ម្ចាស់ហាងមួយបានបញ្ចេញវីដេអូឃ្លីបពីកាមេរ៉ាឃ្លាំមើលក្នុងហាងរបស់ខ្លួន ដែលបង្ហាញឲ្យឃើញពីខណៈពេលដ៏គួរឲ្យភ្ញាក់ផ្អើល ដែលចោរស្ត្រីម្នាក់បានធ្លាក់ចុះពីពិដានហាង ។
មនុស្សពីរនាក់នៅក្នុងប្រទេសកាណាដា បានព្យាយាមយ៉ាងខ្លាំង ដើម្បីគេចពីការចាប់ខ្លួនរបស់ប៉ូលីស បន្ទាប់ពីពួកគេបានព្យាយាមប្រើ «កាតឥណទានដែលលួចបាន» ដើម្បីទិញសូដា១កំប៉ុង ក្នុងតម្លៃ ១.៣៩ ដុល្លារ ពីហាងមួយកន្លែង ស្ថិតក្នុងទីក្រុង Edmonton ។
ប៉ូលីស RCMP ត្រូវបានគេហៅទៅកានហាងមួយ នៅវេលាម៉ោង ១ និង ២០ នាទីរសៀល នៅពេលដែលបុរសម្នាក់ និងស្ត្រីម្នាក់ កំពុងព្យាយាមប្រើប័ណ្ណឥណទានលួច នៅហាង Reddi-Mart ស្ថិតក្នុង Spruce Grove ។
នៅពេលមន្ត្រីម្នាក់បានព្យាយាមចាប់ខ្លួនចោរប្រុសស្រីទាំងពីរ ពួកគេក៏បានធ្វើសកម្មភាពតបត និងរឹងទទឹងការចាប់ខ្លួនរបស់ប៉ូលីស ។
ខណៈពេលដែលមន្ត្រីបានព្យាយាមគ្រប់គ្រងវាយខ្នោះចោរបុរស នៅពេលនោះ ចោរស្ត្រីបានរត់ទៅកាន់ផ្នែកខាងក្រោយហាង និងព្យាយាមរត់គេចខ្លួន ។
ស្ត្រីរូបនេះបានតោងឡើងលើជណ្ដើរមួយនៅបន្ទប់ក្រោយ ។ បន្ទាប់មក នាងក៏ព្យាយាមលាក់ខ្លួនពីប៉ូលីសនៅក្នុងចន្លោះពិដាន ។
ប៉ូលីសបាននិយាយថា «នៅពេលដែលសមាជិកនៃកងកម្លាំងសមត្ថកិច្ច RCMP បានទៅដល់កន្លែងកើតហេតុកាន់តែច្រើន ស្រាប់តែស្ត្រីនោះបានធ្លាក់ពីពិដាន និងទៅទង្គិចនឹងធ្នើរដាក់តាំងទំនិញនៅក្នុងហាងនេះ ។
ទោះយ៉ាងណា ស្ត្រីរូបនេះបានងើបឡើងយ៉ាងលឿន និងព្យាយាមរត់ចេញពីក្នុងហាង មុនពេលដែលក្រុមមន្ត្រីបានប្រឈមមុខនឹងនាង ដោយភ្ជង់កាំភ្លើង និងបញ្ជាឱ្យក្រាបចុះលើដី ។
បុរសម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Richard Pariseau អាយុ ២៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទល្មើស ១១ ករណី ក្នុងនោះរួមមានការប្រើប័ណ្ណឥណទានលួចឆក់, រឹងទទឹងការចាប់ខ្លួន, តដៃជាមួយប៉ូលីស និងកាន់កាប់ទ្រព្យសម្បត្តិដែលលួចបាន ។
ចំណែកស្ត្រីឈ្មោះ Brittany Burke អាយុ ២៩ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបង្កឧបសគ្គដល់មន្ត្រីប៉ូលីស, មិនគោរពតាមទង្វើខ្លួនប្រព្រឹត្ត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ៕ ឧត្តម