អ្នកស្រាវជ្រាវមួយក្រុមមកពីសកលវិទ្យាល័យ Colombia University បានរកឃើញថា មនុស្សដែលមាន ជំងឺអញ្ចាញធ្មេញងាយនឹងកើតមានការក្រិនសរសៃឈាម ដែលអាចនាំកើតមានជំងឺគាំងបេះដូងបាន។
សមាគមទន្ដពេទ្យអង់គ្លេសបាននិយាយថា ការស្រាវជ្រាវបានគូសបញ្ជាក់អំពីសារសំខាន់ នៃការថែទាំធ្មេញ។ អ្នកស្រាវជ្រាវសកលវិទ្យាល័យ Colombia បានពិនិត្យមើលចំនួនមេរោគបាក់តេរីនៅក្នុងមាត់របស់មនុស្ស ៦៥៧នាក់ ដែលមានប្រវត្តិគ្រោះថ្នាក់សរសៃឈាមនៅក្នុងខួរក្បាល ឬក៏គាំងបេះដូង ។អ្នកស្រាវជ្រាវក៏បានពិនិត្យមើល កម្រាស់សរសៃឈាមការ៉ូទីត ដែលនាំឈាមពីបេះដូងទៅកាន់ខួរក្បាល ហើយដែលគេពិនិត្យមើលការ ក្រិនសរសៃឈាម។ គេបានរកឃើញថា អ្នកដែលមានមេរោគបាក់តេរីដែលបង្កឱ្យមានជំងឺអញ្ចាញធ្មេញ ក៏មានការកើនឡើងកម្រាស់សរសៃឈាមការ៉ាទីតផងដែរ។
ក្រុមអ្នកស្រាវជ្រាវនេះក៏បានរកឃើញផងដែរថា ទំនាក់ទំនងជាមួយការក្រិនសរសៃឈាមគឺ មានតែចំពោះបាក់តេរីដែលបង្កជំងឺអញ្ចាញធ្មេញប៉ុណ្ណោះ ហើយមិនទាក់ទងដល់បាក់តេរីផ្សេងទៀត នៅក្នុងមាត់ទេ។
អ្នកស្រាវជ្រាវពន្យល់ថា បាក់តេរីនេះបម្លាស់ទីតាមខ្លួនយើង តាមរន្ធឈាម ហើយភ្ញោចដល់ប្រព័ន្ធការពារខ្លួន ដោយបង្កឱ្យមានការរលាក ដែលនាំឱ្យមានការកំណកឈាមតាម សរសៃ។ គេក៏ធ្លាប់និយាយផងដែរអំពីទំនាក់ទំនងរវាងសុខភាពធ្មេញនិងសុខភាពសរសៃឈាម។
វេជ្ជបណ្ឌិត Moise Des Varieus ដែលដឹកនាំការស្រាវជ្រាវនេះបាននិយាយថា នេះគឺជាភស្ដុតាងផ្ទាល់បំផុត ដែលមិនធ្លាប់មាន ដែលថាជំងឺអញ្ចាញធ្មេញអាចនាំឱ្យគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ឬក៏ជំងឺបេះដូង និងសរសៃឈាម។ គាត់បាននិយាយបន្ថែមទៀតថា ដោយសារជំងឺអញ្ចាញធ្មេញអាចបង្ការនិងព្យាបាល បាន។ ដូចនេះ ការថែទាំសុខភាពមាត់អាចមានឥទ្ធិពលដ៏សំខាន់ទៅលើសុខភាពបេះដូងនិងសរសៃឈាម។
លោកស្រី Judy O’sullivan អ្នកនាំពាក្យវេជ្ជសាស្ដ្រនៃមូលនិធិបេះដូងអង់គ្លេស បាននិយាយថា យើងស្វាគមន៍ចំពោះការសិក្សាស្រាវជ្រាវនេះ ហើយយើងជំរុញឱ្យប្រជាជនរស់នៅដោយគិតគូរដល់ បញ្ហាសុខភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់នាំឱ្យមានជំងឺបេះដូង។ ប្រជាជនត្រូវថែរក្សាសុខភាពមាត់ និងអញ្ចាញធ្មេញ ព្រមទាំងកុំជក់បារី ហើយហាត់ប្រាណឱ្យបានជាប់លាប់និងបរិភោគអាហារឱ្យបាន ត្រឹមត្រូវ៕