វីដេអូមួយដែលទទួលបានការចាប់អារម្មណ៍ និងត្រូវបានចែករំលែកគ្នាមើលព្រោងព្រាត នៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញកូនក្រមុំឥណ្ឌាម្នាក់ បានទះកំភ្លៀងភ្ញៀវខាងខ្លួនឯង១ដៃឡើងហ៊ឹងស្លឹកត្រចៀកតែម្តង បន្ទាប់ពីបុរសនោះបានព្យាយាមលើកនាង ដោយគ្មានការយល់ព្រមពីនាង នៅក្នុងអំឡុងពេល «បំពាក់កំរងផ្កាឲ្យគ្នាទៅវិញទៅមក» របស់ពួកគេ ។
វីដេអូនេះបានបង្ហាញគូស្វាមីភរិយាថ្មីថ្មោងនេះ រៀបចំខ្លួនរួចជាស្រេច ដើម្បីដោះដូរ «កំរងផ្កា» ឲ្យគ្នាម្នាក់ម្តង ស្ថិតនៅលើឆាករោងការ និងនៅពេលនោះ កូនកំលោះត្រូវបានមិត្តភក្តិរបស់គាត់ជួយលើក ខណៈភ្ញៀវដទៃទៀត ចូលរួមអបអរសាទរ និងនាំគ្នាថតរូបភាព ក្នុងនោះបុរសម្នាក់ត្រូវរងការចោទប្រកាន់ ។
ខណៈពេលកូនក្រមុំកំពុងព្យាយាមខិតទៅកៀកនឹងស្វាមីរបស់នាង ស្រាប់តែបុរសម្នាក់បានដាក់ទូរស័ព្ទចុះ និងស្ទុះចូលទៅបានចាប់លើកនាង ដើម្បីឲ្យនាងបានបំពាក់កំរងផ្កាជូនកំលោះ មានភាពងាយស្រួល ។
ប៉ុន្តែ អ្វីៗពុំបានដូចចិត្តប្រាថ្នា ព្រោះថា បន្ទាប់ពីដាក់ចុះភ្លាមៗនោះ កូនក្រមុំដែលពុំពេញចិត្តនឹងទង្វើនេះ បានទះកំភ្លៀងបុរសនោះ១ដៃយ៉ាងពេញទំហឹងតែម្តង ។
កូនក្រមុំនោះ បន្ទាប់មកបានចោទប្រកាន់បុរសនោះថា បានប៉ុនប៉ងប៉ះខ្លួនប្រាណនាងមិនសមរម្យ ស្ថិតក្រោមរូបភាព «លេស» ជួយលើកនាងទៅខិតជិតនឹងកូនកំលោះរបស់នាងបែបនេះ ។
ស្ថិតការណ៍តានតឹងបន្ទាប់ ពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង ព្រោះថា បុរសដែលរងភាពអាម៉ាស់នេះ បន្ទាប់ត្រូវ១កំភ្លៀងពីកូនក្រមុំ ស្រាប់តែគាត់ផ្ទុះកំហឹងដើរទៅទះកំភ្លៀងស្ត្រីម្នាក់ដែលនៅពីមុខខ្លួន ដោយពុំដឹងអីសោះ ដែលស្រ្តីនោះត្រូវបានគេជឿថាជាប្រពន្ធរបស់គាត់ ៕ ចន្ទី