រឿងរ៉ាវរបស់នាង Nining Sunarsih អាយុ ៥២ឆ្នាំ កំពុងកក្រើកមជ្ឈដ្ឋានព័ត៌មានឥណ្ឌូណេស៊ី ក្រោយពេលរលកកួចយកនាងទៅ ស្រាប់តែពេលជាង ១ឆ្នាំកន្លះក្រោយមក នាងត្រូវបានរលកវាយឡើងច្រាំង ដោយស្លៀកសម្លៀកបំពាក់ដដែល ។
នាង Nining Sunarsih ត្រូវលកកួចយកទៅតាំងពីជាងមួយឆ្នាំកន្លះមុន
ជាងមួយឆ្នាំកន្លះមុន នាង Nining កំពុងទៅសម្រាកលំហែរនៅ Sukabumi ភាគខាងលិច Java ស្រាប់តែរលកធំមួយនៅឆ្នេរសមុទ្រ Citepus គួចយកទៅបាត់ សាក្សីនៅកន្លែងកើតហេតុនិយាយថា ពួកគេបានឮសម្រែកខ្លាំងៗ និងកាយវិការប្រឹងរើបម្រះ ប៉ុន្តែអ្នកណាៗក៏ភាំងស្មារតី ហើយតក់ស្លុតយ៉ាងខ្លាំង ពុំហ៊ានលោតចុះសមុទ្រដែលកំពុងមានរលកធំៗ ។ បុគ្គលិកសង្គ្រោះបានមកដល់មិនយូរប៉ុន្មានក្រោយមក តែក៏ពុំអាចស្វែងរកនាងឃើញ ។
១សប្តាហ៍ក្រោយ គេឃើញសាកសពមួយនៅលើឆ្នេរសមុទ្រ ក៏បានហៅក្រុមគ្រួសារនាងមកទទួលយក ។ ប៉ុន្តែទោះបីសាកសពនោះមានសភាពហើមរលួយខ្លាំងក៏ដោយ ប៉ុន្តែអ្នកផ្ទះរបស់នាងប្រាកដក្នុងចិត្តថា នោះពុំមែនជា Nining ទេ ដោយពុំឃើញមានសម្លាកនៅពោះ ហើយម្រាមដៃក៏ខុសប្លែកគ្នាទាំងស្រុង ។
ចុងក្រោយរដ្ឋអំណាចមូលដ្ឋានក៏បានយកគំរូ DNA ដើម្បីប្រៀបធៀបជាមួយកូនប្រុសរបស់ Nining ។ លទ្ធផលសាកសពនេះពិតជាពុំមែននាងមែន ហើយការរុករកជនរងគ្រោះ ក៏មានលទ្ធផល ចុងក្រោយរដ្ឋអំណាចបានប្រកាសថា នាងបានស្លាប់ ។ ចំណែកគ្រួសារនាងវិញជឿជាក់ក្នុងចិត្តថា នាងនៅមានជីវិត ។
ជាងមួយឆ្នាំកន្លះក្រោយមក គឺនៅវេលាប៉ុន្មានថ្ងៃមុននេះ ពូបង្កើតរបស់ Nining និយាយថា នាងបានមកពន្យល់សប្តិ ហើយចង្អុលប្រាប់ឲ្យចេញទៅឆ្នេរសមុទ្រ Palabuhanratu រកនាង ។ ឆ្នេរសមុទ្រនោះនៅពុំឆ្ងាយប៉ុន្មានពីកន្លែងដែលនាងត្រូវបានរលកកួចយកទៅកាលពីជាងមួយឆ្នាំកន្លះមុន ។ ពួកគេបានទៅរកនាងនៅកន្លែងដែលយល់សប្តិឃើញ ក្នុងរយៈពេល ៤-៥ ថ្ងៃផ្ទួនៗគ្នា ប៉ុន្តែរកពុំឃើញសោះ ។ ទើបតែវេលាម៉ោង ៤ព្រឹកថ្ងៃអាទិត្យកន្លងមក ពួកគេបានប្រទះឃើញនាងសន្លប់លើឆ្នេរសមុទ្រ ហើយខ្លួនប្រាណប្រឡាក់ទៅដោយខ្សាច់ ។ នាងស្លៀកខោខ្មៅ និងពាក់អាវក្រៅវែងផ្កាពណ៌លឿង ដែលវាជាសម្លៀកបំពាក់នាងស្លៀកកាលពីនាងជួបឧប្បដិហេតុកាលពីមួយឆ្នាំកន្លះមុននេះ ។ ក្រុមគ្រួសារនាំនាងមកងូតទឹកសម្អាតឲ្យនាង ។ ប៉ុន្តែរាងកាយនាងទន់ខ្សោយពេក ពួកគេក៏បញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាម ក្រុមគ្រូពេទ្យប្រាប់ថាជាទូទៅបញ្ហាសុខភាពនាងពុំមានអ្វីទេ តែប៉ុន្មានថ្ងៃទៀតនឹងប្រក្រតីវិញហើយ ។
មកទល់ពេលមិនទាន់មាននរណាដឹងច្បាស់លាស់អំពីរឿងរ៉ាវដ៏ចម្លែករបស់ Nining ទេ ប៉ុន្តែចំពោះគ្រួសារនាងវិញ បានចាត់ទុកថា វាជារឿងដ៏សក្តិសិទ្ធមួយ ហើយយ៉ាងណាក្តីអ្វីដែលសំខាន់ចំពោះពួកគេគឺនាងនៅមានជីវិត ៕ ចន្ទ្រា