ភ្នំពេញ ៖ ការលើកកម្ពស់ការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរដ្ឋបាលគយ និងសហគមន៍ធុរកិច្ចក្នុងក្របខ័ណ្ឌ នៃការអនុវត្តកម្មវិធីយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម ២០១៤-២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំបើកសិក្ខាសាលា លើកកម្ពស់ការយល់ដឹង ស្តីពីយន្តការសវនកម្ម ក្រោយពេលបញ្ចេញពីគយ (PCA) នៅភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ ។
ក្នុងពិធីបើកអង្គសិក្ខាសាលា លោក នួន ច័ន្ទរិទ្ធ បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាព និងទស្សនទាន នៃការអនុវត្តគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើមូលដ្ឋានសំខាន់មួយចំនួន មានជាអាទិ៍ ការធ្វើស្វ័យប្រវត្តិកម្មគយ ការលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់ ការកាត់បន្ថយការយឺតយ៉ាវក្នុងការបំពេញបែបបទគយ និងការកាត់បន្ថយរបាំងពន្ធ និងមិនមែនពន្ធនានាឲ្យអស់លទ្ធភាព។
លោកបានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរដ្ឋបាលគយ និងសហគមន៍ធុរកិច្ចក្នុងក្របខ័ណ្ឌ នៃការអនុវត្តកម្មវិធីយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម ២០១៤-២០១៨ បានផ្ដល់ផ្លែផ្កាជាបន្តបន្ទាប់លើកិច្ចការគយ ដូចជា ការងារកំណត់តម្លៃគិតពន្ធគយ ការងារគ្រប់គ្រងហានិភ័យគយ និងការងារសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។ វឌ្ឍនភាពទាំងនេះ កំពុងក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមចំណែក លើកកម្ពស់អនុលោមភាពច្បាប់ ជាពិសេសវប្បធម៌ពន្ធដារក្នុងសង្គមកម្ពុជា ដើម្បីធានាបរិស្ថានធុរកិច្ចសមធម៌មួយ ដែលជាផ្នែកមិនអាចខ្វះបានក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព នៃការទាក់ទាញវិនិយោគ និងសមត្ថភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា។ ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យនាមាត់ច្រកព្រំដែន មកបំពេញបន្ថែមតាមរយៈយន្តការ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ អាចសម្រេចបាននូវគោលបំណងពីរព្រមគ្នា ក្នុងការរក្សាតុល្យភាព រវាងការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម និងការធានាបាននូវអនុលោមភាពច្បាប់។
លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថា ស្ថិតក្រោមប្រព័ន្ធសវនកម្មគយនេះ រដ្ឋបាលគយមានសិទ្ធិអំណាច ក្នុងការត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធ នឹងពាណិជ្ជកម្មរបស់ធុរជន អនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ ធុរជននានា មានកាតព្វកិច្ចរក្សាឯកសារពាក់ព័ន្ធនឹងការនាំចេញ-នាំចូល របស់ខ្លួនរយៈពេល ១០ឆ្នាំ សម្រាប់បង្ហាញ និងផ្តល់ជូនមន្ដ្រីសវនករគយពិនិត្យ៕ ដោយ៖បញ្ញាស័ក្តិ