ្យនិងជំនាញការសុខភាពជាយូរមកហើយបានសន្មតថា វាបណ្ដាលមកពីស្ដ្រីស្បែកខ្មៅស្វះស្វែង រកការព្យាបាលយឺតជាង ហើយម្យ៉ាងទៀតនោះបណ្ដាលមកពីសុខភាពខុសប្លែកគ្នានៅក្នុងការរស់នៅ។
លោកបេត ចន នៅសាលាវេជ្ជសាស្ដ្រនៃសកលវិទ្យាល័យយេល ក្នុងរដ្ឋខូលនីធីឡាត់ សហរដ្ឋអាមេរិក និងសហសេវិករបស់លោក បានធ្វើការសិក្សាទៅលើដុំសុដន់ស្ដ្រីអាមេរិកដើមកំណើតអាហ្វ្រិកចំនួន១៤៥នាក់ និងស្ដ្រីស្បែកសចំនួន១៧៧នាក់ ។ ពួកគាត់បានរកឃើញភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់នៅក្នុង បម្រែបម្រួលហ្សែន P53 ដែលជាហ្សែនមានជាប់ពាក់ព័ន្ធនឹងជំងឺមហារីក។
ពួកគាត់បានសរសេរនៅក្នុងរបាយការណ៍ថា ដុំសុដន់ស្ត្រីអាមេរិកដើមកំណើតអាហ្វ្រិកទំនងជាសាហាវជាង បើប្រៀបធៀបទៅនឹងដុំសុដន់ស្ត្រីស្បែកស។វាផ្ដល់នូវភ័ស្ដុតាងថ្មីសម្រាប់ការខុសប្លែកគ្នាខាងជាតិសាសន៍ ទាក់ទងទៅនឹងបម្រែបម្រួលហ្សែន P 53 ។
វេជ្ជបណ្ឌិត លីហ្សា ញូមែន នៅមជ្ឈមណ្ឌលថែទាំសុខភាពសុដន់នៅសកលវិទ្យាល័យមីឈីហ្គែន បានយល់ស្របដោយសរសេរថា ការសិក្សានេះបើកទ្វារសម្រាប់ការយល់ដឹងកាន់តែប្រសើរដល់ភាពខុសគ្នាទាក់ទងទៅនឹងជាតិសាសន៍ ចំពោះគ្រោះថ្នាក់និងលទ្ធផលនៃជំងឺមហារីកសុដន់។
ក្រុមអ្នកស្រាវជ្រាវរបស់លោកចន ក៏បានពិនិត្យមើលហ្សែនដទៃទៀតដែលទាក់ទងទៅនឹងមហារីកសុដន់ ប៉ុន្ដែពួកគេមិនបានរកឃើញភាពខុសប្លែកគ្នាដ៏គួរឱ្យកត់សម្គាល់ទេ៕