មួយក្នុងចំណោមរឿងចុងក្រោយបង្អស់ ដែលយើងម្នាក់ៗចូលចិត្តធ្វើមុនពេលចូលគេង គឺការប្រើប្រាស់ទូរស័ព្ទដៃ ។ ពិតមែនហើយ ការសម្រាកដើម្បីធ្វើរឿងនេះ មុនពេលអ្នកគេង នោះវាពិតជាសកម្មភាពដ៏អាក្រក់ខ្លាំងណាស់ សម្រាប់រាងកាយរបស់អ្នក ជាពិសេសប្រសិនបើអ្នក «ដេកផ្អៀង» ។
ក្មេងស្រីអាយុ ១៦ ឆ្នាំ មកពី Kaohsiung តៃវ៉ាន់ បានជួបបទពិសោធន៍ឈឺចុកចាប់ខ្នងដ៏ធ្ងន់ធ្ងរ ដែលបានជំរុញឲ្យម្តាយរបស់នាង ត្រូវនាំយកនាងទៅកាន់មន្ទីរពេទ្យ ។ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យវះកាត់ឆ្អឹង, នោះការពិនិត្យជំងឺតាមរយៈកាំរស្មី X-ray ត្រូវបានធ្វើឡើង ហើយលទ្ធផលពិតជាគួរឲ្យតក់ស្លុតសម្រាប់ក្មេងស្រីនោះ និងម្តាយរបស់នាង ។ នេះបើតាមសេចក្តីរាយការណ៍របស់ TVBS ។
ជាក់ស្តែង ផ្នែកខាងឆ្វេងនៃឆ្អឹងខ្នងរបស់នាង បានកោងយ៉ាងខ្លាំងរហូតដល់ ៥០ ដឺក្រេ ។ វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ភាពកោងខ្លាំងនេះ គឺដោយសារទម្លាប់របស់នាងតែងដេកផ្អៀងទៅស្តាំនៅលើគ្រែ និងលេងជាមួយទូរស័ព្ទដៃរបស់នាង ។ វេជ្ជបណ្ឌិតនិយាយថា រឿងនោះបានដាក់សម្ពាធបន្ថែមទៀត ទៅលើផ្នែកខាងស្តាំរបស់នាង ជាពិសេសនៅលើឆ្អឹងកងទ្រូង និងឆ្អឹងកងចង្កេះរបស់នាង ។
វេជ្ជបណ្ឌិតបានពន្យល់ថា ក្មេងស្រីរងគ្រោះនោះកម្រធ្វើលំហាត់ប្រាណផងដែរ ហេតុដូច្នេះ សាច់ដុំស្នូលរបស់នាង មិនរឹងមាំគ្រប់គ្រាន់ទេ ដើម្បីទ្រទ្រង់រាងកាយរបស់នាង ក្នុងរយៈពេលយូរមួយនោះ ។ ពិតមែនហើយ រឿងនេះមិនគ្រាន់តែជាបញ្ហាតែមួយគត់ ដែលវេជ្ជបណ្ឌិតបានជួបប្រទះនោះទេ ដោយលោកបាននិយាយថា មានករណីអ្នកជំងឺរបស់លោកបានរងការឈឺចាប់ពីការកោងឆ្អឹងខ្នង ៣៨ ដឺក្រេ ផងដែរ ។
ករណីនេះបានកើតឡើង ព្រោះអ្នកជំងឺរបស់គាត់ តែងឈ្ងូកមើលច្រើន ទៅលើទូរស័ព្ទដៃរបស់ពួកគេ ហើយគាត់បានណែនាំអ្នកដទៃ ឲ្យតែងតែធានាឲ្យបានថាទីតាំងរបស់ពួកគេគឺត្រឹមត្រូវ នៅពេលណាក៏ដោយដែលពួកគេកំពុងប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ៕ ចន្ទី