Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ពន្យល់​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា អំពី​ការចុះបញ្ជី​ម៉ាក​នៅ​កម្ពុជា​

​​ភ្នំពេញ​ ៖ ដើម្បី​រួមចំណែក​ពង្រឹង​ការអនុវត្ត​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា (Smart Axiata) ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត អំពី​ច្បាប់​ស្តី​ពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​លក្ខខណ្ឌ​តម្រូវ​មួយចំនួន ដើម្បី​ទទួលបាន​ការចុះបញ្ជី​ម៉ាក និង​ការការពារ​ស្របច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការពន្យល់​របស់​លោក រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ថូ​ម៉ាស ហ៊ុន (Thomas HUNDT) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​របស់​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា ខូ​អិល​ធី​ឌី និង​ការចុះបញ្ជី​ជា​ម៉ាក​ល្បី​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​លោក ថូ​ម៉ាស ហ៊ុន អំពី​ភាពខុសគ្នា​រវាង​ម៉ាក និង​ពាក្យ​ទូទៅ ព្រមទាំង​លក្ខខណ្ឌ​ចាំបាច់​នៃ​ការជ្រើសរើស​ម៉ាក ដើម្បី​ចុះបញ្ជី​ការពារ​។ លោក រដ្ឋមន្ត្រី បាន​ស្នើ​ដល់​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា សហការ​ជាមួយ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បំពេញ​លក្ខខណ្ឌ​ទៅតាម​ច្បាប់​ស្តីពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​ជា​ផ្នែក​មួយ​នៃ​វិស័យ​កម្មសិទ្ធិបញ្ញា​។​

​លើសពីនេះ លោក រដ្ឋមន្ត្រី ក៏​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​បន្ត​គាំទ្រ​វិស័យ​ឯកជន និង​ការលើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់ លោក​ថូ​ម៉ាស ហ៊ុន ដែល​បាន​វិនិយោគ និង​ធ្វើ​សកម្មភាព​សង្គម​ជាច្រើន ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក ថូ​ម៉ាស ហ៊ុន បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​បកស្រាយ​ពី​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ សម្រាប់​ការចុះបញ្ជី​ម៉ាក នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​ប្រតិបត្តិ​រូបនេះ ក៏​បាន​សន្យា​រៀបចំ​សំណើ​សុំ​ចុះបញ្ជី​ម៉ាក​របស់​ក្រុមហ៊ុន​ឡើងវិញ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា និង​អនុវត្តន៍​ទៅតាម​ច្បាប់​ដែល​បានកំណត់​។​

​សូមបញ្ជាក់​ថា «​ម៉ាក​» សំដៅលើ​ឈ្មោះ ឬ​និម្មិត​សញ្ញា​ដែល​អាច​មើលឃើញ សម្រាប់​សម្គាល់​ទំនិញ ឬ​សេវា​របស់​សហគ្រាស​មួយ ឲ្យ​ខុស​ពី​ទំនិញ ឬ​សេវា​របស់​សហគ្រាស​មួយទៀត​។ ការប្រើប្រាស់​ម៉ាក នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​គោរព​តាម​ច្បាប់​ស្តី​ពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​រដ្ឋសភា​បាន​អនុម័ត និង​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០០១ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៧ នីតិកាល ទី​២៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×