ស្ត្រីជនជាតិចិនម្នាក់ប្រកាសថា “មិនចង់ឃើញមុខក្មេងនេះទេ” រួចទម្លាក់ចៅបង្កើតរបស់ខ្លួនទៅលើចិញ្ចើមថ្នល់ធ្វើឲ្យទារករងរបួស ជាំសាច់ ។
ទារកត្រូវបានអ្នកដំណើរបីដាក់ចូលក្នុងកន្សែង រួចកាន់ឆ័ត្របាំង ក្រោយពេលយាយបង្កើតរបស់វាគ្រវាត់ចោល ។
ក្មេងស្រីជំទង់អាយុ ១៥ឆ្នាំម្នាក់ នៅខេត្ត Jiangsu ដែលទៅរៀននៅសាលាមានចម្ងាយពីផ្ទះ ៤០០គីឡូម៉ែត្រ ហើយទើបនឹងវិលត្រឡប់មកសួរសុខទុក្ខគ្រួសារ ស្រាប់តែនាងធ្លាក់ឈាម ហើយឈឺពោះយ៉ាងខ្លាំង ឃើញដូច្នេះ ម្តាយក្មេងស្រីរូបនេះ បានបញ្ជូនទៅកាន់មន្ទីរពេទ Taixing ប៉ុន្តែទៅមិនទាន់ដល់មន្ទីរពេទ្យផងក្មេងស្រីនេះក៏បានសម្រាលកូននៅលើចិញ្ចើមថ្នល់តែម្តង ។ បច្ចុប្បន្នគេពុំដឹងថា ក្មេងជំទង់រូបនេះគ្មានដឹងថាខ្លួនកំពុងមានគភ៌ដែរឬទេ ។
ជំនួសឲ្យការស្វាគមន៍ឲ្យចៅបង្កើតចាប់កំណើតនោះ ស្ត្រីជាជីដូនឈ្មោះ Lin បែរជាបីទារកឡើង រួចបោះយ៉ាងខ្លាំងទៅគល់ឈើក្បែរនោះ ធ្វើឲ្យទារករងរបួសជាំពេញខ្លួន ។ អ្នកដំណើរនៅជិតនោះបានស្ទុះមកជួយ ហើយបីទារកដាក់ទៅក្នុងកន្សែង ហើយយកឆ័ត្របាំងកុំឲ្យវាត្រូវទឹកភ្លៀង ។ ពួកគេក៏ទូន្មានអ្នកស្រី Lin ឲ្យមានក្តីអាណិតអាសូរដល់ចៅរបស់ខ្លួនផង ។
ក្រោយមកទារកនេះ ត្រូវបានគិលានុប្បដ្ឋាយិកាម្នាក់ចៃដន្យដើរកាត់ទីនេះ ក៏បីវាយកចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ។ ក្នុងពេលជាមួយគ្នានោះដែរ នាងជាម្តាយវ័យជំទង់ ក៏ត្រូវបានវេជ្ជបណ្ឌិតជួយសំអាត ហើយក៏មានសុខភាពធម្មតា ។
ប៉ូលិស Taixing បាននិយាយប្រាប់អ្នកស្រី Lin ដែលត្រូវជាយាយថា ការដែលគាត់បោះចោលទារកបែបនេះ គឺជាឧក្រិដ្ឋកម្មមួយ ហើយនឹងត្រូវទទួលទណ្ឌកម្ម ។
ពេលនោះ ទើបស្ត្រីចំណាស់រូបនេះនិយាយថា ខ្លួននឹងរៀបចំផែនការ ហើយដោះស្រាយគ្រប់រឿងរ៉ាវ ក្រោយពេលកូនស្រីចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ៕ ចន្ទ្រា