ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានរិះគន់ចំពោះចំពោះចំណាត់ការ របស់រដ្ឋបាលខេត្តនេះ ដែលកន្លងមកបានអនុញ្ញាតឲ្យបុគ្គលមានអំណាច និងមានទ្រព្យ មានងារជាឧកញ៉ា អាចធ្វើសកម្មភាពល្មើសច្បាប់ដឹកដីចាក់រំលោភយកដីចំណីមាត់បឹង អូរ មាត់សមុទ្រ ដីភ្នំ និងដីចំណីមាត់ព្រែកធម្មជាតិជាដើម រំលោភយកធ្វើសកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ដោយគ្មានការហាមឃាត់។
ពលរដ្ឋកត់សម្គាល់ថា ជាបន្តបន្ទាប់មកនេះឃើញមានកម្មភាព របស់បុគ្គលមានអំណាច និងឧកញ៉ាមានទ្រព្យ បានបន្តដឹកដីចាក់រំលោភយកដីឆ្នេរ ចំណីបឹង អូរ ព្រែកធម្មជាតិ និងកាយដីភ្នំជាដើម នៅតាមទីតាំងមួយចំនួននាមូលដ្ឋានខេត្តព្រះសីហនុបានកើតមានអនាធិបតេយ្យ និងមិនសូវឃើញមានអាជ្ញាធរចុះហាមឃាត់ទេ។ប៉ុន្តែបើចំពោះប្រជាពលរដ្ឋក្រីក្រ គ្មានខ្នងបង្អែក ដែលតស៊ូមតិការពារដីធ្លីរបស់ខ្លួនធ្លាប់រស់នៅយូរឆ្នាំ ដែលត្រូវអ្នកមានទ្រព្យ និងឧកញ៉ាមួយចំនួនឃុបឃិតជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនលួចធ្វើប្លង់រំលោភយកយកទាំងអយុត្តិធ៌ម បែរជាត្រូវបានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមានកងរាជអាវុធហត្ថជាដើម បញ្ជូនកម្លាំងចុះចាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងដាក់ជាប់គុកច្រវ៉ាជាបន្តបន្ទាប់ ទៅតាមបណ្តឹង របស់បុគ្គលមានអំណាច និងអ្នកមានទ្រព្យមានងារជាឧកញ៉ាជាដើម មានសកម្មភាពយ៉ាងឆាប់រហ័យបំផុត។
យ៉ាងនេះក្តីប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញការកោតសរសើរ ចំពោះសកម្មភាព របស់ លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ ដែលកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនមន្ត្រីជំនាញចុះទប់ស្កាត់សកម្មភាព របស់បុគ្គលមានទ្រព្យ និងឧកញ៉ាឈ្មួញដី ដែលបានដឹកដីចាក់លុបព្រែកធម្មជាតិមួយកន្លែងធ្វើសកម្មសិទ្ធិ មានទីតាំងនៅក្បែរវត្តអូរត្រេះ ស្ថិតក្នុងគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពលរដ្ឋអះអាងថា ភាពអនាធិបតេយ្យ របស់បុគ្គលឈ្មួញដី និងឧកញ៉ាមួយក្រុមនាខេត្តព្រះសីហនុ ដែលមាន ឈ្មោះកាន់កាប់ដីស្ទើរគ្រប់តំបន់នាមូលដ្ឋានខេត្តព្រះសីហនុ គឺកន្លងមកនេះបានធ្វើព្យុះធ្វើភ្លៀង ដោយមានការឃុបឃិតជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឈានទៅចេញប្លង់កម្មសិទ្ធិ កាន់កាប់ដីសាធារណៈរបស់រដ្ឋមានដូចជា៖ ដីចំណីមាត់បឹងធម្មជាតិ- អូរធម្មជាតិ- ព្រែកធម្មជាតិ។ ដីចំណីឆ្នេរសមុទ្រ និងដីភ្នំជាដើម ដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាធ្ងន់ធ្ងរ ប៉ុន្តែជនទាំងនោះ មិនដែលត្រូវបានតុលាការផ្តន្ទាទោសនោះទេ។
ជាក់ស្តែងពលរដ្ឋបានលើកជាឧទាហរណ៍ថា មានដូចជាសកម្មភាពដឹកដីចាក់រំលោភយកដីចំណីព្រែកធម្មជាតិចំនួន៤០ម៉ែត្រ និងរំលោភយកដីចំណីផ្លូវសាធារណៈធ្វើកម្មសិទ្ធិឯកជន របស់ឈ្មួញដី និងឧកញ៉ាឈ្មួញដីមួយក្រុម ដែលកំពុងធ្វើសកម្មភាព ដឹកដីចាក់រំលោភយកព្រែកធម្មជាតិ នៅក្បែរវត្តអូរត្រេះ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាតឹកតាងស្រាប់។
ករណីខាងលើនេះ លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ មានប្រសាសន៍ថា បទល្មើសដឹកដីចាក់លុបព្រែកខាងលើនេះ ផ្តើមដោយបុគ្គលមួយក្រុមនៅជិតវត្តអូរត្រេះ គឺលោកបានឲ្យក្រុមការងារចុះឃាត់សកម្មភាពដឹកដីចាក់លុបព្រែកធម្មជាតិ និងផ្អាករាល់សកម្មភាពសាងសង់សំណង់ផ្សេងៗជាបណ្តោះអាសន្ន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសាទរ ចំពោះចំណាត់ការ របស់ លោក យឹម សំអូន អភិបាលរងស្រុកព្រៃនប់ ដែលបានចុះផ្អាកសកម្មភាពចាក់ដីលុបព្រែកធម្មជាតិ ផ្តើមដោយក្រុមឧកញ៉ា និងក្រុមអ្នកមានលុយមួយក្រុម រស់នៅខេត្តព្រះសីហនុ ដែលអ្នកយកព័ត៌មានគេហទំព័រ cen.com.kh ស្នើសុំលាក់ឈ្មោះជាបណ្តោះអាសន្នសិន។ ប៉ុន្តែនៅក្នុងចំណោមបុគ្គលឈ្មួញដីមួយក្រុមខាងលើ គឺមានបុគ្គលខ្លះក៏កំពុងបំរើការងារនៅក្នុងស្ថាប័នសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងមានមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កំពុងបំរើការងារនៅក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានចូលដៃចូលជើងជាមួយក្រុមឈ្មួញដឹកដីចាក់លុបព្រែកធម្មជាតិ នៅជិតវត្តអូរត្រេះខាងលើនេះផងដែរ។
ទាក់ទិនការចោទប្រកាន់ខាងលើ ក្រុមឈ្មួញដី និងឧកញ៉ាមានទ្រព្យមួយក្រុម បានប្រលយប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនប្រចាំខេត្តព្រះសីហនុថា ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការដឹកដីចាក់លុបព្រែកធម្មជាតិ នៅក្បែរវត្តអូរត្រេះ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហើយថា បរិវេណដីចំណីអូរធម្មជាតិ ដែលពួកគេដឹកដីចាក់លុបពង្រាបដីឲ្យរាបស្មើទាំងនោះ គឺពួកគេមានប្លង់កម្មសិទ្ធិ ទទួលស្គាល់ពីស្ថាប័នជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុថែមទៀតផង។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ- លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាដើម ឲ្យជួយមានវិធានការទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ុងរំលោភយកដីសាធារណៈ របស់រដ្ឋមានដូចជា៖ ព្រែក អូរ បឹង ភ្នំ និងដីចំណីឆ្នេរសមុទ្រជាដើម នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋឲ្យបានគង់វង្សនាថ្ងៃអនាគត។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ជាបន្តបន្ទាប់មកនេះ មូលដ្ឋានខេត្តព្រះសីហនុ គឺបុគ្គលមានអំណាច ឈ្មួញមានទ្រព្យ និងក្រុមឧកញ៉ាឈ្មួញដីមួយចំនួន បានដើរធ្វើព្យុះធ្វើភ្លៀងអនាធិបតេយ្យ ដោយមានការឃុបឃិតពីមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបានចូលដៃចូលជើង ជាថ្នូរទទួលបានប្រយោជន៍ផ្សេងៗពីឈ្មួញដីទាំងនោះ។ ជាងនេះទៀត កន្លងមកនេះ ក៏ឃើញមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ បានចេញប្លង់កម្មសិទ្ធិជូនបុគ្គលឈ្មួញដី ឬបុគ្គលមានអំណាចមួយចំនួន ប៉ះពាល់ នៅលើដីព្រៃកោងកាងជាជម្រកត្រីបន្តពូជ ដីចំណីមាត់ព្រែក-អូរ-បឹង-ឆ្នេរសមុទ្រ និងប៉ះបាល់ដីភ្នំជាដើម ប៉ុន្តែមិនឃើញជនទាំងនោះត្រូវបានអាជ្ញាធរ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសម្តងណាទេ ហើយពួកគេបានបន្តរបររកស៊ី ដោយឃុបឃិតរំលោភយកដីសាធារណៈ របស់រដ្ឋ មកធ្វើកម្មសិទ្ធិ និងលក់ដូរបន្តបានដោយរលូនរហូតមកដល់សព្វថ្ងៃនេះ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរំពឹងថា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នឹង មានវិធានការផ្លូវច្បាប់ទៅលើបុគ្គលទាំងនោះជាក់ជាពុំខាន ដើម្បីលុបបំបាត់ពាក្យនិយាយតៗគ្នាមកថា អាជ្ញាធរអនុវត្តន៍បានទៅលើតែរាស្ត្រទន់ខ្សោយ រីឯអ្នកមានលុយ មានអំណាច និងឧកញ៉ា មានទ្រព្យវិញ គឺអាជ្ញាធរមិនហ៊ានក្អកជាមួយពួកគេទេ ដោយទុកបណ្តោយឲ្យជនមួយក្រុមតូចនោះ អាចធ្វើសកម្មភាពឃុបឃិតល្មើសច្បាប់រំលោភយកដីសាធារណៈ របស់រដ្ឋ ឬធនធានធម្មជាតិ ដែលនៅសេសល់នាមូលដ្ឋានតាមទំនើងចិត្តពួកគេ។ ប៉ុន្តែបើចំពោះពលរដ្ឋក្រីក្រវិញ គឺនៅពេលមានបណ្តឹងពីមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងបណ្តឹងពីឧកញ៉ាវិញ គឺអាជ្ញាធរបានបញ្ជូនកម្លាំងប្រដាប់អាវុធយ៉ាងឆាប់រហ័ស ចុះចាប់ពលរដ្ឋដាក់ខ្នោះ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសដាក់គុកច្រវ៉ាក់ភ្លាមៗ ដូចជាករណីពលរដ្ឋមានទំនាស់ដីធ្លី នៅសហគម៍អូរខ្សាច់ចំនួន៤នាក់ មានតំណាងឈ្មោះ អ្នកស្រី ឡុច ទូច បានតស៊ូមតិការពារដីធ្លី របស់ខ្លួនធ្លាប់រស់នៅយូរឆ្នាំ ដែលពួកគាត់អះអាងថា ត្រូវឧកញ៉ាមានទ្រព្យឃុបឃិតលួចធ្វើប្លង់រំលោភយក ទាំងអយុត្តិធ៌មវិញ គឺត្រូវអាជ្ញាធរ ឬសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនកម្លាំងចុះបង្ក្រាប និងចាប់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ និងត្រូវបានសាលាដំបូងចេញដីកាសម្រេច ឃុំខ្លួនដាក់ក្នុងពន្ធនាគារបណ្តោះអាសន្នរហូតមកដល់ពេលនេះ។
បន្ថែមលើនេះ ក៏មានពលរដ្ឋក្រីក្រជាច្រើននាក់ទៀត ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បញ្ជូនកម្លាំងចាប់ដាក់គុកច្រវ៉ាក់ជាបន្តបន្ទាប់ ដូចជាករណីអតីតចៅសង្កាត់លេខ១ ឈ្មោះ អ៊ុក ចេត្តនី និងឪពុកក្មេក របស់លោក ក៏ត្រូវសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធចាប់បញ្ជូនទៅកាន់តុលាការ និងត្រូវបញ្ជូនខ្លួនដាក់ពន្ធនាគារ ដោយចោទចូលទៅទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់។ ប៉ុន្តែសម្រាប់បុគ្គលមានអំណាច និងឧកញ៉ាមានទ្រព្យ ដែលទៅទន្ទ្រានកាប់ព្រៃនៅតំបន់ក្បាលឆាយ និងបានពុះច្រៀកជាឡូៗលក់ដូរបន្តយ៉ាងអនាធិបតេយ្យជាបន្តបន្ទាប់មកនេះ គឺមិនត្រូវបានអាជ្ញាធរស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចេញមុខចុះចាប់ខ្លួន ឬកសាងសំណុំរឿងបញ្ជូនជនល្មើសទាំងនោះ បញ្ជូនកាន់តុលាការផ្តន្ទាទោសឲ្យដូចគ្នា ករណីរបស់ប្រជាពលរដ្ឋក្រីក្រគ្មានខ្នងបង្អែកម្តងណាទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋក្រីក្រមួយចំនួនរស់នៅខេត្តព្រះសីហនុ បានបង្ហាញមានដូចជា៖ ករណីបទល្មើសចូលទៅទន្ទ្រានកាប់ព្រៃឈើក្នុងបរិវេណដីតំបន់ក្បាលឆាយ ឬអនុក្រឹត្យលេខ៧៦ ជាតឹកតាងស្រាប់ គឺត្រូវបានមន្ត្រីមានអំណាចកំពុងធ្វើការងារ នៅក្នុងស្ថាប័នទាំងកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នក្រុមប្រឹក្សាខេត្តព្រះសីហនុជាដើម គឺមិនត្រូវបានផ្តន្ទាទោសនោះទេ ហើយរហូតមកដល់ពេលនេះ ដីព្រៃឈើនៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយត្រូវរលាយហិនហោចស្ទើរទាំងស្រុង។ ហើយថា ការរលាយហិនហោចនេះ គឺមួយផ្នែកត្រូវបំផ្លាញដោយប្រជាពលរដ្ឋរានយកដីធ្វើលំនៅឋានរស់នៅ និងមួយផ្នែកទៀត គឺមានមន្ត្រីមានអំណាច ជាអ្នកនៅពីក្រោយបទល្មើសបានជួលកម្មករ ឬពលរដ្ឋក្រីក្រ ឲ្យចូលទៅកាប់រានព្រៃនោះយកមកធ្វើកម្មសិទ្ធិ និងពុះច្រៀកលក់យ៉ាងអនាធិបតេយ្យ ប៉ុន្តែជនទាំងនោះ មិនត្រូវបានផ្តន្ទាទោសនោះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយមានវិធានការទប់ស្កាត់ពីភាពអនាធិបតេយ្យ នៃបទល្មើសរំលោភយកទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ដែលត្រូវបានបុគ្គលមានអំណាច ឈ្មួញដីមានងារជាឧកញ៉ា និងអ្នកមានទ្រព្យមួយចំនួន បានឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិជាបន្តបន្ទាប់មកនេះ ឲ្យបានឆាប់ និងឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅការពារធនធានធម្មជាតិ ដែលនៅសេសសល់នាខេត្តព្រះសីហនុ ឲ្យបានគង់វង្សដោយអនុគ្រោះ៕ ដោយ ៖ ដែនសីមា