មនុស្សសរុបចំនួន ៦៨ នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែកគ្នា២ ទៅលើក្រុមគ្រឿងញៀន និងសិចជាក្រុម នៅក្នុងទីក្រុងគូឡាឡាំពួ កាលពីសប្តាហ៍មុន ។
មេប៉ូលីសគូឡាឡាំពួ លោក Mazlan Lazim និយាយកាលពីថ្ងៃច័ន្ទ (៩ កក្កដា) ថា ប៉ូលីសបានចាប់ខ្លួនមនុស្ស ១៥ នាក់ ក្នុងនោះបុរស ៩ នាក់ និងស្ត្រី៥នាក់ ដែលមានអាយុ ១៩ ទៅ ៤៤ ឆ្នាំ នៅក្នុងអំឡុងប្រតិបត្តិការឆ្មក់ចូលលើកដំបូង កាលពីចុងយប់ថ្ងៃអង្គារ ស្ថិតនៅខុនដូ១កន្លែង នៅ Jalan Ceylon ។
ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន គឺបុរស៤នាក់ ដែលជាជនជាតិថៃ និងស្ត្រី២នាក់ជាជនជាតិឥណ្ឌូនេស៊ី ខណៈដែលអ្នកផ្សេងៗទៀត គឺជាពលរដ្ឋក្នុងតំបន់ជាជនជាតិម៉ាឡេស៊ី ។
លោក Lazim បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្នុងអំឡុងឆ្មក់ចូល ជនសង្ស័យទាំងអស់ កំពុងកំពុងប្រើប្រាស់គ្រឿងញៀន ហើយតាមរយៈការឆែកឆរ ប៉ូលីសបានរកឃើញថ្នាំ Erimin 5 ចំនួន ៤ពាន់គ្រាប់ និងថ្នាំអេស្កាស៊ីសចំនួន ១៩ គ្រាប់» ។
ប៉ូលីសក៏បានធ្វើការឆ្មកចូលទីតាំងផ្សេងទៀត នៅយប់ថ្ងៃសុក្រ នៅខុនដូ១កន្លែងក្នុង Jalan Ampang ចាប់ខ្លួនមនុស្ស ៥៣ នាក់ មានអាយុចន្លោះពី ១៤ ទៅ ២៩ ឆ្នាំ ។
ប៉ូលីសនិយាយថា៖ «ក្នុងអំឡុងពេលនៃប្រតិបត្តិការឆ្មក់ចូល កម្លាំងយើងបានរកឃើញបុរស ៦ នាក់ និងស្ត្រី ៣ នាក់ កំពុងស្ថិតក្នុងបន្ទប់ទី១ ខណៈបុរស ២៣ នាក់ និងស្ត្រី ២១ នាក់ កំពុងនៅក្នុងបន្ទប់ទី២ ដែលត្រូវបានជឿថា កំពុងមានសកម្មភាពផ្លូវភេទនឹងគ្នា» ។
លោក Lazim និយាយថា៖ «ក្មេងប្រុសអាយុ ១៤ ឆ្នាំ ដែលត្រូវបានឃុំខ្លួន គឺជាជនជាតិឥណ្ឌូនេស៊ី ហើយសមត្ថកិច្ចក៏បានរឹបអូសថ្នាំអេស្កាស៊ីផងដែរ ។ បន្ទាប់មក មនុស្សទាំងអស់នេះដែលត្រូវបានចាប់ខ្លួន ត្រូវបានធ្វើតេស្តថ្នាំញៀន» ។
លោកក៏បានបន្ថែមថា មានក្រុមអង្គការចាត់តាំងដើម្បីប្រយោជន៍រួមមួយ បានបង្ហោះសកម្មភាពទាក់ទងសិច និងគ្រឿងញៀនរបស់ក្មេងៗវ័យជំទង់ៗ និងផ្សព្វផ្សាយសកម្មភាពទាំងនោះ នៅលើ WeChat ដែលជាកម្មវិធីផ្ញើសារមួយ ។
ពួកគេបានប្រើវិធីនេះ ព្រោះថា ក្មេងៗវ័យជំទង់ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងមជ្ឈមណ្ឌលកម្សាន្ត ដូច្នេះ ពួកគេបានជួលខុនដូមួយ និងរៀបចំកម្មវិធីបែបនេះ ហើយក្មេងជំទង់ៗដែលចង់ចូលរួម នឹងត្រូវបានគិតលុយពី ២៥ ទៅ ៥០ ដុល្លារ ក្នុងម្នាក់ៗ ។
ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស៊ើបអង្កេតបន្ថែម ។ ហើយប៉ូលីសក៏នឹងធ្វើកំណត់ហេតុពីម្ចាស់ម្ចាស់ខុនដូទាំងនោះផងដែរ ៕ ឧត្តម