កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានចែករំលែកព័ត៌មានជាមួយនឹងឃ្លីបមួយ ដែលថតពីខណៈពេលដែលអ្នកបើកបរ និងជំនួយការឡានក្រុង នៅលើផ្លូវលេខ 22A (ប្រទេសវៀតណាម) ជួយនារីអ្នកដំណើរម្នាក់ ដែលត្រូវបានចោរលួចទូរស័ព្ទ។
យោងតាមព័ត៌មានដែលបានចែករំលែក អ្នកបើកបរឡានក្រុង លោក Tran Thai Tuan នៅពេលគាត់ដឹងថា នារីម្នាក់បានឡើងលើឡានក្រុងនៅចំណុចឆ្លងកាត់ Long Bien ត្រូវបានចោរលួចទូរស័ព្ទរបស់នាង ភ្លាមៗនោះ គាត់ក៏បានប្រាប់ជំនួយការរបស់គាត់ លោក Nguyen Van Tung ដែលបានលោតចុះយ៉ាងលឿន ដេញចាប់ចោរឆក់ យកទូរស័ព្ទមកប្រគល់ជូននាងវិញ។
ឆ្លើយតបនឹងអ្នកសារព័ត៌មាន លោក Tran Thai Tuan អ្នកបើកបរឡានក្រុង បាននិយាយថា នៅវេលាកើតហេតុ គាត់សង្កេតឃើញមានមនុស្ស៣នាក់ បានឈរអែបទ្វារខាងមុខរថយន្ត ប៉ុន្តែ គាត់មានការសង្ស័យ ព្រោះពួកគេឈរនៅមាត់ទ្វារមិនព្រមឡើងរថយន្ត។
លោក Tuan បាននិយាយថា បន្ទាប់ពីមានភ្ញៀវ ២ នាក់ ឡើងចូលឡានភ្លាម គាត់បានសួរគ្រប់គ្នាថា តើមានអ្នកណាបាត់របស់ទេ ហើយនៅពេលនោះ នារីម្នាក់បានប្រាប់ថា នាងបាត់ទូរស័ព្ទ។ ភ្លាមនោះៗ គាត់បានប្រាប់ជំនួយការឱ្យដេញតាមជនសង្ស័យ យកទូរស័ព្ទឱ្យនារីរងគ្រោះវិញ ដែលបន្ទាប់មក នាងក៏បានអរគុណដល់លោក Tuan និងជំនួយការរបស់គាត់យ៉ាងខ្លាំង។
លោក Ngo Van Hung នាយកសហគ្រាសរថយន្តក្រុង Cau Buu បានឲ្យដឹងថា អង្គភាពបានដឹងពីករណីនេះ បន្ទាប់ពីអតិថិជនបានថ្លែងអំណរគុណដល់អ្នកបើកបរ និងជំនួយការរឡានក្រុង។
លោក Hung បាននិយាយថា «ករណីនេះបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ហើយនៅពេលដឹងអំពីហេតុការណ៍នេះ ពួកយើងបានសរសើរ និងផ្តល់រង្វាន់ដល់អ្នកបើកបររថយន្តក្រុង និងជំនួយការ ក្នុងម្នាក់ៗចំនួន 500,000 ដុង ដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់យើង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ព័ត៌មានភ្ជាប់ជាមួយឃ្លីបខាងលើ ត្រូវបានគេចែករំលែកយ៉ាងឆាប់រហ័ស ទាក់ទាញមតិមហាជនជាច្រើន សម្តែងការសរសើរ នូវទង្វើដ៏ល្អរបស់អ្នកបើកបរ និងជំនួយការរថយន្តក្រុងទាំងពីរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




