អតីតមន្ត្រីអាមេរិកម្នាក់ បានសន្និដ្ឋានថា ការដែល ៦០ថ្ងៃ កន្លងមក កូរ៉េខាងជើងពុំសាកល្បងអាវុធ គឺពុំមែនមហិច្ឆិតានុយក្លេអ៊ែររបស់ប្រទេសនេះថយចុះនោះទេ តែវាជាខណៈពេលដែលកងទ័ពប្រទេសនេះ កំពុងឆ្លងកាត់រយៈពេលហ្វឹកហាត់រដូវរងារ។គិតតាំងពីមេដឹកនាំ Kim Jong-il លាចាកលោកនៅឆ្នាំ ២០១១មក កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចតែ៥ ក្នុងចំណោមកាំជ្រួចទាំងអស់ ៨៥ នៅអំឡុងចន្លោះពេលពីខែតុលាដល់ខែធ្នូ រៀងរាល់ឆ្នាំំប៉ុណ្ណោះ។ នេះជាតួលេខដែល Bloom berg ដកស្រង់តួលេខពីមជ្ឈមណ្ឌល James Martis ជំនាញស្រាវជ្រាវពីកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
លោក Van Jackson អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រចំណុះសកលវិទ្យាល័យ Victoria, Wellington (New Zealand) ហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកកន្លងមកឲ្យដឹងថា កងទ័ពកូរ៉េខាងជើងតែងរៀបចំការហ្វឹកហ្វឺនយោធាពេលចូលរដូវរងា។
លោកបន្តថា ៖ “រដូវស្លឹកឈើជ្រុះ ជារដូវប្រមូលផល ហេតុនេះកងទ័ពច្រើនប្រមូលផ្តុំ កម្លាំងពលកម្មធ្វើការងារកសិកម្មគ្រាពុំស្ថិតក្នុងស្ថានការណ៍មានសង្គ្រាម។ វាជារបៀបការងារមួយពុំមានប្រសិទ្ធភាព តែជាចរិតនៃប្រព័ន្ធរបស់កូរ៉េខាងជើង”។ ប៉ុន្តែតាមលោកនោះក្រុងព្យុងយ៉ាងអាចនឹងបន្តសកម្មភាពបង្កជម្លោះនៅដើមឆ្នាំក្រោយ។
លោក Joseph Yun មន្ត្រីជាន់ខ្ពស់អាមេរិក ពីបញ្ហាកូរ៉េខាងជើងថ្លែងប្រាប់ Wasington Post ថា ប្រសិនបើកូរ៉េខាងជើងផ្អាកសកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរដល់ទៅ ៦០ថ្ងៃ នោះអាចជាសញ្ញាដែលក្រុងវ៉ាស៊ីនតោនត្រូវភ្ជាប់ទំនាក់ទំនង ហើយចរចាជាមួយកូរ៉េខាងជើង។
តាម Yonhap នៅថ្ងៃទី១៣/១១ ឲ្យដឹងថា កងទ័ពកូរ៉េខាងជើងស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជាស្រេច សំដៅបង្ការគ្រោះគំរាមកំហែងពីក្រុងព្យុងយ៉ាង ដែលអាចកើតមានគ្រប់ពេល។ នេះក៏ជាស្វ័យការពារចំពោះមុខសកម្មភាពហ្វឹកហ្វឺនអូសបន្លាយរបស់ប្រទេសនេះ ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ៕ សូយន