ភ្នំពេញ៖ ពាក់ព័ន្ធនឹងប្រាក់ខែ របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន៥៥រូប ដែលប្រឆាំងមួយនេះ នឹងត្រូវរំលាយ នាថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ត្រូវបានលោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ បានថ្លែងប្រាប់អ្នកកាសែតថា ករណីនេះ នៅពេលបក្សប្រឆាំងត្រូវរំលាយ ប្រាក់ខែក៏ត្រូវរំលាយដូចគ្នា មិនអាចបើកជូន ដល់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទៀតទេ។ លោកឡេង ប៉េងឡុង បានថ្លែងបែបនេះ ក្រោយពេលប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកអ្នកនាំពាក្យ បាននបញ្ជាក់បន្ថែមថា “រឿងប្រាក់ខែ របស់គណសង្គ្រោះជាតិ ត្រូវបានកាត់ផ្តាច់ហើយ ពីព្រោះ បក្សរលាយហើយ អត់មានប្រសិទ្ធភាព អត់មានសុពលភាព អត់មានគុណសម្បត្តិ អត់មានតំណាងរាស្ត្រីអីទៀតទេ ។ អីចឹងហើយ ត្រូវលុបឈ្មោះ ចេញពីបញ្ជីឈ្មោះក្នុងរដ្ឋសភា ហើយបើកាលណាលុបឈ្មោះហើយ អត់មានប្រាក់ខែអីទៀតទេ ។ ចំណែកឯកទីប្រឹក្សា ជំនួយការ របស់គណបក្សប្រឆាំងទាំងអស់ ក៏ត្រូវលុបចោលទាំងអស់ផងដែរ”។
ពាក់ព័ន្ធនឹងឯកសារផ្លូវច្បាប់ នៃការលុបប្រាក់ខែ តំណាងរាស្ត្រ ជំនួយការ ទីប្រឹក្សា របស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោកអ្នកនាំពាក្យ អះអាងថា នៅពេលនេះរដ្ឋសភា មិនទាន់គិតគូរនៅឡើយទេ ពីព្រោះច្បាប់ មិនទាន់ចេញ រហូតដល់ក្រោយថ្ងៃទី១៦ វិច្ឆិកា ២០១៧ ចូលមកដល់សិន។ ដូច្នេះយើង មិនអាចអនុវត្តន៍ មុនច្បាប់ម៉េចនឹងកើត បានន័យថា ច្បាប់ចេញមកហើយ ទើបយើងអនុវត្តន៍បាន ។
លោក បន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ទេរការចុះឈ្មោះរបស់តំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាឆ្នាំ២០១៨ មកឲ្យរដ្ឋសភា ជារៀបចំការចុះឈ្មោះបោះឆ្នោត ហើយមកដល់ពេលនេះ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ហើយតាមច្បាប់ តំណាងរាស្ត្រទាំងអស់ ជាអង្គបោះឆ្នោត ជាអ្នកបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ហើយរដ្ឋសភា បានធ្វើបញ្ជីឈ្មោះ និងអញ្ជើញពួកគាត់ មកចុះឈ្មោះ ដោយមានតំណាងរាស្ត្រភាគច្រើន មិនបានអញ្ជើញមកចុះឈ្មោះ ហើយតំណាងរាស្ត្រមួយចំនួន មិនបានមកដោយផ្ទាល់ទេ ប៉ុន្តែបានចាត់ឲ្យតំណាងមកចុះឈ្មោះជំនួស និងខ្លះទៀត ក៏មិនបានមកដែរ ប៉ុន្តែអ្នកតំណាងរាស្ត្រ នៅតែរក្សាឈ្មោះ ជាអង្គបោះឆ្នោតដដែល លើកលែងតែគណបក្សមួយហ្នឹងត្រូវរលាយ ហើយសិទ្ធិបោះឆ្នោត របស់ពួកគាត់ ក៏រលាយដោយឯកឯង ។ លោក បញ្ជាក់ថា ក្នុងករណីនេះ មិនមែនរដ្ឋសភាជាអ្នកសម្រេចទេ គឺថានៅពេលគណបក្សនោះរលាយ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិនិត្យឃើញថា អត់មានអ្វីទាំងអស់ ហើយត្រូវលុបឈ្មោះ និងដកសិទ្ធិចោលទាំងអស់ ប៉ុន្តែក្នុងដំណាក់កាលនេះ ច្បាប់មិនទាន់ចេញ គឺឈ្មោះពួកគាត់ នៅដដែលនៅឡើយ ហើយកាលពីច្បាប់ចេញមកថា គណបក្សណាមួយ ត្រូវរលាយហើយ ពេលនោះ គ.ជ.ប ជាអ្នកសម្រេចថា ឲ្យអ្នកហ្នឹងត្រូវបោះឆ្នោតឲ្យទៀតឬអត់ ឬក៏ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ? លោកឡេង ប៉េងឡុង បញ្ជាក់ឡើងវិញថា “ប្រសិនគណបក្សមួយ រលាយហើយ គឺគណបក្សនោះ អត់មានគុណសម្បត្តិ អត់មានអ្វីៗទាំងអស់ ហើយជាពិសេសនោះ ដូចជា អ្នកដែលមានតួនាទី ជាគណៈកម្មការនាយក ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយថែមទៀតផង ។ អីចឹងបានន័យថា រដ្ឋសភា បានធ្វើការងាររបស់ខ្លួនហើយ និងបានបញ្ជូនឈ្មោះទៅព្រឹទ្ធសភាហើយ ព្រោះក្នុងដំណាក់កាលពេលនេះ តំណាងរាស្ត្រទាំងអស់ នៅមានសិទ្ធិ ប៉ុន្តែដល់ពេលមានការរលាយគណបក្សទៀត គេនឹងធ្វើតាមហ្នឹងទៀត។
ជាមួយការនឹង តំណាងរាស្ត្រ ជំនួយការ និងទីប្រឹក្សា ដែលធ្វើការនៅក្នុងរដ្ឋសភា ដែលទទួលបានប្រាក់ខែ ពីរដ្ឋសភានោះ ត្រូវបានលោកឡេង ប៉េងឡុង បញ្ជាក់យ៉ាងខ្លីថា “រឿងនេះ មានសេចក្តីសម្រេច មានរចនាសម្ព័ន្ធពាក់ព័ន្ធប្រាក់ខែច្រើនណាស់ខ្ញុំមិនអាចនិយាយប្រាប់ជូនបានទេ ប៉ុន្តែ គឺប្រាក់ខែបើកជូនធម្មតា បើនៅធ្វើការ ប្រាក់ខែបើកជូនធម្មតា ហើយក្នុងពេលដែល លុបឈ្មោះចេញហើយ ទើបបានកាត់ប្រាក់ខែ” ៕ ដោយ៖បញ្ញាស័ក្តិ