ប្រិយមិត្តបាន និងមហាជន បានស្គាល់រួចហើយ ពីឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេស បានប្រៀបប្រដូចរូបលោកទៅនឹង តុលាការមុខដែក (ប៉ាវចិន) នោះក៏ដោយសារតែលោក គឺជាមន្រ្តីថ្នាក់ដឹកនាំខេត្តដ៏គំរូ ដែលតែងចេញមុខដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋថ្នាក់មូលដ្ឋាន ប្រកបដោយភាពជោគជ័យ។
ពិតណាស់ ជារឿយៗ គេតែងសង្កេតឃើញ បុរសសម្ដីផ្អែម មុខមាំ ម៉ឺងម៉ាត់ ទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួន ម៉ៅ ធនិន បានដោះស្រាយបញ្ចប់ករណីវិវាទជាច្រើនរាប់មិនអស់ ដែលភាគច្រើនគឺជារឿងក្តីក្នុងគ្រួសារ ដូចជាទំនាស់ដីសមូហភាព ឬដីសហគមន៍ ជាដើម។ ហើយតាមរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបែបនេះ បានធ្វើឲ្យលោក ម៉ៅ ធនិន ទទួលបានការសាទរ និងគោរពស្រលាញ់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។
ដោយឡែក ថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន បានទទួលការស្វាមគន៍ ជាមួយក្តីរំភើបយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋនៅក្នុខេត្តកំពត ខណៈរូបលោកបានចូលរួមក្នុងមង្គលការគូស្នេហ៍វ័យក្មេងមួយគូ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ បេះដូងកំពត បានបង្ហោះវីដេអូ រៀបរាប់យ៉ាងដូច្នេះថា «ក្រុមគ្រួសារ និងកូនកំលោះ កូនក្រមុំ ថាថ្ងៃនេះមានសំណាងខ្លាំងណាស់ ដែលបានឯកឧត្តម ម៉ៅ ធនិន ចូលរួមក្នុងថ្ងៃមង្គលរបស់គាត់។ ឯកឧត្តម ចូលរួមថ្ងៃមង្គលការរបស់ប្រជាពលរដ្ឋ ក្នុងឃុំដងទង់ ក្រោយពីជួបសំណេះសំណាលជាមួយពលរដ្ឋចំនួនពីរឃុំ ក្នុងស្រុកដងទង់ ខេត្តកំពត»។
តែអ្វីដែលពិសេសនោះ គឺក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចងដៃដល់ក្មួយប្រុសក្មួយស្រីជាកូនកំលោះកូនក្រមុំ ចំនួន 200$ និងជួយចេញថ្លៃភ្លេងចំនួន 300$ ផងដែរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីមង្គលរំភើបសប្បាយចិត្តយ៉ាងខ្លាំងតែម្តង។
ក្រោយពីបានឃើញលោកចៅហ្វាយខេត្តកំពត បានផ្តល់ភាពកក់ក្តៅបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកខេត្តដទៃ បានបញ្ចេញអារម្មណ៍ពិតមួយនេះថា៖ «នេះហើយថ្នាក់ដឹកនាំដែលសមនឹងទទួលបានការគោរពអំពីប្រជាពលរដ្ឋ យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ចុះជួយដោះស្រាយរាល់គ្រប់បញ្ហារបស់ពលរដ្ឋ ចាត់ទុកប្រជាជនដូចជាកូនជាចៅ ពិតជាថ្នាក់ដឹកនាំដែលប្រកបទៅដោយព្រហ្មវិហាធម៌ នឹង គុណធម៌ របស់ប្រជាជនមែន សូមគោរពជូនពរលោកពូអភិបាលទទួលបាននូវសុខភាពល្អ, គ្មានអភិបាលខេត្តណាស្មើចង្កេះលោកបណ្ឌិត ម៉ៅ ធនិន ទេ ខ្ញុំសូមគោរពលោកពីចម្ងាយ ខេត្តខ្ញុំវិញមិនដែលឃើញមុខ សូម្បីតែចៅហ្វាយស្រុក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















