Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​២០១៧ ការនាំចេញ​របស់​កម្ពុ​ជា នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​ដល់ ១១.១៥៣​លាន​ដុល្លារ​

​រតនគិរី​៖ កាល​ពី​ក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​របស់​កម្ពុ​ជា នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​ដល់ ១១.១៥៣​លាន​ដុល្លារ​អាមេរិក គឺ​ស្មើនឹង​ជាង​១៨​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៦ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ ៩.៤២១​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ការនាំ​ចេញ​តាម​រយៈ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី (D) ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ ៦៦​ភាគរយ គឺ​ពី​ទឹកប្រាក់ ៧២៨​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៦ រហូតដល់ ១.២១៤​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧​។​

​ដើម្បី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការផ្តល់សេវា​សាធារណៈ នៅ​ថ្នាក់ក្រោម​ជាតិ និង​ជួយ​សម្រួល​ប្រជាកសិករ និង​ពាណិជ្ជករ ក្នុង​ការនាំ​ចេញ​កសិផល​តាម​ច្រកព្រំដែន នៃ​តំបន់​ភូមិភាគ​ឦសាន ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី ១​ខ្នង របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី ដំណាលគ្នា​ជាមួយ​ការធ្វើប្រតិភូកម្ម សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់​ឌី (D) ថែម​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី និង​បាន​ចាត់ទុក​ទុក​ព្រឹត្តិការណ៍​ថ្ងៃនេះ គឺជា​ភស្តុតាង​ថ្មី​មួយទៀត ដែល​បញ្ជាក់​ពី​ការបេ្តជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការបន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា អគារ​រដ្ឋបាល​ថ្មី​ដែល​មាន​សាលប្រជុំ​ធំ និង​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ នឹង​ផ្តល់​កម្លាំងចិត្ត​ដល់​មន្ត្រី ក្នុង​ការបំពេញ​ការងា​រ​កាន់តែ​សកម្ម​ជាង​មុន ដើម្បី​បង្ខិត​សេវាសាធារណៈ ឲ្យបាន​ដល់​ប្រជាពលរដ្ឋ ហើយ​ការ​រ​ធ្វើ​ប្រតិភូកម្ម​សិទ្ធិ​ចេញ CO ទម្រង់ D នឹង​ជួយ​កាត់បន្ថយ​បាតុភាព​អសកម្ម​ផ្សេងៗ ដែល​រាំងស្ទះ​ដល់​ការនាំ​ចេញ​កសិផល​ជាយថាហេតុ និង​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ទន្ទឹមគ្នានេះ លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ នូវ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​អំពាវនាវ​ដល់​ផលិត​ករ និង​ពាណិជ្ជករ មក​ទទួលយក​សេវា CO ទម្រង់​ឌី (D) នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី ដើម្បី​សន្សំ​ថវិកា និង​ពេលវេលា ក្នុង​ការនាំ​ចេញ​កសិផល​ទៅកាន់​ប្រទេស​វៀតណាម និង​ឡាវ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​លោក ថង សាវុន បានចាត់ទុក​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជកម្ម​នេះ គឺជា​មោទនភាព និង​សមិទ្ធផល​ដ៏​មាន​សារសំខាន់ ដែល​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ហេដ្ឋារចនាសម្ព័ន្ធ របស់​ខេត្ត​រតនគិរី ដំណាលគ្នា​នឹង​វិស័យ​ផ្សេងៗ​ទៀត ដែល​កំពុងតែ​បោះជំហាន ឆ្ពោះ​ទៅ​មុខជា​លំដាប់​។ លើសពីនេះ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ ដល់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ CO ទម្រង់​ឌី (D) ជូន​មន្ទីរ​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ឯកជន នៅក្នុង​ខេត្ត​រតនគិរី ឲ្យ​កាន់តែ​ភាព​ប្រកួតប្រជែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×